អ្នកនយោបាយគួរមានសេចក្តីក្លាហាន
ត្រូវហ៊ានទទួលស្គាល់ការពិតនូវទង្វើរបស់ខ្លួនចំពោះមុខប្រជាពលរដ្ឋ
និងដាច់ខាតត្រូវតែទ្រាំទ្រអោយបាននឹងពាក្យរិះគន់ត្រឡប់វិញ
ឬក៏សកម្មភាពប្រឆាំងណាមួយរបស់ប្រជាពលរដ្ឋនៅពេលដែលអ្នកនយោបាយមិនបានបំពេញបំណងរបស់ពួកគាត់
និងសូមកុំចាត់ទុក ប្រជាពលរដ្ឋគ្រាន់តែជាកម្លាំងគាំទ្រក្រុមខ្លួនគ្រប់ពេលវេលា
ក្នុងខណៈដែលអ្នកនយោបាយមិនបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
យ៉ាងណាមិញ កម្លាំងប្រជាពលរដ្ឋ
នឹងមិនអត់ឱនអោយជាដាច់ខាត បើសកម្មភាពរបស់អ្នកនយោបាយ
កាន់តែដើរឆ្ងាយពីផ្លូវច្បាប់ និងពោរពេញទៅដោយចេតនាបង្កភាពចលាចលសង្គម
និងចាត់ទុកប្រជាពលរដ្ឋជាបាវបំរើរបស់ខ្លួនដាច់ថ្លៃ។ ក្នុងន័យនេះ
មេដឹកនាំគណបក្សប្រឆាំង បាន និងកំពុងជួបនូវឧបសគ្គដ៏ធ្ងន់ធ្ងរដោយការមិនយល់ពីគោលបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
។ ហេតុការណ៍ដែលបានកើតឡើងនៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ
និងនៅប៉ៃលិន គឺជាភស្តុតាងបង្ហាញប្រាប់ថា
ប្រជាពលរដ្ឋពិតជាមិនត្រូវការភាពរំខាន
គ្រប់ពេលវេលាពីក្រុមអ្នកនយោបាយក្បាលរឹង នៃគណបក្សសង្គ្រោះជាតិ
ដែលនិយមយកការជេរប្រមាថ កាតទានមកលើរាជរដ្ឋាភិបាល ជាពិសេសមកលើគណបក្សប្រជាជនកម្ពុជា
ថា ល្មមដល់ពេលភ្ញាក់ខ្លួន ហើយក៏សូមកុំជោរនឹងការធ្វើឬកពារជាអ្នកប្រឆាំងគ្រប់កាលៈទេសៈ
រហូតយកការប្រឆាំង និងភាពបះបោរធ្វើជាមុខរបរដើម្បីបន្តអាជីពនយោបាយនោះ ។
ម៉្យាងវិញទៀត ការចោទប្រកាន់មកលើប្រជាពលរដ្ឋថា
ជាក្រុមខ្មែរក្រហមពីមុន មានចរិតឃោរឃៅ នឹងទទួលបញ្ជាពីគណបក្សប្រជាជនកម្ពុជា
វារឹតតែធ្វើអោយសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ
ពិបាកក្នុងការចុះទៅធ្វើសកម្មភាពជាថ្មីនៅលើទឹកដីនោះម្តងទៀត
គឺអាចប្រឈមនឹងកំហឹងរបស់ប្រជាពលរដ្ឋអត់ទ្រាំលែងបាន។
មេដឹកនាំគណបក្សសង្គ្រោះជាតិត្រូវតែដឹងអោយច្បាស់ថា « អ្នកមានសិទ្ធិនិយាយ
ប៉ុន្តែ អ្នកគ្មានសិទ្ធិបង្ខំអោយប្រជាពលរដ្ឋត្រូវតែគាំទ្រពួកខ្លួនទាំងងងឹតងងុលនោះឡើយ»។ ប្រជាពលរដ្ឋ
មានសិទ្ធិពេញទីក្នុងការប្រឆាំងនឹងសកម្មភាពព្រហើនរបស់អស់លោកអ្នក
ហើយពួកគាត់ក៏មានសិទ្ធិប្រកាសគាំទ្រថ្នាក់ដឹកនាំណាដែលពួកគាត់ពេញចិត្ត។សូមកុំប្រែក្លាយការគាំទ្ររបស់គាត់ចំពោះអ្នកណាម្នាក់ ថា អ្នកនោះ
ឬគណបក្សនោះបញ្ជាឬ ទិញទឹកចិត្តគាត់។
បើពិនិត្យលើទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋរាប់រយ
ពាន់នាក់ ដែលដង្ហែរក្បួនប្រឆាំងនឹងវត្តមាន សម រង្ស៊ី កឹម សុខា
គឺកើតចេញពីឆន្ទៈពិតប្រាកដរបស់ពួកគាត់ គ្មានការទិញដូរទេ សមដូចពាក្យរបស់ក្រុមបក្សប្រឆាំងតែងតែនិយាយថា
ពលរដ្ឋសព្វថ្ងៃមានសិទ្ធិគ្រប់គ្រាន់ មិនអាចមានអ្នកណាម្នាក់ទិញទឹកចិត្តពួកគាត់បានឡើយ។