នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នេះ ព្រឹទ្ធសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ជុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើរបៀបវារៈសំខាន់ៗចំនួន៥ ដែលក្នុងនោះសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
របៀបវារៈទាំង៥ដែលត្រូវបានព្រឹទ្ធសភាលើកមកពិភាក្សាថ្ងៃនេះរួមមាន៖ ទី១-ការជ្រើសរើស បំពេញសមាជិកគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា, ទី២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៣, ទី៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៣, ទី៤-ពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និង ទី៥-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៧។
យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨:០០ព្រឹក បើកសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៣ ដែលមានរបៀបដូចជា៖ ១. ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា, ២. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ និង ៣.ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីភតិសន្យាពិសេស៕
អត្ថបទ៖ ច័ន្ទ ទេវី