លោកប្រធានក្រុមហ៊ុនមានប្រសាសន៍បន្តថា មកដល់បច្ចុប្បន្ននេះប្រព័ន្ធផ្តល់ទិន្នន័យ មានស្ថានីយ៍ផ្តល់ទិន្នន័យចំនួន ៣២៩កន្លែង គ្រប់ដណ្តប់ក្នុងទីក្រុងប៉េកាំង ដែលស្ថានីយនីមួយៗបំពាក់ទៅដោយឧបករណ៍ទំនើបទាន់សម័យបំផុត ដូចជាប្រព័ន្ធកាំម៉េរាសុវត្តិភាព ក្នុងការត្រួតពិនិត្យនូវរាល់បាតុភាពផ្សេងៗ មានដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះរញ្ជួយដី អំពើភេរវកម្ម និងបញ្ហាដ៏ទៃទៀត ដែលអាចកើត ឡើងជាយថាហេតុ។
លោកប្រធានមានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងទីក្រុងប៉េកាំងប្រព័ន្ធគ្រប់គ្រងទិន្នន័យត្រូវបានរៀបចំគ្រប់ដណ្តប់ប្រមាណ ៨៥% និងនៅជាយក្រុងប៉េកាំងគ្រប់ដណ្តប់ប្រមាណ ៨០%។ ជាមួយនឹងជោគជ័យដែលសំរេចបាននោះ ក្រុមហ៊ុននឹងខំតខំបំពាក់ ឲ្យបានគ្រប់ដណ្តប់នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីងាយស្រួលលើការត្រួតពិនិត្យទៅលើបញ្ហាសន្តិសុខជាតិ ពិសេសការខិតខំរៀបចំឲ្យបានគ្រប់ដណ្តប់នៅគ្រប់ទីកន្លែងទាំងអស់ ឲ្យបានមុនពេលដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យក្រុងប៉េកាំង ដែលបានរៀបចំអោយមាននូវដំណើរ ទស្សនកិច្ចរបស់សម្តេចនិងគណៈប្រតិភូ បានទស្សនាមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា មជ្ឈមណ្ឌលនេះគឺពិតជាមានអត្ថន័យខ្លាំងណាស់ ក្នុងការគ្រប់គ្រង ប្រព័ន្ធទិន្នន័យដែលជាបញ្ហាសន្តិសុខជាតិរបស់ប្រទេសមួយ។