ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥ បានប្តេជ្ញាថា ឯកឧត្តម នឹងពង្រឹងបន្តអនុវត្តគោលនយោបាយកសិកម្ម ដែលមានជំហានៗ ទៅដល់សាធារណជន នៅទូទាំងប្រទេសឲ្យទទួលបានលទ្ធផលជាផ្លែផ្កាក្នុងពេលខាងមុខនេះ។
ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើង ក្នុងសិក្ខាសាលាដាក់ឲ្យប្រើប្រាស់ គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ឧសភានេះ ដោយមានការសហការជាមួយ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ( USAID) ដើម្បីបន្តគោលនយោបាយផ្សព្វផ្សាយកសិកម្មដែលមានជំហ៊ានៗ ទៅដល់សាធារណជន នៅទូទាំងប្រទេស។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកថាវិស័យកសិកម្មនៅតែមានតួនាទីសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ចនៅជនបទ។
នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឆន្ទៈ និងបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្ម និងអំពាវនាវក្នុងស្មារតីលើកទឹកចិត្ត ដល់អ្នកផ្ដល់សេវាផ្សព្វផ្សាយកនសិកម្មទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ កសិករក៏ដូចជា សហគមន៍កសិករ ចូលរួមទាំងអស់គ្នា និងជួយគាំទ្រការអនុវត្តន៍ គោលនយោបាយផ្សព្វផ្សាយកសិកម្មនេះ។
គោលនយោបាយផ្សព្វផ្សាយកសិកម្ម ធ្វើឡើងក្នុងគោលបំណងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងរួមចំណែកសម្រេចគោលដៅនៃកំណែទម្រង់ ដើម្បីចីរភាព នៃការអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ” ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម កសិកម្ម និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់កសិករ និងសហគមន៍ កសិករ យើងចាំបាច់ត្រូវពង្រីកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ដែលអាចធានាការផ្ទេរ និងចែករំលែកចំណេះដឹង ព័ត៌មាន និងបច្ចេកវិទ្យា ដោយការតភ្ជាប់ទំនាក់ទំនងរវាងកសិករ និងសហគមន៍កសិករ ទៅនឹងទីផ្សារផលិតផល និងតួអង្គផ្សេងៗនៅក្នុងខ្សែចង្វាក់តម្លៃ ដោយត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ និងការតភ្ជាប់រវាងជនបទ និងទីប្រជុំជន”៕
អត្ថបទ៖ សុភាព