Thursday, May 28, 2015

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអញ្ជើញមន្ត្រីរាជការ ចួលរួមក្នុងព្រះរាជពីធី ដង្ហែសញ្ញាបត្រ ព្រះរាជគោរមងារ កិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះមហាក្សត្រខ្មែរ

យោងតាម​លិខិតមួយ ​របស់គណៈ​កម្មាធិការជាតិ​ រៀបចំបុណ្យជាតិ​-អន្តរជាតិ ចុះថ្ងៃទី ២៦ ​ខែឧសភា​ ឆ្នាំ២០១៥ ​ដែលចុះហត្ថលេខា​ដោយ ​ឯកឧត្តម ឈិន កេតនា​ អនុប្រធានគណៈ​កម្មាធិការជាតិ ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​អនុប្រធានអចិន្ត្រៃយ៍​ និងជាអគ្គលេខា​ធិការនៃ ​គណៈកម្មាធិការជាតិ ​រៀបចំបុណ្យជាតិ-អន្តរជាតិ​ ដែលបានផ្ញើរជូនទៅ​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ បានឲ្យដឹងថា ​យោងតាមស្មារតី​អង្គប្រជុំអន្តរក្រសួង ​ថ្ងៃទី ២៦ ​ខែឧសភា ​ឆ្នាំ២០១៥ ​នៅអគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-​អន្តរជាតិ​ គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​សូមអញ្ជើញមន្រ្តី​រាជការ ​ចូលរួមក្នុងព្រះរាជ​ពិធីដង្ហែសញ្ញាបត្រ​ ព្រះរាជគោរមងារកិត្តិយល​ ព្រះស្រីលោក​ធម្មិករាជ ថ្វាយព្រះករុណជាអម្ចាស់​ជីវិតលើត្បូង ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធី​ដង្ហែសញ្ញាបត្រ ​ព្រះរាជគោរមអារកិត្តិយស ​ព្រះស្រីលោកធម្មិករាជ ថ្វាយព្រះ​ករុណាព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ​នឹងត្រូវប្រារព្ធព្រះរាជពិធី​ នៅថ្ងៃពុធ ទី៣ ខែមិថុនា ​ឆ្នាំ២០១៥ ​វេលាម៉ោង ​៦:០០នាទីព្រឹក។​ អាស្រ័យដូចបាន​គោរពជម្រាប​ជូនខាងលើ ​សូម ​ឯកឧត្តមរដ្ឋមន្រ្តី ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ មេត្តាអនុញ្ញាតចាត់​ឲ្យមន្រ្តីរាជការ​ក្រោមឱវាទចំនួន ​៥០នាក់ ​ចូលរួមក្នុងព្រះរាជ​ពិធីខាងលើ​ ដោយឈរអមសង​ខាងមហាវិថី​សម្តេចសុធារស ​ចាប់ពីនាគបាញ់ទឹក​ដល់មុខតុលាការកំពូល​ (រដ្ឋសភាចាស់)។
​លិខិតដដែល​ ក៏បានស្នើសុំឲ្យក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ចាត់តំណាងឲ្យមក​ទទួលយកស្លាក​សញ្ញាផ្សេងៗ ​នៅអគ្គលេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិ​ រៀបចំបុណ្យ​ជាតិ-អន្តរជាតិ ​ឲ្យបានមុនថ្ងៃទី០២​ ខែមិថុនា ​ឆ្នាំ២០១៥៕
អត្ថបទ៖ សុភាព