Wednesday, July 15, 2015

ធនាគារអភិវឌ្ឍអាស៊ី ផ្តល់ប្រាក់កម្ចី ជាង១៨លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅ តំបន់ឆ្នេរនៅកម្ពុជា

ក្រសួងទេសចរណ៍កម្ពុជា​ កាលពីម្សិលមិញ ​បានចាប់ផ្តើមពិភាក្សា​ជាមួយនឹង​ ធនាគារ​អភិវឌ្ឍអាស៊ី​ (ADB)លើគម្រោងអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ នៅបណ្តាខេត្តចំនួន៣ ​ជាប់មាត់​សមុទ្ររបស់កម្ពុជា។​ គម្រោងនេះ​ មានទឹកប្រាក់​ប្រមាណ​ ១៨៧៧លាន​ដុល្លារ ​ដែលនឹង​អភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ ​នៅខេត្តកោះ​កុង​ កំពត​ និងខេត្តកែប ​ឱ្យកាន់តែ​ប្រសើរឡើង។​
លោក ទិត ​ចន្ថា​ រដ្ឋលេខា​ធិការក្រសួង​ទេសចរណ៍​ និងជា​នាយកគម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទេសចរណ៍ ​សម្រាប់កំណើន​ប្រកបដោយ​បរិយាប័ណ​ ក្នុងតំបន់មេគង្គ ​បានឱ្យ​ដឹងថា ​គម្រោងនេះ​ មានដូចជា​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅខេត្តកំពត ​ការធ្វើឱ្យប្រសើរ​ឡើង​ ផ្នែកបរិស្ថាន​នៅតំបន់ផ្សារ​ក្រោម ​ក្នុងខេត្តកែប​ជាដើម​ ហើយថា​ក្នុងគម្រោង​ទាំងមូលអាច ​ស្រូបយក​កម្លាំងពលកម្ម ​យ៉ាងហោច​ណាស់ ​ក៏ជាង៥០០០នាក់​ មកបំរើការងារ ​ហើយ​ពលរដ្ឋនៅ​ក្នុងសហគមន៍​ក្នុងតំបន់នេះ ​ក៏នឹង ​ទទួលបានផល​យ៉ាងក្រាស​ក្រែល​ពីវិស័យទេសចរណ៍​ផងដែរ។
បើយោង​តាម​ ឯកឧត្តម ​ថោង​ ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ បានមាន​ប្រសាសន៍ថា​ រាល់​ហេដ្ឋារចនា​ សម្ព័ន្ធ​ដែលបង្កើត​ឡើងទាំងអស់ ​ត្រូវតែធានា​នូវកម្រិត​ស្តង់ដា​អន្តរជាតិ ​ព្រោះ​ថាការ​កំណត់​បែបនេះ ​វាជា​ប្រព័ន្ធ​ដែលអាច​ស្រូបយក​ភ្ញៀវទេស​ចរណ៍ ​ជាតិ​និង​អន្តរជាតិ​ មកពី​ប្រទេសនា​នា​នៅលើពិភព​លោក​តាមច្រកផ្លូវ​ទឹក​ឱ្យបាន​តាមគម្រោង​ផែនការ៕
អត្ថបទៈ តាំង ថៃហេង