រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលទើបឡើងកាន់ តំណែង ថ្មី លោក សាយ សំអាល់ បានអះអាងថា នាពេលបច្ចុប្បន្ន មន្ត្រីរាជការដែលបម្រើការងារនៅក្នុងក្រសួងរបស់លោកមួយចំនួន មិនដែលមកធ្វើការនោះទេ ពោលគឺចាំតែបើកប្រាក់ខែតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីវ័យក្មេង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីទាំងនោះ។
ទើបតែមានអាយុ ៣៤ ឆ្នាំ និងឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំត្រឹមត្រូវផងនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយណា ដែលបម្រើការងារនៅក្នុងក្រសួងបរិស្ថាន ហើយមិនមកធ្វើការ។ បើតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួងនេះទាំងអស់មានចំនួនតែ ៥០០ នាក់ប៉ុណ្ណោះ ហើយក្រសួងកំពុងតែត្រូវការបុគ្គលិកបន្ថែម។
នៅក្នុងសន្និសីទការសែតលើកទី ១ ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញ លោក សាយ សំអាល់ បានបញ្ជាក់ដូច្នេះថា៖« មន្ត្រីរបស់យើងមិនមកធ្វើការ ក៏មានច្រើនដែរ តែឥឡូវយើងកំពុងធ្វើការជាមួយគាត់។ ពេលខ្លះយើងមិនទាន់បានផ្ទេរភារកិច្ចដល់គាត់ តែមន្ត្រីខ្លះក៏គាត់ខ្ជិល គាត់មិនមកធ្វើការ។ បន្តិចទៀតយើងនឹងមានវិធានការចំពោះគាត់»។
លោករដ្ឋមន្ត្រី ដែលជាកូនប្រុសលោក សាយ ឈុំ រូបនេះ បានអះអាងថា បច្ចុប្បន្នក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក កំពុងធ្វើទំនើបកម្មថ្មី។ ទំនើបកម្ម ដែលលោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ចាប់ផ្តើមពីការនិត្យលើជីវភាពរស់នៅរបស់មន្ត្រីរាជការដែលបម្រើការងារនៅក្នុងស្ថាប័ននេះ តាមរយៈការផ្តល់ប្រាក់បេសកម្ម ការគ្រប់គ្រងចំណូលរបស់ក្រសួង ផ្តល់ប្រាក់លើកទឹកចិត្ត និងតម្លើងប្រាក់ខែតាមរយៈពេលវេលានៃការធ្វើការ។
តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីដដែល បាននិយាយថា ការធ្វើទំនើបកម្មក្រសួងបរិស្ថាននេះ មិនមែនមានន័យថា រដ្ឋមន្ត្រីដែលគ្រប់គ្រងក្រសួងនេះមុន មិនបានគិតគូរពីបញ្ហានេះឡើយ ឬធ្វើមិនបានល្អឡើយ។ លោកថា អ្វីដែលលោកធ្វើពេលនេះ គ្រាន់តែដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតតែប៉ុណ្ណោះ។
សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ លោក សាយ សំអាល់ កូនប្រុសរបស់លោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋាភិបាលនីតិកាលទី ៥ តែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថានជំនួសលោក ម៉ុក ម៉ារ៉េត។ លោក សាយ សំអាល់ ដែលពេលនេះ មានអាយុ ៣៤ ឆ្នាំ គឺជារដ្ឋមន្ត្រីក្មេងជាងគេនៅក្នុងរដ្ឋាភិបាលអាណត្តិនេះ។
តាមពិតទៅក្នុងអាណត្តិទី ៥ នេះ លោក សាយ សំអាល់ ក៏បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅមណ្ឌលកំពង់ចាមផងដែរ តែលោកមិនបានជាប់ឆ្នោតនោះទេ។ លោករដ្ឋមន្ត្រី កើតនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៨០ បានទទួលការអប់រំផ្នែកបរិស្ថាន នៅក្នុងប្រទេសអូស្រា្តលី៕
ដោយ ជា ធីរិទ្ធ, thmeythmey