កិច្ចប្រជំកំពូលមេគង្គ-ជប៉ុន លើកទី៧ បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃ ទី៤កក្កដានេះ នៅផ្ទះភ្ញៀវរដ្ឋក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
មេដឹកនាំនៃប្រទេស មេគង្គទាំងប្រាំ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងស៊ីន ថាំម៉ា វង្ស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ត្រូវបាន ស្វាគមន៍ យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋ មន្រ្តីជប៉ុន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧។
នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នេះ មេដឹកនាំនៃប្រទេសមេគង្គ និង ប្រទេសជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹង កិច្ច សហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ឲ្យកាន់តែរឹង មាំនិងស៊ីជំរៅថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃប្រទេស មេគង្គ និងប្រទេសជប៉ុន បានធ្វើការពិភាក្សាទៅលើ របៀបវារៈសំខាន់៣ គឺទី១ ‑ ការពិនិត្យឡើងវិញពីសកម្មភាពការងារ នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៦ ទី២‑ផែនការសកម្មភាពសំរាប់កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ និងទី៣‑ បច្ចុប្បន្នភាពសេដ្ឋកិច្ច និងនយោបាយជប៉ុន។
នៅក្នុងសុន្ទរកថាបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ឯកឧត្តមនាយក រដ្ឋមន្ត្រី ជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ មានប្រសាសន៍ថា ជប៉ុននឹងបន្តធ្វើឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នៃគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់មេគង្គ។
នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់បណ្តាប្រទេសមេគង្គ បានសំរេចនូវ ស្នាដៃដ៏ធំធេងក្នុងការតភ្ជាប់ក្នុងចំណោមប្រទេសមេគង្គ។
ដូចគ្នានឹងបណ្តាប្រទេសមេគង្គដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ដែរថា សម្តេច សូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ ពិសេសតាមរយៈការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មទូលំទូលាយ នៃបណ្តាប្រទេសតំបន់មេគង្គ ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតំបន់អាស៊ីបូព៌ាទាំងមូល។
នៅក្នុងសុន្ទរកថាគន្លឹៈនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ចក្ខុវិស័យអភិវឌ្ឍន៍វិស័យឧស្សាហកម្មតំបន់មេគង្គ ដែលផ្តល់នូវ ទស្សនវិស័យដ៏សមស្រប សម្រាប់រយៈពេលមធ្យមនិងវែង លើសពីឆ្នាំ២០១៥។
តាមរយៈនេះកម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាសពីនិន្នាការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម នៅក្នុងបរិការណ៍ថ្មីនេះ ដោយកម្ពុជាបានដាក់ចេញ និងប្តេជ្ញាចិត្តជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលផ្តោតជាពិសេសលើការផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនិងតំបន់ តាមរយៈការធ្វើពិពិធកម្ម ការជំរុញការវិនិយោគ ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍជំនាញ ចំណេះដឹង និងការធ្វើឲ្យប្រសើរឡើង នូវភាពប្រកួតប្រជែងនិងផលិតភាព។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាង យុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨ និង គំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ ២០១៥។
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសការសំរេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីយុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ ២០១៥ បណ្តាមេដឹកនាំនៃប្រទេសជប៉ុន និងប្រទេសមេគង្គ បានអញ្ជើញធ្វើសន្និសីទ កាសែតរួមគ្នាទៅកាន់អ្នកយកព័ត៌មានមកពីប្រទេសជប៉ុន មេគង្គ និងបណ្តាញសារព័ត៌មានអន្តរជាតិនានា ក្នុងនោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលជាឯកសារថ្មីសម្រាប់គោលនយោបាយ ២០១៦-២០១៨ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧នេះ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ជប៉ុននឹងគាំទ្រដល់ប្រទេសមេគង្គនូវថវិកាចំនួន ៧៥០ពាន់លានយ៉េន នៃកម្មវិធីនៅក្នុងគំរោងអភិវឌ្ឍន៍ផ្លូវការ ODA តាមរយៈការប្រើប្រាស់នូវភាពរស់រវើកនៃបណ្តាប្រទេសមេគង្គ រួមទាំងផ្នែកឯកជន ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងសន្និសីទកាសែតនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍បន្តថា នៅក្នុងយុទ្ធសាស្រ្តថ្មីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសមេគង្គ និងជប៉ុន ឲ្យដល់កំរិតថ្មីទៀតនោះ យើងបានឯកភាពគ្នា ដាក់ចេញនូវសសរស្តម្ភ៤ រួមមានទី១ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាលើផ្នែករឹង បង្កើនកិច្ចសហប្រតិបត្តិការលើផ្នែករឹង ពង្រឹងការតភ្ជាប់ផ្នែករឹង ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក រវាងតំបន់ និងអន្តរតំបន់។ ជាមួយគ្នានេះជប៉ុននឹងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ទាំងផ្នែកគុណភាព និងបរិមាណ។ ទី២‑ការខិតខំផ្នែកទុនតាមរយៈការជួយជំរុញលើផ្នែកទំនើបនៃហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងការតភ្ជាប់ស្ថាប័ន ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរពីគ្រប់ស្ថាប័នទាំងអស់ ក្នុងន័យជំរុញឈានឆ្ពោះទៅកាន់កីឡាអូរឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន ពិសេសទៅទៀតជំរុញឲ្យមានការផ្លាស់ ប្តូរយុវជននៃតំបន់ទាំងពីរ ទី៣‑គឺការសំរេចឲ្យបាននូវមេគង្គបៃតងដើម្បីដោះស្រាយបញ្ហានានា ដូចជាគ្រោះ មហន្តរាយធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និងទី៤កិច្ចសហប្រតិបត្តិការពីផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រប្រកបដោយសុវត្តិភាព និងផលិតភាព។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃនេះ ក៏បានធ្វើការពិភាក្សាពីសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងអង្គសន្និសីទកាសែតនៅពេលនោះដ៏មានអត្ថន័យ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសឡាវ មីយ៉ាន់ ម៉ារ ថៃ និងប្រទេសវៀតណាម បានគូសបញ្ជាក់ស្រដៀងគ្នាទៅនិងប្រសាសន៍លើកឡើងរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ ពិសេសការ ដាក់ចេញនូវយុទ្ធសាស្រ្ត២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានអនុម័តរួចមកនោះ។
បន្ទាប់មកឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គទាំងប្រាំ រួមទាំងប្រទេសជប៉ុន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ដល់ក្រុមកីឡាបាត់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ មកពីបណ្តាប្រទេសមេគង្គ‑ជប៉ុន។
សូមបញ្ជាក់ដែថា ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៃប្រទេសកម្ពុជា បានចូលរួមប្រកួតបាល់ទាត់ជាមួយនឹង ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៃប្រទេសមេគង្គ និងប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី២៩ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ការប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់ ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៅ ពេលនេះ គឺជាផ្នែកមួយនៃការជំរុញលើកកម្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុន ចំពោះយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន និងជាការជំរុញឲ្យយុវជនមានការចូលរួមលេងកីឡាទាំងអស់គ្នា។
បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញចូលរួមក្នុងពិធី ទទួលទានអាហារការងារថ្ងៃត្រង់ ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំធុរកិច្ចជប៉ុន Keidanren និងសភាពាណិជ្ជកម្មជប៉ុន។
លោកប្រធានសមាគមធុរកិច្ច Keidan ren មានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរជូនចំពោះបណ្តាមេដឹកនាំទាំងអស់ ដែលបានឆ្លៀងពេលដ៏មមាញឹកអញ្ជើញមកចូលរួម ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ពិសេសបានជួបជាមួយនិងបណ្តាធុរកិច្ចទាំងអស់ ដែលចូលរួមចំណែកក្នុងការបណ្តាទុននៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់មេគង្គនិងប្រទេសជប៉ុន។
លោកប្រធានសមាគមធុរកិច្ចមានប្រសាសន៍បន្តថា អ្នកវិនិយោគទុនទាំងអស់ ពិតជាមានការរីករាយដោយបានឃើញពីការរីកចំរើនក្នុងតំបន់ ពិសេសការចូលរួមកិច្ចសហប្រតិបត្តិការពី សំណាក់រដ្ឋាភិបាលនៃប្រទេសមេគង្គ ជប៉ុន ដែលបានផ្តល់នូវឱកាសដ៏វិសេសវិសាលក្នុងការធ្វើជាដៃគូ ក្នុងការអភិវឌ្ឍសមិទ្ធផលសង្គមដែលបំរើឲ្យភាពរីកចំរើនរបស់តំបន់ និងភាពរីកចំរើនរបស់ប្រជាពលរដ្ឋ។ លោកប្រធានសមាគមធុរកិច្ចមានប្រសាសន៍ឲ្យដឹងដែរថា ទំហំនៃការវិនិយោគពីសំណាក់ផ្នែកឯកជនសំរាប់ បណ្តាប្រទេសក្នុងតំបន់មានការកើនឡើងខ្លាំងណាស់ បើប្រៀបធៀបទៅនិងបណ្តាឆ្នាំមុនៗ ទាំងនេះបានបង្ហាញឲ្យឃើញពីកាលានុវត្តភាព នៃភាពជឿជាក់ពីសំណាក់អ្នកវិនិយោគទុន ជាមួយនិងរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់។
ថ្លែងសុន្ទរកថាក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ជាមួយនិងផ្នែកធុរកិច្ចនៃប្រទេសមេគង្គ‑ជប៉ុន សម្តេចតេជោនាយយករដ្ឋមន្រ្តីមានប្រសាសន៍ថា អាហារថ្ងៃត្រង់នេះគឺមានសារៈសំខាន់ មិនត្រឹមតែដើម្បីលើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់ អំពីសក្តានុពលវិនិយោគក្នុងប្រទេសមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវឱកាសដើម្បីឲ្យមេដឹកនាំធុរកិច្ចមកពីបណ្តាប្រទេសមេគង្គ និងជប៉ុន ធ្វើការបង្កើតទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេនាថ្ងៃអនាគត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា ជារៀងរាល់ឆ្នាំ សម្តេចផ្ទាល់បានទទួលស្វាគមន៍ដំណើរទស្សនកិច្វរបស់អង្គការ Keidanren ទៅកាន់ប្រទេសកម្ពុជា ហើយ ថ្ងៃនេះពិតជាឱកាសដ៏ល្អដែលបានជួប Keidanren ម្តងទៀត ក្នុងការពិសារអាហារថ្ងៃត្រងនេះ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគនៅប្រទេសកម្ពុជាកំពុងមានការកើនឡើង តាមរយៈនេះ សម្តេចសូមលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនច្រើនទៀត ទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា និងពីកម្ពុជាទៅកាន់ជប៉ុននៅពេលដ៏ឆាប់ខាងមុខ។
នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រៅពីទំនាក់ទំនងទ្វេភាគីរវាង កម្ពុជានិងជប៉ុន ទំនាក់ទំនងរវាងតំបន់មេគង្គនិងជប៉ុន តាមរយៈកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅព្រឹកថ្ងៃទី៤កក្កដានេះ អាចចាត់ទុកជាការបើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង តំបន់មេគង្គ និងប្រទេសជប៉ុន ដោយបានអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥៕