គិតត្រឹមថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺរយៈពេល៣ខែគត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជួបជាមួយភាគីពាក់ព័ន្ធអន្តរជាតិចំនួនជាង ១០លើកដើម្បីបង្កើនសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងទៅ គ.ជ.ប បានជួបជាមួយភាគីសហភាពអឺរ៉ុប រួមជាមួយភាគីជប៉ុនចំនួន ២លើក ស្តីពីជំនួយជួយដល់ គ.ជ.ប បន្ទាប់មក គ.ជ.ប បានជួបជាមួយភាគីជប៉ុន ចំនួន៣លើកទៀត ស្តីពីជំនួយរបស់ជប៉ុនជួយដល់ គ.ជ.ប និងស្តីពីអនុសាសន៍របស់ជប៉ុនលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី និងស្តីពីបច្ចេកទេសប្រព័ន្ធកុំព្យូទ័រសម្រាប់ចុះឈ្មោះបោះឆ្នោត និងគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។
ក្រៅពីនេះ គ.ជ.ប បានជួបជាមួយគណៈប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ចំនួន១លើក ស្តីពីការកែទម្រង់ការបោះឆ្នោត និងបានជួបជាមួយភាគីក្រុមហ៊ុន SCYTL innovating Democracy ស្តីពីឧបករណ៍បម្រើការចុះបោះឆ្នោត និងការរក្សាទុកទិន្នន័យអ្នកបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ គណៈកម្មការចំពោះកិច្ច គ.ជ.ប ទទួលបន្ទុកសហការជាមួយសហភាពអឺរ៉ុប និងប្រទេសជប៉ុន លើការងាររៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោតថ្មី ដឹកនាំដោយឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប និងជាប្រធានគណៈកម្មការ និងជួបជាមួយសហភាពអឺរ៉ុប ស្តីពីអនុសាសន៍របស់សហភាពអឺរ៉ុប លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី៕
ដោយៈ ជា សុភ័ក្ត្រ