ឯកឧត្តម តាន់ ស៊្រី លីម កុកថៃ(Tan Sri Lim kok Thay) បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបានសំដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញការអភិវឌ្ឍ ប្រទេសកម្ពុជារីកចំរើនយ៉ាងឆាប់រហ័ស។
ការលើកឡើងនេះ នៅក្នុងជួបសំដែងការគួរសមរវាង ឯកឧត្តម តាន់ ស៊្រី លីម កុកថៃ ប្រធានក្រុមហ៊ុនChen Ting មកពីប្រទេសម៉ាឡេស៊ី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ខែកញ្ញានៅវិមានសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្តម តាន់ ស៊្រី លីម កុកថៃ បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថា កម្ពុជានៅពេលនេះ ជាពេលមួយគួរជាទីចាប់អារម្មណ៍បំផុតសម្រាប់ឱកាសវិនិយោគ ខណៈដែលក្រុមហ៊ុនchen Ting កំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងវិនិយោគនៅប្រទេសសឹង្ហបូរី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហ្វីលីពីន និងម៉ាឡេស៊ីជាដើម។ នៅពេលនេះ លោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំងសម្រាប់ឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យកសិកម្ម វិស័យអគ្គិសនី និងវិស័យផ្សេងៗទៀត។ ក្នុងន័យនេះ លោកបានគោរពស្នើសុំការណែនាំអនុសាសន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឆ្លើយតបថា ចំពោះការវិនិយោគ លើវិស័យទេសចរណ៍នៅតំបន់តារាសាគរ ខេត្តកោះកុង ជាតំបន់ដ៏ល្អប្រសើរមួយ គឺមានសក្តានុពលសម្រាប់អនាគត ព្រោះនៅទីនោះជាតំបន់សមុទ្រដ៏ស្រស់ស្អាត។
សម្តេចបានបន្តជំរាបជូនភ្ញៀវពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា បើគិតពីរយៈពេល១០ឆ្នាំមុន កំណើនសេដ្ឋកិច្ចកម្ពុជាមាន៨.៨% និងបានជំរាបជូនពីស្ថានភាពកសិកម្មនៅកម្ពុជាគឺបាននាំអង្ករចេញ ទៅក្រៅប្រទេស ការកែច្នៃកៅស៊ូធម្មជាតិ ហើយទាក់ទិនអំពីដីសម្បទាន សម្តេចបានមានប្រសាសន៍ថា នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងរឹតបណ្តឹងលើបញ្ហាដីសម្បទាន និងជំរុញឱ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានហើយ ត្រូវធ្វើការដាំដុះស្របទៅតាមផែនការមេ ។ បើមិនបានអនុវត្តតាមទេ រាជរដ្ឋាភិបាលនឹងដកយកមកវិញ៕