Monday, August 17, 2015

ឯកឧត្តម ងួន ញ៉ិល នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់សភាកម្ពុជា ចូលរួមការប្រជុំរបស់សភាតំបន់ អាស៊ីនៅទីក្រុងហ្សាកាតា ពីថ្ងៃទី ១៧ ដល់២១

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ របស់អគ្គលេខាធិការដ្ឋាន​ រដ្ឋសភា ​ចុះថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០១៥ បានឲ្យដឹងថា ​ឯកឧត្តមបណ្ឌិត ​ងួន​ ញ៉ិល ​អនុប្រធានទី២រដ្ឋសភា ​និងជាប្រធាន​ក្រុមសភាជាតិកម្ពុជា​ នៃសភាតំបន់អាស៊ី​ (APA) ​នឹងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​សភាតំបន់អាស៊ី នៅទីក្រុងហ្សាកាតា ​នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១​ ខែសីហា​ ឆ្នាំ២០១៥។
កិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច ​និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព ​នឹង​ផ្តោតជាសំខាន់​លើការពិភាក្សា ​ជុំវិញសេចក្តីព្រាង​សេចក្តីសម្រេច​ដែលបានរៀបចំរួច​ចំនួន៥ ​ដើម្បីដាក់ជូនកិច្ច​ប្រជុំក្រុមប្រឹក្សា​ប្រតិបត្តិលើកទី១​ ធ្វើ​ការពិនិត្យ​ មុននឹងដាក់ជូន​មហាសន្និបាតលើកទី៨ ​ដែល​នឹង​ប្រារព្ធធ្វើនៅ​ព្រះរាជាណាចក្រកម្ពុជា ​នាខែធ្នូ ​ឆ្នាំ២០១៥ ខាងមុខ ​ដើម្បីធ្វើការអនុម័ត​។
នៅក្នុងកិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងអភិវឌ្ឍប្រកប​ដោយចីរភាព​នោះនឹងលើកយកចំណុច៥​មកធ្វើការពិភាក្សា​ដែលរួមមាន៖ ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពីកិច្ចការហិរញ្ញវត្ថុ ​ការធានាទៅលើកិច្ច​ខិតខំប្រឹងប្រែង​ដើម្បីកំណើន​សេដ្ឋកិច្ច, ​សេចក្តីព្រាងសេច​ក្តីសម្រេច​ស្តីពីបញ្ហាបរិស្ថាន ​ការឡើងកំដៅលើផែនដី ​ការប្រែប្រួលអាកាសធាតុ​ ការដាំដើម​ឈើរាប់លានដើម ​នៅពាស​ពេញតំបន់អាស៊ី, ​សេចក្តីព្រាងសេចក្តី​សម្រេចស្តីពីការលុបបំបាត់ភាពក្រីក្រ, ​សេចក្តីព្រាងសេចក្តីសម្រេច​ស្តីពីសមារណកម្មទីផ្សារ​ថាមពលនៅ​ក្នុងតំបន់អាស៊ី ​និងសេចក្តីព្រាងសេចក្តី​សម្រេចស្តីពីតួនាទី​របស់សមាជិក​សភាតំបន់អាស៊ី ​ក្នុងការអនុម័តសេចក្តី​សម្រេចដើម្បីគាំទ្រ ​ដល់ការអនុវត្តគោល​ដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និង​ការអភិវឌ្ឍប្រកប​ដោយចីរភាព ​ជាគណៈកម្មាធិការមួយ ​ដែលសភាអាស៊ី (APA) ​បានបង្កើតឡើង ​ក្នុងនោះរួមមាន ​គណៈកម្មាធិការប្រតិបត្តិ, ​គណៈកម្មាធិការអចិន្ត្រៃយ៍​ការងារវប្បធម៌​ សង្គម​ និងគណៈកម្មាធិការ​អចិន្ត្រៃយ៍ការងារ​នយោបាយជាដើម។ ​បច្ចុប្បន្ននេះ​ សភាតំបន់អាស៊ី (APA​) មានសមាជិកពេញសិទ្ធិចំនួន៤២​ប្រទេស​ និង​ប្រទេសសមាជិក​សង្កេតការណ៍ចំនួន១៦​ ព្រមទាំងអង្គការ​សង្កេតការណ៍​ចំនួន​១០អង្គការ​៕