AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ អគាររដ្ឋបាលថ្មីរបស់មន្ទីរធម្មការនិងសាសនា ខេត្តពោធិ៍សាត់ដែលទើប កសាងរួចរាល់បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម មិន ឃិន រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោយ មានការនិមន្តចូលរួមពីព្រះវិចិត្រព្រម្មធរយហថេរោ យ៉ែម ហន ព្រះមេគណខេត្ត ព្រះសង្ឃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធាន អនុប្រធានមន្ទីរនានា ក្នុងខេត្តមួយចំនួនទៀត។
ឯកឧត្តម មិន ឃិន និងឯកឧត្តម ម៉ៅ ធនិន បានថ្លែងកោតសរសើរដល់ មន្ទីរធម្មការ និងសាសនាខេត្ត ដែល បានខិតខំតស៊ូឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងទម្រាំមានកន្លែងធ្វើការថ្មី មានអគារសមរម្យនិងទីធ្លាធំទូលាយ ល្អប្រសើរ ជាងមុនបែបនេះ។ អគាររដ្ឋបាលថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ស្របពេល ដែលខេត្តពោធិ៍សាត់ កំពុងតែរៀបចំកែលម្អសោភ័ណភាពក្រុង ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាតជាមួយបណ្ដាខេត្តផ្សេងៗ ទៀតនោះ។
ក្នុងឱកាសនោះ គណៈអធិបតីបានចែកថវិកាជូនលោកតាលោកយាយ ចំនួន៣០ នាក់ ម្នាក់ទទួលបាន៥.០០០ រៀល និងប្រគេនទេយ្យទានដល់វត្ត ចំនួន ០៣ គឺវត្តមណីរតនារាម វត្តសូរិយា និងវត្តមុនីវង្សារាម(វត្តធម្មយុត្តិ)ក្នុង មួយវត្តទទួលបានអង្ករ៥០ គីឡូក្រាម ទឹកក្រូច០១ កេស ទឹកបរិសុទ្ធ០២ យួរ ទឹកត្រី០១ យួរ ទឹកស៊ីអ៊ីវ០១ យួរ និងមី០១ កេសផងដែរ៕
ដោយ ណៅ ធឿន