ជនត្រូវចោទ ហុង សុខហួរត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖បទក្លែងលិខិតសាធារណៈ បទប្រើលិខិតសាធារណៈក្លែង និងបទញុះញង់អោយមានបទល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិនសម្រេច។
សមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែសីហា ដើម្បីឲ្យលោកចៅក្រម កោ វណ្ឌី ធ្វើការសាកសួរ។ ការបញ្ជូនឲ្យចៅក្រមសាកសួរ គឺបន្ទាប់ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានសាកសួរលោកហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោកហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោកយន្ត ថារ៉ូ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ របស់គណបក្សសង្គ្រោះជាតិ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។លោកកោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោកហុង សុខហួរ ចំនួន៣បទល្មើសហើយចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមខាងលើ។
យោងតាមមាត្រា ៦២៩. បទក្លែងបន្លំឯកសារសាធារណៈ បានចែងថា ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯកសារសាធារណៈក្លែង បានចែងថា ការប្រើប្រាស់ឯកសារក្លែងដែលមានក្នុងមាត្រា៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
លោកជូង ជូងី មេធាវីការពារក្តីលោក ហុងសុខហួរ មានប្រសាសន៍ថា លោក នឹងដាក់លិខិតសុំធានាកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោអាសន្នដោយដាក់ប្រាក់តម្កល់ ក្រោមហេតុផលថាកូនក្តីរបស់លោកមានការងារពិតប្រាកដ និងមានទីលំនៅច្បាស់លាស់មិនអាចគេចខ្លូនទៅណាឡើយ៕