AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ លោក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ អន្តរជាតិក្រុង ព្រះសីហនុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ នាវា SEA PRINCESS សញ្ជាតិ BARNUDA ដែលធ្វើដំណើរមកពីប្រទេសវៀតណាម បានចូលមកចតនៅកំពង់ផែអន្តរជាតិ ក្រុង ព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសថៃនៅរសៀលថ្ងៃ ដដែលនោះ។
នាវា SEA PRINCESS មានបណ្តោយ២៧១ ម៉ែត្រ ទទឹង៣២ ម៉ែត្រ មាននាវិកបម្រើការចំនួន៨៥៩ នាក់ និងមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន១.៩៦៦ នាក់ និងចំនួន១៩ សញ្ជាតិផ្សេងគ្នា ហើយភ្ញៀវដែលមានច្រើន ជាងគេមានគឺសញ្ជាតិអូស្រ្តាលីចំនួន១.៧១៦ នាក់ ស្វាស៊ីឡង់ចំនួន៧៩ នាក់ អង់គ្លេសចំនួន៧៣ នាក់ និងក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត។
លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុបានឲ្យដឹងថា នៅពេលដែលមាននាវា ទេសចរណ៍បរទេសចូលមកម្តងៗ យើង បានជួយសម្រួលការងារសព្វបែបយ៉ាង ដើម្បីឲ្យភ្ញៀវមានពេលវេលា វែង ក្នុង ការទៅទស្សនានៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំក្នុងរាជធានីភ្នំពេញ និងទៅកម្សាន្តនៅប្រាសាទអង្គរ ខេត្ត សៀមរាប ក៏ដូចជារមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុផងដែរ ដោយមិនឲ្យមានការរាំងស្ទះ ដើម្បីឲ្យភ្ញៀវអាចវិលត្រឡប់មកទាន់ពេលវេលា ដែលការ នេះជាការផ្តល់ជំនឿទុកចិត្តឲ្យភ្ញៀវចង់មកលេងកម្សាន្តនៅកម្ពុជា ម្តងហើយ ម្តងទៀតនោះ។
លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងផង ដែរថា ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៤ នេះ មាននាវាទេសចរណ៍បរទេស ចូលចតធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុចំនួន២១ លើក និងមានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន១១.៣៣០ នាក់៕
ដោយ ងូ សុមុនី