Thursday, July 24, 2014

អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទាន៦៤លានដុល្លារអាម៉េរិកសម្រាប់អនុវត្តន៍គម្រោងបីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤​  កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ២០១៣ និងកិច្ចព្រម ព្រៀងស្ដីពី​កិច្ច​​សហប្រតិបត្តិការបច្ចេកទេស ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ចំនួន៦៤លាន​ដុល្លារ ​អា​ម៉េរិកសម្រាប់អនុវត្តន៍វិស័យជាអាទិភាពចំនួន០៣ នៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម​ គាត ឈន់ ឧប​នាយករដ្ឋមន្ត្រីប្រចាំការ អនុ​ប្រ​ធា​នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯក​ឧត្ដ​ម​ Joachim Baron   Von Marcshall ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ ២០១៤ នៅក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុ​ជា​។

កិច្ចព្រមព្រៀងទាំងពីរ ដែលបានចុះហត្ថលេខានេះមានហិរញ្ញប្បទាន សរុប៤៧,០៥ លា​ន​អឺរ៉ូ សមមូលនឹង៦៤ លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការអនុវត្ត​គម្រោង​ក្នុងវិស័យអាទិភាពទាំងបី នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ ដែលរួមមានវិស័​យ​សុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និង អភិបាលកិច្ច (ដូចជាយេនឌ័រ កំណែទម្រង់​រដ្ឋ​បា​ល និងការអភិវឌ្ឍតាមបែបប្រ ជាធិតេយ្យថ្នាក់ក្រោមជាតិ) ដែលសុទ្ធសឹង​ជាវិស័យអាទិភាព​របស់​រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអនុវត្តឲ្យបានសម្រេចនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុ កោណដំណា​ក់​កាលទី៣។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង២ នេះក៏ ជាការអនុវត្តលទ្ធផល​នៃ​កិច្ច​ចរចា​កម្ពុជា-​អាល្លឺម៉ង់ នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញផងដែរ។

រដ្ឋាភិបាល នៃសាធារណរដ្ឋអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទាន​ឥតសំ​ណ​ង សរុបប្រមាណ៤៣២ លានដុល្លារ​អាម៉េរិក។ ហិរញ្ញប្បទាននេះមិនតំណាងឲ្យ​ទំ​ហំ​ហិរញ្ញប្បទានទាំងអស់របស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់​នោះឡើយ ព្រោះថាអាល្លឺ​ម៉​ង់​​បានផ្ដល់ធនធានដល់សហគមន៍អឺរ៉ុប ដែលមានប្រមាណ២០% នៃធនធានសរុប​របស់​សហ​គ​​ម​ន៍អឺរ៉ុប និងបានផ្ដល់ដល់ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ និងស្ថាប័នពហុភាគីជាច្រើនទៀត ដូចជា​​ ធនាគារពិភពលោក ធនាគារ អភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រជាជាតិជាដើម។ លើ​ស​ពីនេះ អាល្លឺម៉ង់បាន និងកំពុងអនុវត្តន៍កម្មវិធីថ្នាក់តំបន់ និងកិច្ចសហប្រតិបត្តិការត្រីកោណជាច្រើន ទៀត។

ហិរញ្ញប្បទានទាំងនេះបានបំពេញបន្ថែមឲ្យហិរញ្ញប្បទាន ដែលបានផ្ដល់ ក្នុង​ក្រប​ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ផងដែរ៕
ដោយ ជឹម ណារី