Monday, July 6, 2015

គណៈ​ប្រតិភូ​រដ្ឋសភា-ព្រឹទ្ធសភា​កម្ពុជា​ចុះសួរ​សុខ​ទុក្ខ​កងទ័ព​នៅ​ព្រំដែន​កម្ពុជា-ថៃ

រយៈពេលពេញមួយថ្ងៃនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា តំណាងរដ្ឋសភា និងលោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា តំណាងឲ្យព្រឹទ្ធសភា បានដឹកនាំសមាជិកព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ព ប្រចាំការនៅទិសទី១ តំបន់ប្រាសាទព្រះវិហារ ក្នុងទីតាំងវរះសេនាតូចលេខ៣៨២ ក្នុងកងពលអន្តរាគមន៍លេខ៨ និទិសទីតាមាន់ តាក្របី ខេត្តឧត្តរមានជ័យ។
អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីទទួលគណប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការ ចំរុះនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចំរុះ និងជាមេ បញ្ជាការកងទ័ពព្រំដែន ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំលេខ២ និងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានមួយចំនួន។
គណៈប្រតិភូរដ្ឋសភារួមមាន ឯកឧត្តម ឈាង វុន  សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកជំទាវ លី គឹមលៀង សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា លោកជំទាវ ពៅ សាវឿន សមាជិករដ្ឋសភា លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា។ ចំពោះគណៈប្រតិភូព្រឹទ្ធសភាមាន លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា លោកជំទាវ ឡាក់ អូន សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ហុង ទូហាយ សមាជិកព្រឹទ្ធសភា។
លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកថវិកាផ្ទាល់ខ្លួន ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន១០លានរៀល ផ្ញើជូនដល់កងទ័ព។
ក្នុងឱកាសនេះដែរ លោកជំទាវ កែវ ម៉ាលី ក៏បាននាំយកសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ ខ្លួនសរុបចំនួន ៤ម៉ឺន ១ពាន់ ៣រយ ៥ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូនដល់កងទ័ពប្រចាំការទាំងពីរទិស។ ជាមួយនេះ ឯកឧត្តម ឈាង វុន ក៏បានឧបត្ថម្ភថវិកាដែលជារបស់រដ្ឋសភា និង របស់ឯកឧត្តមផ្ទាល់ជូនដល់កងទ័ពប្រចាំការទាំង២ទិស ចំនួន ២២លានរៀលផងដែរ៕