ក្រសួងបរិស្ថានបានបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលមតិយោបល់ និងអនុសាសន៍នានាពីគ្រប់បណ្តាក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ទៅលើរបាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលជារបាយការណ៍សំខាន់បញ្ជាក់អំពីការរួមចំណែករបស់ភាគីកម្ពុជាក្នុងការឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់អនុសញ្ញានេះ ក្នុងគោលបំណងជំរុញឱ្យពិភពលោកធ្វើសកម្មភាពដោះស្រាយការប្រែប្រួលអាកាសធាតុ។ បន្ទាប់មក របាយការណ៍នេះ នឹងត្រូវបានបញ្ជូនទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ មុនការរៀបចំសន្និសីទកំពូលបណ្តាភាគីជាសមាជិកនៃអនុសញ្ញា លើកទី២១ នាដើមខែធ្នូ ឆ្នាំ២០១៥ខាងមុខ នៅទីក្រុងប៉ារីស៕


