សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់និស្សិតក្នុងឱកាសនោះថា ការជួបជុំក្មួយៗ និងចៅៗ ទាំងអស់នៅពេលនេះ គឺស្របពេលទៅនឹងការប្រារព្វខួប៣ឆ្នាំ នៃការយាងចូលព្រះទីវង្គរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងទាំងអស់គ្នា។ តាមរយៈនៃការជួបជុំគ្នានោពេលនេះ សម្តេចមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាត្រូវតែគោរពចងចាំថ្ងៃទី១៥តុលានេះ គឺជាការបាត់បងនូវព្រះបិតា សម្តេច សម្តេចទួត ជាទីសក្ការៈនៃយើង ហើយតាមរយៈថ្ងៃនេះដែរនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា បានប្រារព្វរៀបចំព្រះរាជពិធីកាន់ទុក្ខថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ ហើយយើងនៅទីនេះ ក្នុងប្រទេសចិន សម្តេចស្នើសុំឲ្យ ក្មួយៗ និងចៅៗទាំងអស់ ក៏ដូចជាគណៈប្រតិភូទាំងមូលផងដែរ អញ្ជើញក្រោកឈរឡើងដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈនៃយើង។
នៅក្នុងពិធីសំណេះសំណាលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរដល់និស្សិត អាហារូបករណ៍កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្នាក់នៅសិក្សារៀនសូត្រ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អជាមួយ សាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយនិងបងប្អូនប្រជាពលរដ្ឋចិនផ្ទាល់តែម្តង។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយ និងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការដាស់តឿន ដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាតហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឲ្យបានច្រើននិងទូលំទូលាយ។
ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវមានមនសិកាសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនិងកម្មវិធីសិក្សា ពិសេសការរីកចំរើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍នៃសភាពការណ៍ពិភពលោក។ ដោយសារតែឆ្នាំ២០១៥ គឺជាឆ្នាំដែលសហគមន៍អាស៊ានចាប់បដិសន្ធិពេញរូបរាងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ បង្កើនការប្រកួតប្រជែងនិងប្រៀបឈ្នះ ក្នុងការទទួលបាននូវចំណេះដឹងចំណេះធ្វើពិតប្រាកដ ក្នុងការដណ្តើមឧត្តមភាពលើទីផ្សារការងារ សំរាប់អនាគតរបស់បុគ្គលម្នាក់ៗ និងសំរាប់ការអភិវឌ្ឍតំបន់របស់យើងឲ្យកាន់តែរីកចំរើនថែមទៀត។
ជាមួយគ្នានេះ សម្តេចតេជោ មានប្រសាសន៍ស្នើដល់និស្សិតទាំងអស់ បង្កើននូវការយកចិត្តទុកខ្ពស់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយ នឹងនិស្សិតក៏ដូចជាថ្នាក់ដឹកនាំចិន ព្រោះថាចិនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងបានជួយកម្ពុជាដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ននឹងទៅអនាគត។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ចែកជូនដល់និស្សិតអាហារូបករណ៍ទាំង១៤៦រូបផងដែរ។