ការចូលរួមក្នុងគោលបំណង សម្រួលការងារមួយចំនួន របស់សហជីពទាក់ទិននឹងសេចក្តីព្រាងច្បាប់ សហជីពនេះ លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា ហៅកាត់ថា «CCNU» បានសរ សេរនៅក្នុងAccount Facebook ផ្ទាល់ខ្លួន របស់លោកដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ថា “យើងស្វាគមន៍” ឲ្យមានច្បាប់សហជីព ដែលអន្តរក្រសួងរបស់រាជរដ្ឋាភិបាល កំពុងតែ ដំណើរការពិភាក្សាហើយសង្ឃឹមថាមិនយូរមិនឆាប់នឹងត្រូវបានរដ្ឋសភាអនុម័ត នៅពេលខាងមុខនេះ ។
លោកបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាភិបាល CCNU ដែលមានសមាជិក ចំនួន៦៥សហព័ន្ធ សហជីព បានឯកភាពគ្នា និងបានធ្វើលិខិតស្នើជូន យោបល់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះរួចហើយ នូវកង្វល់ធំៗ របស់ខ្លួនចំនួន៤ចំណុច ទី១- ស្នើសុំឲ្យកែសម្រួល ចំនួនភាគរយនៃការបង្កើតសហជីពមូលដ្ឋានពី ២០%មកត្រឹមចំនួនតិចបំផុត ឫកំណត់ចំនួនជាក់លាក់ ណាមួយនៅក្នុងចន្លោះពី ១០នាក់ ទៅ២០នាក់ នៃកម្មកររោងចក្រមួយ ដែលយើងអាចមានសិទ្ឋិបង្កើត សហជីពបាន ដោយកុំគិតជា ចំនួន ភាគរយ ពីព្រោះការកំណត់ ចំនួន២០% វាជាតួរលេខខ្ពស់មួយនឹងធ្វើឲ្យពិបាកដល់ការបង្កើត សហជីព នៅរោងចក្រ សហគ្រាស ក្នុងគោលដៅការពារសិទ្ឋិ និងផលប្រយោជន៍ របស់កម្មករ ទី២- ស្នើសុំបន្ទាប់ពីច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័ត គឺមិនត្រូវតម្រូវឲ្យសហព័ន្ធសហជីព ឫ សហជីពមូលដ្ឋាន ដែលបានចុះ បញ្ជីការួចហើយនោះ ត្រូវចុះបញ្ជីការ ឡើងវិញនោះទេ ដែលនាំឲ្យបង្កើតនូវការលំបាក និងស្មុគ្រស្មាញ ដល់ការរៀបចំបែបបទ ចុះបញ្ជីការជាថ្មី និងត្រូវចំណាយពេលវេលា និងថវិកា ទី៣- ស្នើសុំឲ្យរក្សាចំណុចកាត់ប្រាក់ ភាគទានសមាជិកសហជីពចំនួន១%នៃប្រាក់ខែកម្មករ ដើម្បីឲ្យសហជីព ធានាបាននូវនិរន្តរភាពការងារ និងសេដ្ឋកិច្ចក្នុងការទ្រទ្រង់ ដំណើរការសកម្មភាពរបស់ខ្លូន ទី៤- ស្នើសុំមុននឹងសេចក្តីព្រាងច្បាប់ សហជីពនេះបញ្ជូនទៅសមាជិកក្រុមប្រឹក្សាអ្នកច្បាប់គណៈរដ្ឋមន្ត្រី សូមរៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ យ៉ាងហោចណាស់ឲ្យបាន២ដង ដើម្បីផ្តល់ឱកាស ចុងក្រោយដល់ភាគីពាក់ព័ន្ធ ទាំងអស់ផ្តល់យោបល់ ដើម្បីឲ្យច្បាប់នេះក្លាយទៅជាច្បាប់មួយមានតម្លាព សម្រាប់ភាគីអនុវត្ត និងអនុវត្តដោយរលូតសម្រាប់ទៅ អនាគតបន្ទាប់ពីរដ្ឋសភាអនម័ត។
លោក សោម អូន បានបន្ថែមទៀតថា ចំណុចដែលភាគីសហជីពបារម្មណ៍ជាងគេ គឺការកំណត់ចំនួន២០% នៃកម្មករសរុបក្នុងមួយរោងចក្រ ទើបអាចបង្កើតសហជីព ។ ឧទាហរណ៍ បើសិនជារោងចក្រ មួយមានកម្មករ២០០០នាក់ ទាល់មានសមាជិក៤០០នាក់ ជាមុនសិនទើបអាចបង្កើតសហជីពបាន ។ យើងអាចដាក់ជាសំនួរថា បើមិនទាន់មានរចនាសម្ព័ន្ឋ សហជីពផង តើបានសមាជិកពីណា រហូតដល់៤០០នាក់នោះ? ។
លោកសង្ឃឹមថា ចំណុចនេះ គួតែធ្វើការកែសម្រួលដោយពុំចាំបាច់ កំណត់ចំនួនភាគរយនោះទេ ហើយអាចកំណត់ចំនួនជាក់លាក់ ក្នុងចន្លោះពី១០ទៅ២០នាក់បានហើយ ដើម្បីឲ្យកម្មករមានសិទ្ឋិបង្កើត សហជីពនៅក្នុងរោងចក្រសហគ្រាសមួយ៕
អត្ថបទៈ តាំង ថៃហេង