Monday, June 9, 2014

ម៉ម សូណង់ដូ​ រិះគន់ សម រង្ស៊ី និង កឹម សុខា ថា​គ្មានជំហរច្បា​ស់លាស់ ​និងសក​ម្មភាព​ប្រឆាំង​សព្វ​ថ្ងៃ​ធ្វើដើម្បី​ល្អមើល

លោក ម៉ម សូណង់ដូ រិះគន់មេដឹកនាំ​គណបក្ស​ប្រឆាំង
យោង​តាម​កិច្ច​សម្ភាសន៍​ជា​មួយ​​​Thmey​thmey.com កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ​២០១៤ ប្រធាន​សមាគម​អ្នកប្រជាធិប​តេយ្យ និង​ជា​ម្ចាស់​ស្ថានីយ៍វិទ្យុ​សំ​បុក​ឃ្មុំ ដែល​គេដឹង​ថា មាន​និន្នាការ​គាំ​ទ្រគណ​បក្ស​ប្រឆាំង​តាំងពីយូរយាណាស់​មក​ហើយ​​នោះ ​លោក ម៉ម សូណង់ដូ បាន​​រិះគន់ដោយ​ឥត​សំ​ចៃ​មាត់ និងការ​បញ្ជាក់​ពី​ការ​អស់ជំនឿ​ចិត្តទាំង​ស្រុង​​ចំពោះ មេ​ដឹក​នាំបក្សប្រឆាំង​លោក សម រង្ស៊ី នឹង​លោក កឹម សុខា ដែលត្រូវ​បាន​លោក ម៉ម សូណង់​ដូ ចាត់​ទុកថា មេដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីររូប​នោះ មិន​មាន​គោលជំ​ហរ​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។
លោក ម៉ម សូណង់​ដូ បាន​រិះ​គន់​ថា ទង្វើ​របស់ លោក សម រង្ស៊ី និង​កឹម សុខា បច្ចុប្បន្ន ពិតជា​មិនអាច​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ។

ចំណុច​មួយ​ចំ​នួន​ដែល​លោក​ម៉ម សូណង់​ដូ ថា លោកមិន​ពេញ​ចិត្តនឹង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ?
​ទី១‑  គឺ​ទាក់ទង​នឹង​ជំហរ​មិន​ច្បាស់លាស់​រឿង​ដូរ​គ.ជ.ប និង​ទី ២‑  ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មុន​អាណត្តិ។ លោក សូណង់​ដូ និយាយថា ខ្ញុំ​គិតថា ផ្អែក​តាម​សម្មភាព លោកធំ​ទាំងពីរ​នឹងមិន​អាចធ្វើ​បាន​តាម​កា​រ​សន្យា​របស់ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ជំហរ​ពួកគាត់​ទន់​ណាស់ ហើយ​គ្មាន​ប្រាកដ​ត្រង់ណា។ ពីមុនមក​និយាយ​ជាមួយ​ម្ចាស់ឆ្នោត​ថា ត្រូវតែ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ​ឲ្យ​បានជា​មុនឲ្យ​បានជា​ដាច់ខាត តែ​ក្រោយមក​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ចង់បាន​ដំណែង​ប្រធានរដ្ឋសភា ថែមទាំង​និយាយថា គ្មាន​នរណា​ឈ្នះ អ្នកណា​ចាញ់​ទៀត។ បច្ចុប្បន្ន ចេះតែធ្វើ​ឲ្យ​ល្អមើល បោក​ពលរដ្ឋ​តែប៉ុណ្ណោះ តាមពិតទៅ​ទន់​ល្អក់ រកតែ​ដើរចូល​សភា​ទេ តែ​ខ្លាច​ពលរដ្ឋ​អន់ចិត្ត ព្រោះ​ធ្វើ​អ្វី​អត់​កើត( និយាយ​ហើយ លោក ម៉ម សូណង់ដូ សើច ប្រមាណ ៣០ វិនាទី)។

ឆ្លើយ​ទៅ​នឹង​សំ​នួររបស់​Thmeythmey ដែល​សួរថា  ចុះ​ប្រសិនបើ​លោក ជា​មេដឹកនាំ​គណបក្ស​ប្រឆាំ​ង​​​វិញ លោក​ធ្វើ​ដូចម្តេច?
លោក ម៉ម សូណង់ដូ៖ បើ​ខ្ញុំ​វិញ ជំហរ​របស់ខ្ញុំ​ត្រូវតែ​រឹងប៉ឹង ច្បាស់ មិនអាច​ទន់ជ្រាយ​បានទេ ពោលគឺ​ទាមទារ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ ដូរ​គ.ជ.ប ត្រូវតែ​ធ្វើ​ឲ្យ​បាន។ បើ​ចរចា​គ្នា​មិនត្រូវ គឺ​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាល់តែ ​បាន​ជោគជ័យ ហើយ​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា បើ​ម៉ម សូណង់ដូ ដឹកនាំ​ធ្វើបាតុកម្ម ម៉ម សូណង់ដូ ត្រូវ​ដើរ​មុខ​គេ ហើយ​ត្រៀម​ក្តារ​ម្ឈូស​ទុក។ ព្រោះ​យើង​ចង់រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ មិនមែន​ដូច​របៀប​លោកធំ​ទាំងពីរ កឹម សុខា សម រង្ស៊ី ខ្លាច រកតែ​រត់​រួចខ្លួន។ និយាយ​ដល់​ចំណុច​នឹង​ខ្ញុំ​នឹង​ឃើញ​ដល់​បន្ទូល​របស់​ទ្រង់ រណ​ឬ​ទ្ធិ ដែល​និយាយ​កាលពីពេលថ្មីៗថា បើ​លោក​ជា​មេគណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ចូល​សភា ព្រោះ​ចរិត​របស់​សម រង្ស៊ី នឹង​កឹម សុខា មុននឹង​ក្រោយ​គង់តែ​ចូល​ដដែល​នឹង។ ខ្ញុំ​គាំទ្រ​គំនិត​របស់​ទ្រង់ ព្រោះ រណ​ឬ​ទ្ធិ ស្គាល់ សម រង្ស៊ី កឹម សុខា ច្បាស់ ព្រោះ​ទន់​ដូចគ្នា និង​គេ​ប្រើ​បាន​ដូចគ្នា។
ពេលនេះ ខ្ញុំ​អស់ជំនឿ ខ្ញុំ​គិតថា ជំហរ​បក្សប្រឆាំង​មិន​ខុសពី ហ្វ៊ុន ស៊ិនប៉ិច ពីមុន​ឡើយ។


ប្រភព៖ ពីthmeythey.com