Monday, August 10, 2015

ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​និវត្ត​ន៌មក​ដល់ក​ម្ពុជាវិញ​ហើយ បន្ទាប់ពីបាន​ចូលរួម​​ទិវា​​បុណ្យ ឯករាជ្យជាតិ​ខួបទី៥០​របស់សិង្ហបុរី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១០ ខែ​សីហានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់និវត្តន៌​មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វិញហើយ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិ​របស់សា​ធារ​ណៈ​​​រដ្ឋសិង្ហបុរី។
ការអញ្ជើញទៅចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីនេះ  គឺជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
ក្នុងសន្និសីទ សារព័ត៌មានបន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត កៅ គឹមហួន  បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់ កម្ពុជាបានចូលរួមកម្មវិធីសំខាន់ចំនួនពីរ គឺទី១ ពិធីជប់លាងថ្ងៃត្រង់ដ៏ធំមួយ​នៅវិមាន​អ៊ី​ស្តា​ណា ដែលរៀបចំទទួលដោយ តូនីតាន់ កេងយ៉ាំ ប្រធានាធិបតីសិង្ហបុរី ដែលមាន​វត្តមាន​ចូល​រួមពី ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា។ ក្នុងនោះ​ក៏មាន​ការចូលរួមពីអ្នកតំណាងរបស់ប្រទេសអង់គ្លេស ដែលធ្លាប់ជា អាណា​និគមលើ​ប្រទេស​សិង្ហ​បុរីមុនពេលទទួលឯករាជ្យផងដែរ។ ចំណែកពិធីសំខាន់មួយទៀត  គឺការចូលរួម​ក្នុង​ក្បួន​ដង្ហែរ​ព្យុហយាត្រានៃខួបលើកទី៥០ទិវាឯករាជ្យជាតិ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ការចូលរួម​របស់​ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្នុងប្រទេសសិង្ហបុរីនេះ គឺស្របតាមគោលការណ៌សំខាន់ចំនួន២។ ទី១ស្របតាម ស្មារតីនៃក្របខណ្ឌប្រទេសសមាជិកអាស៊ាន និងទី២គឺស្របតាម​គោល​ការណ៍​ពង្រឹង គោលនយោបាយការទូតសាធារណៈរបស់​កម្ពុជាដើម្បីផ្សារភ្ជាប់តួនាទី​ក្នុងតំបន់​របស់​កម្ពុជា និងការ ពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសអន្តរជាតិ។ 
ការប្រារព្ធខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋសិង្ហបុរីនេះ គឺជាការបង្ហាញ ឲ្យឃើញពីកិត្យានុភាព ភាពជោគជ័យនិងសុខដុមនីយកម្មរបស់សិង្ហបុរី​បើទោះបីជាប្រទេស​នេះ មានជាតិសាសន៌រស់នៅចំរុះគ្នាក៏ដោយ។ មិនតែប៉ុណ្ណោះ ទិវាឯករាជ្យជាតិនេះ​ក៏បង្ហាញ​ពីគោល ជំហរគោលនយោបាយការទូតជាមួយបណ្តាប្រទេសសមាជិក​អាស៊ាននិងអន្តរជាតិ​ផងដែរ។ ជាក់ស្តែង បើទោះបីជាប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញប្រទេសម៉ាឡេស៊ីក៏ដោយ តែរហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅតែបន្តក្នុងភាពល្អប្រសើរ។ 
គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលបានទទួលស្គាល់ ដំបូងគេ ក្នុងការប្រកាសឯករាជ្យពេញលេញរបស់ប្រទេសសិង្ហបុរី កាលពី៥០ឆ្នាំមុន។ មាន​ន័យថារហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរីគឺមានរយៈពេល៥០ឆ្នាំមកហើយ៕