សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៥ខែតុលានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជួជាមួយ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណប្រជាមានិតចិន នៅវិមានរដ្ឋទីក្រុងប៉េកាំង សាធារណប្រជាមានិតចិន។
នៅក្នុងជំនួបដែលពោរពេញដោយភាពស្និតស្នាលនេះ ឯកឧត្តម ស៊ី ជីងពីង បានសំដែងនូវការស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹកនាំគណប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងប៉េកាំង។ ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏អបអរសាទរសម្តេចតេជោដែលទទួលបានការគាំទ្រជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏ថា ឆ្នាំនេះព្រះមហាក្សត្រកម្ពុជាបានយាងចូលរួមខួបទី៧០នៅប្រទេសចិន។
ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏ថា កន្លងទៅនេះគណបក្សកុម្មុយនីស្តចិនតែងតែ
គាំទ្រដល់កម្ពុជា ហើយកម្ពុជាក៏មានទំនាក់ទំនងល្អជាមួយ និងប្រទេសចិនជាយូរលង់ណាស់មកហើយ។ ជាការឆ្លើយតបសម្តេចតេជោនាយកដ្ឋមន្រ្តី បានមានប្រសាសន៏ថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ជីងពីង ដែលបានអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំពិសេសរបស់គណបក្សនយោបាយអាស៊ី និងថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ជីងពីង ដែលបានអបអរសាទរសម្តេចជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោក៏បានមានប្រសាសន៏អបអរសាទរដល់ប្រទេសចិនដល់បានប្រារព្ធខួបលើកទី៧០ និងអបអរសាទរនូវសមិទ្ធផលដែលចិនមានការរីកចំរើន ជាពិសេសប្រទេសបានចូលរួមចំណែកផ្តល់វិភាគទានដល់ប្រទេសកំពុងអភិវឌ្ឍន៏ សម្តេចក៏បានគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ចផ្លូវសូត្រដែលជាគំនិតផ្តួចផ្តើមពីរដ្ឋាភិបាលចិន។ ដោយឡែកទាក់ទិននឹងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី សម្តេចបានមានប្រសាសន៏ថា ជាកត្តាសំខាន់ណាស់សំរាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់កម្ពុជា នឹងរៀបចំអនុម័តនូវឯកសារទាំងឡាយដើម្បីចូលរួមជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ។ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុក្ខព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីកន្លងទៅនេះ។ នៅក្នុងជំនូបនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ស្នើដល់ភាគីចិនអោយជួយបណ្តុះបណ្តាល ដល់យុវជន និងស្រ្តីកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តការអោយកាន់តែស៊ីជម្រៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណនូវជំនួយដែលភាគីចិនជួយដល់ការសាងសង់ពហុកីឡាដ្ឋាននៅកម្ពុជាក្នុងឪកាសដែលកម្ពុជាធ្វើជាប្រធានស៊ីហ្គេមនៅឆ្នាំ២០២៣។
សម្តេចតេជោក៏បានស្នើអោយភាគីចិនទិញអង្ករកម្ពុជាអោយបានមួយឆ្នាំ១០ម៉ឺនតោនៗនិងស្នើអោយរដ្ឋាភិបាលចិនមានកូតាថែមទៀតក្នុងការនាំអង្ករពីកម្ពុជាចូលប្រទេសចិន និងនាំចូលនូវកៅស៊ូកម្ពុជាមកកាន់ប្រទេសចិនផងដែរ។ សម្តេចក៏បានស្នើរសុំអោយរដ្ឋាភិបាលចិនជំរុញអ្នកវិនិយោគទៅកាន់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឪកាសនេះសម្តេចតេជោបានអញ្ជើញ ឯកឧត្តម ស៊ី ជិងពីង ទៅទស្សនៈកិច្ចនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ី ជិងពីង ចង់ឃើញកម្ពុជានិងចិនមានកិច្ចសហប្រតិបត្តការថែមទៀត ឯកឧត្តម ស៊ី ជិងពីង បានមានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្រ្តីគឺជាបងប្អូនពិតនៃប្រទេសចិន និងបន្តបណ្តុះបណ្តាលធនធានមនុស្សសំរាប់ប្រទេសកម្ពុជា។ ឯកឧត្តម ស៊ី ជិងពីង បានបញ្ជាក់ថា នឹងជំរុញអោយមានកូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនអោយបាន១០ម៉ឺនតោនដូចអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តីស្នើសុំ និងជំរុញអ្នកវិនិយោគ អ្នកទេសចរណ៏ចិនទៅកាន់ប្រទេសកម្ពុជាអោយបានកាន់តែច្រើន ជាពិសេសភាគីចិនបានឯកភាពផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន១ពាន់លានយ័ន និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ ។
ក្រោយពីជំនួបបានបញ្ចប់ភាគីកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ក្នុងនោះមានពិធីសារជាកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋានមរតកតេជោកិច្ចព្រមព្រៀងផ្តល់ថវិការកិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ ការបណ្តុះបណ្តាល វិនិយោគ និងកសិឧស្សាហកម្ម។ កិច្ចព្រមព្រៀង ទិញ អង្ករពីកម្ពុជាមួយឆ្នាំ១០ម៉ឺនតោនៗចាប់អនុវត្តពីឆ្នាំ ២០១៦តទៅ៕