យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពីធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន និងសួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងលិច-ត្រើយខាងកើត ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ រួមសហការជាមួយក្រសួងសាធារណការ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ដើម្បីឲ្យការប្រារព្ធពិធីនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ក្នុងពេលដំណើរការកម្មវិធី សាលារាជធានីភ្នំពេញ បានធ្វើការណែនាំដូចជា៖ ១. ផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) នាព្រឹកថ្ងៃទី ២២តុលា ចាប់ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ ២. ការចរាចរណ៍ចេញចូលរាជធានីភ្នំពេញ ត្រូវបានបង្វែទិសតាមតម្រាយដូចខាងក្រោម៖
-ចេញចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវធ្វើចរាចរឆ្លងកាត់តាមស្ពានឧកញ៉ា លី យ៉ុងផាត់ ឡើងមកផ្លូវជាតិលេខ ៥ ផ្លូវទំនប់កប់ស្រូវ វិថីហាណូយ។
-ចរាចរពីទិសខាងលិច ទៅកើតឆ្លងស្ពានជ្រោយចង្វារ ត្រូវបង្វែទិសដៅតាមផ្លូវជាតិលេខ៥ ឡើងតាមស្ពានឧកញ៉ា លី យ៉ុងផាត់។
៣. ក្នុងករណីមានការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ចរាចរណ៍ពីទិសខាងជើងចូលរាជធានីភ្នំពេញ ត្រូវបង្វែទិសតាមផ្លូវទំនប់កប់ស្រូវ វិថីហាណូយវិញ៕