ជំរាបជូន លោក វីលីយ៉ាំ ហៃដត៍ (William Heidt) ជាទីរាប់អាន :
ជាបឋម ខ្ញុំសូមអបអរសាទរក្នុងការសំរេចតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា។
ខ្ញុំមានការចាប់អារម្មណ៍បន្ទាប់ពីបានអានរឿងរាវក្នុងសារព័ត៌មាន ដែលបានផ្សាយពីបទ សម្ភាសន៍របស់លោក ដោយគណៈកម្មការទំនាក់ទំនងការបរទេសព្រឹទ្ធសភា លោកបាននិយាយថា «ចំណុចអាទិភាព» របស់លោក ក្នុងឋាន:ជាឯកអគ្គរដ្ឋទូត គឺដើម្បី «ពង្រឹងស្ថាប័នប្រជាធិបតេយ្យរបស់កម្ពុជា» ពិសេស ដើម្បីជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ឲ្យមានភាព «សេរី និងយុត្តិធម៌» ។
ខ្ញុំយល់ឃើញថា ពាក្យសម្តីទាំងនេះហាក់ដូចជាផ្លែកបន្តិច នៅក្នុងទិដ្ឋភាពពីរ ៖ ទីមួយ ខ្ញុំមានការចាប់អារម្មណ៍ថា ចំណុចអាទិភាពជាទូទៅ របស់បណ្តាស្ថានទូត គឺការការពារ និងការជួយយកអាសារអ្នកទេសចរណ៍មកពីប្រទេសរបស់ពួកគេ និងជួយសម្រួលដល់ពាណិជ្ជកម្ម និងការងារផ្សេងៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសពួកគេ និងប្រទេសម្ចាស់ផ្ទះ។ ខ្ញុំមិនបានដឹងថាឥឡូវនេះ ការងារដំបូងរបស់ឯកអគ្គរដ្ឋទូត គឺដើម្បីប្រាប់ឲ្យប្រទេសម្ចាស់ផ្ទះនូវរបៀបរៀបចំការបោះឆ្នោតនោះទេ។ (ប្រហែលជាខ្ញុំគួរតែអាចស្មានដឹងពីឥរិយាបទរបស់ឯកអគ្គរដ្ឋទូតកាន់ដំណែងមុនលោក ដែលជារឿយៗ បានផ្តល់ការណែនាំជាសាធារណៈ អំពីរបៀបរៀបចំការបោះឆ្នោតរបស់កម្ពុជា ឬអំពីច្បាប់ណាដែលរដ្ឋសភាគួរអនុម័ត ឬមិនគួរអនុម័ត។)
ទីពីរ វាជាការចម្លែកខ្លាំងមែនទែន ដែលថា រដ្ឋាភិបាលអាមេរិកកំពុងតែប្រាប់ប្រទេសកម្ពុជា --ឬគេរាល់គ្នា -នូវរបៀបរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នោះ។ តើលោកនៅចាំទេកាលពីពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០០០? នៅមុនការបោះឆ្នោតនោះ អភិបាលរដ្ឋ Florida លោក Jeb Bush -ជាប្អូនប្រុសរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក George W. Bush -បានដកឈ្មោះអ្នកបោះឆ្នោតស្បែកខ្មៅរាប់សិបពាន់នាក់ (ដែលពួកគេភាគច្រើនបានបោះឆ្នោតឲ្យគណ បក្សប្រជាធិបតេយ្យ) ចេញពីបញ្ជីបោះឆ្នោតអេឡិចត្រូនិក។ លោក Bush បានឈ្នះឆ្នោតនៅរដ្ឋ Florida មិនលើសពី៦០០សន្លឹកប៉ុណ្ណោះ ហើយបានជាប់ជាប្រធានាធិបតី -ទោះបីជាគាត់ត្រូវទទួលបានការបញ្ជាពីតុលាការកំពូល ដើម្បីរារាំងការរាប់សន្លឹកឆ្នោតនៅរដ្ឋFlorida ឡើងវិញ (តាមភាពជាក់ស្តែង តាមច្បាប់របស់អាមេរិក ការរាប់សន្លឹកឆ្នោតឡើងវិញ ត្រូវបានចាត់ទុកថា មិនយុត្តិធម៌ចំពោះបេក្ខជនដែល ត្រូវបានប្រកាសថាជាអ្នកឈ្នះដោយប្អូនប្រុសគាត់នោះ។)
