បន្ទាប់ពីមានការចាប់ខ្លួនឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ដោយមិនបាច់ស្នើដកអភ័យឯកសិទ្ធិនោះ មានមតិមួយចំនួនបានលើកឡើងអំពីនីតិវិធីតាមផ្លូវច្បាប់ក្នុងការកាត់ក្តីសមាជិកព្រឹទ្ធសភារូបនេះ។
ថ្លែងតបនឹងដំណើរការកាត់ក្តីព្រហ្មទណ្ឌនេះ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «យោងតាមខ្លឹមសារ រដ្ឋធម្មនុញ្ញមាត្រា១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា អភ័យឯកសិទ្ធសភា មិនអាចរារាំងដល់ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន សមាជិកព្រឹទ្ធសភាណាដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនោះទេ ដោយក្រោយពីចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចត្រូវរាយការណ៍ជូនទៅព្រឹទ្ធសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៏ក្នុងចន្លោះកិច្ចប្រជុំព្រឹទ្ធសភា។ ដូច្នេះដំណើរការក្តីព្រហ្មទណ្ឌក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ មិនមានអ្វីត្រូវរាំងស្ទះដោយអភ័យឯកសិទ្ធិសភានោះទេ សម្រាប់ស្ថាប័នតុលាការ ហេតុនេះមិនបាច់ស្នើសុំលើកអភ័យឯកសិទ្ធិសភានេះទេ។
ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា « បទល្មើសជាក់ស្តែង គឺជាបទល្មើសដែលកំពុងប្រព្រឹត្ត ឬទើបប្រព្រឹត្តរួចភ្លាមៗ។ ការស៊ើបអង្កេតបទល្មើសជាក់ស្តែងគឺ មានរយៈពេល៧ថ្ងៃ គិតពីថ្ងៃប្រព្រឹត្តបទល្មើស យោងតាមមាត្រា១០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ករណីនេះគឺម៉ោង ១និង៥៣ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ គឺពេលដែលផេកឯកឧត្តម សម រង្ស៊ី ផ្សព្វផ្សាយជាសាធារណ:នូវវីដេអូក្លីបរបស់ឯកឧត្តម ហុង សុខហួរ ភ្លាមៗនោះសមត្ថកិច្ចបានឃើញ នូវអំពើល្មើសក្នុងវីដេអូឃ្លីបនេះ និងបើកការស្រាវជ្រាវលើករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ ។ តាំងពីពេលនោះមកដែល កាលៈទេសៈពេលនោះផេកឯកឧត្តម សម រង្ស៊ី ក៏កំពុងបន្តផ្សព្វផ្សាយនៅឡើយ។
តាមការពិនិត្យផេកឯកឧត្តម សម រង្ស៊ី បង្ហោះវីដេអូនេះរហូតដល់ក្នុងអំឡុងថ្ងៃទី១៣ ទើបលុបចោល។ ករណីនេះគិតពីពេលប្រព្រឹត្តបទល្មើស ដល់ថ្ងៃចាប់ខ្លួនគឺមិនលើសរយៈពេល៧ថ្ងៃទេ៕