Thursday, May 28, 2015

អគ្គិសនីកម្ពុជាប្រកាសថា មានបន្ទប់ជួល ចំនួន ៧៧០៣៥ ហើយ ត្រូវបានភ្ជាប់ចរន្ត អគ្គិសនី តំលៃ៦១០រៀល

គិតត្រឹមថ្ងៃទី​ ២៧​ ខែឧសភា​ ឆ្នាំ​ ២០១៥​ មាន​បន្ទប់ជួល​ សំរាប់​កម្មករ​ កម្មការិនី​ និង​និស្សិតជិត​៨ម៉ឺន​បន្ទប់​ហើយដែល​ត្រូវ​បាន​តភ្ជាប់​ចរន្តអគ្គិសនី​ក្នុងតំលៃ​៦១០រៀល
ហើយកិច្ចការ​តភ្ជាប់បណ្តាញ​អគ្គិសនី​ក្នុងតំលៃ​ទាបនេះ​និងគ្រោង​បញ្ចប់​នៅ​អំឡុងខែកក្កដា
ឆ្នាំ២០១៥ខាងមុខ​នេះ​។      
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អគ្គិសនី​កម្ពុជា​ ចុះថ្ងៃ​ទី២៨​ ខែឧសភា​ ឆ្នាំ​២០១៥នេះ​ បាន​ឲ្យ​ដឹង​ថាយុទ្ធនា​ការ​ចុះ​តភ្ជាប់​ចរន្ត​អគ្គិសនី​តំលៃ​៦១០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ សម្រាប់អ្នកប្រើក្រោម​៥០គីឡូវ៉ាត់​ក្នុង​មួយ​ខែ​ដែល​ជា​តំលៃ​អនុគ្រោះ​របស់រាជរដ្ឋាភិបាល
ផ្តល់ជូន​ដល់​កម្មករ​កម្មការិនី​និយោជិត​និង​និស្សិត​ដែល​ស្នាក់នៅ​ផ្ទះជួល​គឺ​សម្រេច​បានចំនួន​
៧៧.០៣៥បន្ទប់​ហើយ។​
ការ​តបណ្តាញ​អគ្គិសនី​និង​ដំឡើង​កុងទ័រ​ដល់​កន្លែង​ស្នាក់​នៅរបស់​កម្មករ​កម្មការិនី​ និងនិស្សិត​
ដែល​កំពុង​បន្ត​ការសិក្សា​និង​ស្នាក់នៅ​ផ្ទះជួល​ក្នុង​រាជធានី​ភ្នំពេញ​គឺបាន​ចាប់ផ្តើម​កាលពី
ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៥​។ យុទ្ធនា​ការ​តបណ្តាញ​អគ្គិសនី​ និង​ដំឡើង​ កុងទ័រ​ជូន​អ្នក​ជួល
​បន្ទប់និង​ជួលផ្ទះ​ ក្នុងជំហាន​ទី២​ កំពុង​ធ្វើឡើង​ក្នុង​ខណ្ឌ​សែនសុខ​ ព្រែកព្នៅ ​ពោធិ៍សែនជ័យ
​ចំការមន​ ច្បារ​អំពៅ​ ជ្រោយចង្វារ​ មានជ័យ​ និង​ ខណ្ឌ​ឬស្សីកែវ​។
តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​នេះ​បាន​បញ្ជាក់ថា​ការសម្រេច​បាន​នូវលទ្ធផល​នៃ​ការ​តភ្ជាប់​
បណ្តាញ​ក្នុង​រយៈកាល​កន្លង​ទៅនេះ​ ក៏ដោយ​សារតែ​មានការ​ចូល​រួមយ៉ាង​ផុសផុល​ពីសំណាក់​
ម្ចាស់​ផ្ទះជួល​ដែលបាន​ផ្តល់ការ​សហការ​យ៉ាងល្អ​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​កងកម្លាំង​
ប្រដាប់​អាវុធ​គ្រប់ជាន់​ថ្នាក់​ ដែល​បានផ្តល់​ការគាំទ្រ​ និសហការ​ពេញលេញ​។ អគ្គិសនី​កម្ពុជា​ នឹង​បន្ត​ការងារ​នេះយ៉ាង​សស្រាក់​សស្រាំ​ រហូត​ដល់​យុទ្ធនា​ការត្រូវ​បានបញ្ចប់​ទាំងស្រុង​៕


អត្ថបទ៖ សុភាព