នៅចន្លោះឆ្នាំ២០០០ និង២០០៤ មធ្យោបាយអេឡិចត្រូនិកត្រូវបានគេប្រើប្រាស់ច្រើនទៅៗសម្រាប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅសហរដ្ឋអាមេរិក។ បែបនេះ ការធ្វើឲ្យមានសុក្រឹតភាពនៃការបោះឆ្នោត គឺអាស្រ័យលើភាពស្មោះត្រង់ និងជំនាញកុំព្យូទ័ររបស់អ្នកដែលគ្រប់គ្រងប្រព័ន្ធ នោះ ឬបានចូលប្រព័ន្ធនោះ -រួមនឹងសមត្ថភាពរបស់ពួកគេក្នុងការទប់ស្កាត់ការលួចចូលផង។
នៅពេលរាប់សន្លឹកឆ្នោតនៅយប់នៃថ្ងៃបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៤ រួច ក្រោយរំលងអធ្រាត្របន្តិច អ្នកជំនាញខាងបោះឆ្នោតនៅតាមកញ្ចក់ទូរទស្សន៍បានព្យាករណ៍ថា លោក John Kerry នឹងឈ្នះនៅរដ្ឋ Ohio ដែលនឹងនាំឲ្យគាត់ក្លាយជាប្រធានាធិបតី។ ប៉ុន្តែបន្ទាប់មក មាន «កូនបញ្ហា» មួយ កើតឡើង នៅក្នុងប្រព័ន្ធកុំព្យូទ័រ ពេលដែលកំពុងប្រមូលផ្តុំសន្លឹកឆ្នោតរបស់រដ្ឋOhio ។ ប្រព័ន្ធនោះត្រូវបានចុះកិច្ចសន្យាដោយលេខាធិការ រដ្ឋ Ohio (ខាងគណបក្សសាធារណរដ្ឋ) ដែលស្ថិតនៅចំងាយរាប់រយគីឡូម៉ែត្រពីរដ្ឋ Ohio គឺស្ថិតនៅក្នុងក្រុង Chattanooga នៃរដ្ឋ Tennessee ឯណោះ។ ប្រព័ន្ធដូចគ្នានោះ ជាកន្លែងទីតាំងអ៊ីម៉ែលរបស់លោក Karl Rove ដែលជាអ្នកពិគ្រោះយោបល់នយោបាយដ៏មានឥទ្ធិពលរបស់គណបក្សសាធារណរដ្ឋ និងជាទីប្រឹក្សាដ៏យូរអង្វែងរបស់លោកប្រធានាធិបតី George W. Bush។ ១ម៉ោងកន្លះក្រោយមក «កូនបញ្ហា» មួយនោះត្រូវបានដោះស្រាយ ហើយកុំព្យូទ័របានបង្ហាញអំពីការផ្លាស់ប្តូរតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ចំនួន៦% នៃសន្លឹកឆ្នោត ដោយផ្តល់ឲ្យលោក Bush ទទួលជ័យជំនះ។
មន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះមានការសង្ស័យ និងបានប្តឹងទៅតុលាការ។ តុលាការសហ ព័ន្ធមួយ បានបញ្ជាថា សន្លឹកឆ្នោតរបស់រដ្ឋ Ohio ត្រូវតែប្រមូលទុកក្នុងទីតាំងតែមួយ ដើម្បីអាចអនុ ញ្ញាតឲ្យគេពិនិត្យមើលបាន។ ប៉ុន្តែមានស្រុក (county)ចំនួន៥៥ ក្នុងចំណោមស្រុកទាំង៨៨ របស់រដ្ឋនោះ មិនបានអនុវត្តនូវបញ្ជានោះទេ ហើយបានបំផ្លាញសន្លឹកឆ្នោតចោល ដែលញ៉ាំងឲ្យការរាប់ឡើងវិញមិនអាចធ្វើទៅបាន។ (ខ្ញុំគិតថា រដ្ឋាភិបាលអាមេរិកហៅប្រព័ន្ធបែបនេះថាជា «នីតិរដ្ឋ»។)
ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក មានការកើន កាន់តែច្រើនទៅៗ ជាទូទៅលើប្រព័ន្ធកុំព្យូទ័រ ដែល «មានលក្ខណៈជាកម្មសិទ្ធ» មានន័យថា សាធារណ:ជនគ្មានវិធីពិនិត្យមើលខាងបចេ្ចកវិទ្យាប្រព័ន្ធកុំព្យូទ័រនោះទេ។ ជាធម្មតា ប្រព័ន្ធទាំងនោះ មិនបានបន្សល់ទុកនូវក្រដាសស្នាម ឬរបាយការណ៍ផ្សេងៗ ដែលអាចប្រើប្រាស់ក្នុងការពិនិត្យលើសុក្រឹតភាព នោះឡើយ។
ការបោះឆ្នោតជ្រើសតាំងសមាជិកនៃសភាទាំងពីរ ទោះបីជាច្រើនឬតិច ក៏មិនសូវមានភាពសេរី និងយុត្តិធម៌ ដូចការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នោះទេ។ ការចំណាយលុយដ៏សន្ធឹកសន្ធាប់ ការទាញប្រយោជន៍ពីការកំណត់ខ្សែព្រំដែនថ្មីនៃមណ្ឌលបោះឆ្នោតនោះ វាស្ទើរតែធានាដល់មុខរបរមួយជីវិតសំរាប់សមាជិកភាគច្រើននៅសភាទាំងពីរ រួចទៅហើយ។ ជាទូទៅ នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត មានចំនួន៩០-៩៨% នៃអ្នកក្នុងមុខតំណែងស្រាប់ ត្រូវបានជាប់ឆ្នោតឡើងវិញ។ ការបោះឆ្នោតឆ្នាំ២០១៤ មានតែបេក្ខជនសភាតំណាងរាស្ត្រចំនួន៧៧រូបប៉ុណ្ណោះ ក្នុងចំណោមទាំងអស់៤៣៥រូប ត្រូវបានគេចាត់ទុកថាមានលក្ខណៈប្រកួតប្រជែង ដែលតាមពិតទៅមានតែសមាជិក១៩រូបប៉ុណ្ណោះ ដែលបានប្តូរពីគណបក្សមួយក្នុងចំណោមគណបក្សទាំងពីរ ទៅកាន់គណបក្សមួយផ្សេងទៀត ។
មុនពេលបោះឆ្នោតឆ្នាំ២០១៤ មធ្យមភាគនៃការក្រុមស្ទង់មតិសាធារណៈចំនួន៥ក្រុម បានផ្តល់ តួលេខឲ្យដឹងនូវអត្រាយល់ព្រមចំនួន១៤% ទៅសមាជ (រួមសភាទាំងពីរ៖ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភា) ប៉ុន្តែអត្រានៃការបោះឆ្នោតនៃអ្នកកាន់តំណែងឡើងវិញ មានចំនួន៩៥%។ ដោយផ្តល់ ឲ្យនូវស្ថិតិទាំងនោះ អត្រាផ្សេងទៀតគឺមិនមានការភ្ញាក់ផ្អើលទេ ពោលគឺថា ការបោះឆ្នោតនេះក៏មាន ចំនួនអ្នកចេញទៅបោះឆ្នោត មានអត្រាទាបបំផុត ក្នុងអំឡុងពេល៧០ឆ្នាំ គឺមានតែ ៣៦,៤% ប៉ុណ្ណោះ ៖ តើមិនបានន័យថា «ចេញទៅបោះឆ្នោតបានប្រយោជន៍អី បើគេនឹងជាប់តែដដែលៗហ្នឹង?»
