AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម កែវ មុយថង អគ្គលេខាធិការរងចលនាភូមិមួយផលិតផលមួយ នៃក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានឲ្យដឹងថា ការងារជំរុញចលនាភូមិមួយផលិតផលមួយ គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការលើកស្ទួយផលិតផលក្នុងស្រុក និងការវេចខ្ចប់ប្រកបដោយគុណភាព សោភ័ណភាពនៃផលិតផលកសិកម្ម និងសិប្បកម្មនានា ដែលអាចឆ្លើយតបនឹងទីផ្សារក្នុង និងក្រៅស្រុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងមូល ដ្ឋានផងដែរ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាខេត្ត បន្ទាយមានជ័យ ឯកឧត្តម កែវ មុយថង បានបញ្ជាក់ទៀតថា ចលនាភូមិមួយផលិតមួយនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាម គោលដៅ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺធានាសម្រេចឲ្យបាននូវការកាត់បន្ថយអត្រានៃភាព ក្រីក្រឲ្យលើសពី១% ក្នុងមួយឆ្នាំ។ លើកកម្ពស់ផលិតផលជាវប្បធម៌ប្រពៃណីនៅមូលដ្ឋាន និងកែច្នៃផលិតផល រួមមានផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្មនានា កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជន ជាពិសេសយុវជន និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសហគមន៍។
អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម អោម ចន្ថា បានលើកបង្ហាញ នូវសក្ដានុពលច្រើនវិស័យរបស់ខេត្ត ហើយបានស្នើឲ្យអាជ្ញាធរដែនដី មន្ដ្រីជំ នាញ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងផ្នែកឯកជនចូលរួមក្នុងការងារជំរុញចលនាភូមិមួយផលិតផលមួយឲ្យសម្រេចបានជោគជ័យ។
មន្ដ្រីមន្ទីរ អង្គភាព និងស្រុក-ក្រុងពាក់ព័ន្ធបានលើកយកលក្ខណៈពិសេស នៃចលនាភូមិមួយផលិតផលមួយមកដាក់ជូនអង្គប្រជុំពិភាក្សាដូចជា ផលិតផលសូត្រ ស្រុកភ្នំស្រុក ផលិតផលថ្មចម្លាក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ផលិតផលឧបករណ៍ប្រើប្រាស់ ពិសេសឧបករណ៍នេសាទធ្វើពីឫស្សី នៅឃុំបន្ទាយនាង ស្រុកមង្គលបូរីជាដើម ដែលត្រូវជំរុញឲ្យដំណើរការរីកចម្រើនបន្ត ដើម្បីចូលរួម ក្នុងការប្រឡងប្រណាំងចលនា ភូមិ មួយផលិតផលមួយនេះ៕
ដោយ ឈុន សារ៉ាត