យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការដួលរលំដើមឈើ និងបាក់មែកឈើនៅតំបន់អង្គរ ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ មានភ្លៀង និងខ្យល់យ៉ាងខ្លាំងបក់បោកលើតំបន់អង្គរ ហើយបង្កឲ្យមានការដួលរលំដើមឈើចំនួន០៣ដើម និងមែកឈើចំនួន០២មែក នៅតាមទីតាំងមួយចំនួនដូចជាង ១-នៅចំណតរថយន្តមុខអង្គរខាងលិច ដួលរលំដើមត្នោត០១ដើម, ២-នៅតាមផ្លូវមុខអង្គរខាងលិចហួសវហាង Angkor Cafee បន្តិច បាក់មែកសង្កែ ០២មែក និង៣-នៅក្នុងវត្តព្រះអង្គកងជុំ ដួលរលំដើមឈើទាល ០១ដើម និងដើមម្កាត់ព្រៃ០១ដើម។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការបាក់រលំដើមឈើ និងមែកឈើខាងលើនេះ ពុំមានប៉ះពាល់បង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិរបស់វត្តឡើយ។ ឥឡូវនេះក្រុមការងារអង្កេត និងស្រាវជ្រាវដើមឈើមានហានិភ័យនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកាត់សម្អាត និងដឹកជញ្ជូនដើមឈើដែលអាចប្រើប្រាស់បាន យកទៅតម្កត់ទុកនៅឃ្លាំងឈើប្រាសាទតានៃ សម្រាប់បម្រើការផ្សេងៗតាមតម្រូវការចាំបាច់របស់អាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ សុភាព