លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាបានលើកឡើងថា ការចាប់ខ្លួន ឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដោយមិនទាន់ដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ គឺមិនមានអ្វីខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈព្រឹទ្ធសភាឡើយ។
យោងតាមកិច្ចសម្ភាសន៍ជាមួយ និងបណ្តាញព័ត៌មានរាជរដ្ឋាភិបាល GNN នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់ថា «រឿងហ្នឹងវាពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង កាលណាបទល្មើសជាក់ស្តែង គឺគេអាចចាប់ខ្លួនបាន ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិទេ។ នៅក្នុងច្បាប់ ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកនៃសមាជិកព្រឹទ្ធសភា បានចែងអំពីករណីបទល្មើសជាក់ស្តែង គឺមិនចាំបាច់ឲ្យមានការដកអភ័យឯកសិទ្ធិទេ»។
លោក បានបន្តថា «ជាទស្សនៈផ្លូវច្បាប់ ការអនុវត្តច្បាប់គឺជាសមត្ថកិច្ចរបស់អាជ្ញាធរ មានសមត្ថកិច្ច និងតុលាការ ព្រោះថា ករណីបទល្មើសជាក់ស្តែង។ ជនណាក៏ដោយ ដែលប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលចូលនៅក្នុងបញ្ញតិ្តណាមួយ នៃក្រមនីតិវិធីព្រម្មទណ្ឌគឺ ជននោះនឹងត្រូវបានអាជ្ញាធរធ្វើការបង្ក្រាប និងទប់ស្កាត់បទល្មើសនោះ គឺសមត្ថកិច្ចធ្វើការចាប់ខ្លួនយកមកតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់»។
គួរបញ្ជាក់ថា ការឃាត់ខ្លួន ឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភា របស់គណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ គឺធ្វើឡើងក្រោមបទចោទប្រកាន់អំពីការក្លែងឯកសារសាធារណៈពាក់ព័ន្ធនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ហើយបង្ហោះវីដេអូនេះ ក្នុងFacebook ផ្ទាល់ខ្លួន របស់ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ៕