សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបានអភិវឌ្ឍលើគោលដៅ នៃការអភិវឌ្ឍ សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ពោលគឺកម្ពុជាមិនគ្រាន់តែចូលរួមអនុវត្ត នូវគោលដៅទាំង៨ នៃការអភិវឌ្ឍសហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានបន្ថែម ការបាសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មី ដែលមិនបានចែង ក្នុងគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពី ខែកញ្ញាកន្លងទៅ ពោលគឺក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ បណ្តាមេ ដឹកនាំរបស់ ពិភពលោក បានឯកភាពដាក់ចេញនូវការអភិវឌ្ឍ ប្រកបដោយចិរភាពក្រោយឆ្នាំ២០១៥ មាន ១៧គោលដៅក្នុងនោះកម្ពុជា នៅតែបន្តដាក់គោលដៅនៃការបោសសំអានគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ជារបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ក្នុងជំនួបគ្នានេះសម្តេចតេជោ បានស្នើឲ្យ UNDP បន្តជួយដល់ការបោសសំអានគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ព្រោះថាបើមិនមានការបោសសំអាតគ្រាប់មីន គឺមិនមានការអភិវឌ្ឍប្រកបដោយចិរភាពបាននោះទេ។ លោកជំទាវមានប្រសាសន៍ថា ការបោសសំអាត គ្រាប់មីនមិនមែនជាអាទិភាពរបស់កម្ពុជានោះទេ គឺសម្រាប់បណ្តាប្រទេសទាំងអស់នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយសង្គមដែលមានសន្តិភាពត្រូវតែបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះឲ្យខានតែបាន។ លោកជំទាវបន្តថា សម្រាប់កម្ពុជាគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចិរភាពនេះ គឺត្រូវតែចូលរួមអនុវត្តឲ្យបានគ្រប់កម្រិតពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ លោកជំទាវ បន្តថា ដោយសារតែកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស១០ ដែលមានភាពងាយស្រួល ក្នុងការបម្រែបម្រួលអាកាសធាតុនោះ អង្គការ UNDP និងបន្តចូលរួមសហការក្នុងដាំដើមឈើឡើងវិញ ពិសេសជំរុញសហប្រតិបត្តិការត្បូងត្បូង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការនោះ មាននិរន្តរភាព។
លោកជំទាវមានប្រសាសន៍បន្តថា កន្លងមកមានការអនុវត្តគំរោងនៃការដាំដុះព្រៃឈើ លើប្រជាពលរដ្ឋ ចំនួន២០ម៉ឺនគ្រួសាររួចមកហើយ នៅលើពិភពលោក។ តាមរយៈនេះលោកជំទាវ នឹងបន្តកិច្ចការនោះ នៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកជំទាវ ហេឡិន ក្លក មានប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីបញ្ហាសមភាពយ៉េនឌ័រ លើការលើកកម្ពស់ និងគាំពារស្រ្តី។ សម្តេចតេជោ បន្តថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើបញ្ហាសមភាពយ៉េនឌ័រ ពោលគឺកម្ពុជាបានរៀបចំឲ្យមានកូតាពីថ្នាក់ជាតិ រហូតដល់ថ្នាក់ ក្រោមជាតិ ពិសេសនៅក្រោមឆ័ត្ររបស់អង្គការសប្រជាជាតិ កម្ពុជាបានបញ្ជូនកងថែរក្សាសន្តិភាព ជាស្រ្តី ទៅចូលរួមប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ពោលគឺកម្ពុជាបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងទៅលើសមភាពយ៉េនឌ័រ ហើយជាគោលដៅកម្ពុជា និងបន្តកសាងសមភាពស្រ្តី ក្នុងការដើរតួនាទីជាមេដឹកនាំ។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើការជាមួយនិង UNDP ទៅលើបញ្ហាសមភាពយ៉េនឌ័រ ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ សម្តេចតេជោ មានប្រសាសន៍ឲ្យដឹងដែរថា នៅពេលដ៏ខ្លីខាងមុខ សម្តេចនឹងជួបប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ ដែលនឹងពិភាក្សាគ្នាទៅនឹងការបម្រែបម្រួលអាកាសធាតុ ហើយកម្ពុជានឹងបន្តចូលរួមវិភាគទាន ទៅលើការបម្រែបម្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ តាមរយៈនេះ សម្តេចបានស្នើដល់អង្គការ UNDP ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងត្បូង ធ្វើយ៉ាងណាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀត។ លោកជំទាវ មានប្រសាសន៍ថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន គឺជាបញ្ហាដ៏មានសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ ពីបណ្តាមេដឹកនាំពិភពលោក តាមរយៈនេះកម្ពុជាត្រូវតែរួមចំណែក ដល់ការចូលរួមវិភាគទាន ដល់កម្មវិធីបម្រែបម្រួលអាកាសធាតុ និងបញ្ហា បន្សាំនៃការបម្រែបម្រួល អាកាសធាតុ៕