ក្នុងជំនួបជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃដដែលនោះដែរ លោកប្រធានក្រុមហ៊ុន ALL NIPPON Airwaysមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនិងខិតខំប្រឹងប្រែងក្នុងការជំរុញឲ្យមានការហោះហើរឲ្យបានឆាប់បំផុត ទៅកាន់ប្រទេសកម្ពុជា។
លោកប្រធានក្រុមហ៊ុនមានប្រ សាសន៍បន្តថា ក្រុមហ៊ុនរបស់លោកមានក្រុមហ៊ុន៨០ជាសាខា និងមានក្រុមហ៊ុនមួយចំនួនទៀត ដែលមានការលក់សំបុត្រតម្លៃថោក ក្នុងការធ្វ់ដំណើរទៅកាន់ប្រទេសនានា ក្នុងតំបន់ តាមរយៈនេះរូបលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីចិត្ត ក្នុងជំរុញឲ្យមានការហោះហើរទៅកាន់ប្រទេសកម្ពុជាឲ្យបានឆាប់បំផុត នៅពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍គាំទ្រ ចំពោះការប្តេជ្ញាចិត្តក្នុងជំរុញឲ្យមាន ការហោះហើរត្រង់ពីជប៉ុនទៅកាន់ប្រទេសកម្ពុជា។ សម្តេចតេជោមានបប្រសាសន៍បន្តថា ជប៉ុនមានប្រជា ពលរដ្ឋជាង១០០លាននាក់ ប៉ុន្តែពេលនេះនៅមិនទាន់មានការហោះហើរដោយត្រង់ពីគ្នាទៅវិញទៅមកនៅឡើយ ផ្ទុយពីនេះប្រទេសកូរ៉េមានការហោះហើរ១១ជើងក្នុង១ថ្ងៃ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Toyota Tsusho ចូលជួបសំដែងការគួរសម។ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានទៅបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ពីក្រុមហ៊ុន TTK លក់រថយន្តនៅកម្ពុជា ឥឡូវបានបង្កើតទៅជាក្រុមហ៊ុន Toyota កម្ពុជា ដែលបានដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវ ហិរញ្ញប្បទានខ្នាតតូច នឹងពេលខាងមុខក្រុមហ៊ុនរបស់លោក នឹងពង្រីកសេវាធានារ៉ាប់រងដលើអតិថិជនផង ដែរ ពិសេសការកសាងកំពង់ផែននៅក្រុងព្រះសីហនុ រួមទាំងគំរោងជាច្រើនទៀតក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមហ៊ុន Toyota Tsusho នៅកម្ពុជា ដែលនោះគឺជាការរួមចំណែកដល់ការវិនិយោគនៅកម្ពុជា។
សម្តេចតេជោបន្តថា កម្ពុជាបានផ្តល់នូវ ឱកាសវិនិយោគជាច្រើនដល់អ្នកវិនិយោគទុនបរទេស ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន១០០% ដោយមិនចាំបាច់ពីដៃគូក្នុងស្រុក និងដោយមិនមានការកំណត់ទុន។
បន្ទាប់មកទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យលោក Hiroyuki Ishige ប្រធាននិងជានាយកប្រតិបត្តិនៃអង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសំដែងការគួរសម ។
ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីដែរនោះ លោក Hiroyuki Ishige ប្រធាននិងជានាយកប្រតិបត្តិនៃអង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) មានប្រសាសន៍ថា អង្គការរបស់ លោកមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ក្នុងរយៈពេលនេះអង្គការរបស់លោក បានរួមចំណែក ក្នុងការជួយជំរុញអ្នកវិនិយោគទុនជប៉ុន មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្នើឲ្យអង្គការ JETRO ជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពិសេសការជំរុញឲ្យមានការនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