យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥ ស្តីពីកិច្ចប្រជុំបច្ចេកទេសលើកទី ២៤ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor)នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី ២៤ របស់ខ្លួន នៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ហ្សូហ្គាវា (Takahisa TSUGAWA) អនុប្រធានបេសកម្មនៃស្ថានទូតជប៉ុន និងលោក រ៉ូម៉ាំងលូវ៉េ (Romain LOUVET) ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។
របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី ២៤នេះ នឹងផ្តោតទៅលើ ចំណុច៣សំខាន់ៗ រួមមាន ១-ការតាមដានអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី ២៣ និងកិច្ចប្រជុំពេញអង្គលើកទី២១ គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ អំពីកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាព, ២-ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល និងទី ៣- គម្រោងថ្មីៗនៅរមណីយដ្ឋានអង្គរ៕
អត្ថបទ៖ សុភាព