ដោយសារតែលោកជាអ្នកការទូត ខ្ញុំអាចធ្វើការសន្មត់ថា លោកអាចជៀសគេចពីការផ្ទុះ សំណើចនៅចំពោះមុខព្រឹទ្ធសភាបាន នៅពេលដែលលោក Tim Kaine (ព្រឹទ្ធសមាជិកពីគណបក្សប្រជាធិបតេយ្យ រដ្ឋ Virginia) បានលើកឡើងថា កូនប្រុសទាំងអស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមក្នុងឆាកនយោបាយដែរ នោះគឺជាអ្វីដែលត្រូវព្រួយបារម្ភ។
យោងតាមកាសែត Cambodia Daily ចុះថ្ងៃទី២៥ ខែមិថុនា លោក Kaine បានសួរលោកថា៖ «តើសហរដ្ឋអាមេរិកអាចធ្វើអ្វីខ្លះដើម្បីជំរុញឲ្យប្រជាធិតេយ្យកាន់តែរឹងមាំ ដោយមិនត្រូវស្ថិត ក្នុងរង្វង់ក្រុមគ្រួសារតែមួយនោះ?» កាសែតនេះក៏បានរាយការណ៍ពីការឆ្លើយតបរបស់លោកចំពោះឥទ្ធិពលនេះផងដែរថា មិនមានភាពគ្រោះថ្នាក់អ្វីទេដល់កម្ពុជា នៃការឈានចូលពូជពង្សហ៊ុន សែន ទាំងមូលនោះ។ ប្រសិនបើរូបខ្ញុំជាលោកវិញ (ខ្ញុំមិនអាចទេ ព្រោះខ្ញុំមិនមែនជាអ្នកការទូត) ខ្ញុំគួរតែឆ្លើយថា «យើងអាចដាក់សំពាធពួកគេ ដើម្បីទទួលយកប្រព័ន្ធរបស់យើង គឺស្ថិតក្នុងរង្វង់ព្រំដែនប្រជាធិបតេយ្យគ្រួសារពីរ»។
ការពិចារណាខាងលើនេះ គឺជាការចាប់ផ្តើម ដែលធ្វើឲ្យខ្ញុំគិតថា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន បានដើរមិនទាន់ពេលវេលា មានន័យថា ខ្ញុំរកមិនឃើញនូវកំណត់ត្រាណាមួយស្តីពីការផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិក ថាតើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យការបោះឆ្នោតរបស់ខ្លួនមានភាពប្រសើរឡើងនោះ។ នេះគឺជារឿងគួរឲ្យអាណិត ព្រោះខ្ញុំគិតថា «ខ្មែរអាចផ្តល់គំនិតដ៏មានសារៈសំខាន់មួយចំនួន!»
ឧទាហរណ៍ ខណៈដែលការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមើលទៅហាក់ដូចជាបង្កើតឲ្យមានស្ថានភាពមួយ ដែលលទ្ធផលត្រូវបានកំណត់ដោយភាគីដែលបានដាក់ពង្រាយអ្នកចូលលួចទិន្នន័យដ៏ពួកែ រីឯការបោះឆ្នោតនៅកម្ពុជាវិញ គឺត្រូវបានធ្វើតាមរយៈសន្លឹកឆ្នោត ដែលត្រូវបានរក្សា ទុកក្នុងមួយរយ:កាល ប្រសិនបើហេតុការណ៏អាចឈានដល់មានការរាប់សន្លឹកឆ្នោតឡើងវិញ។
សន្លឹកឆ្នោតនេះមិនបានរាប់តាមប្រព័ន្ធកុំព្យូទ័រទេ (ដែលការណែនាំគ្មានគេយល់) គឺរាប់ដោយមនុសុ្ស៖ មន្ត្រីអ្នករៀបចំការបោះឆ្នោត។ ពួកគេរាប់សន្លឹកឆ្នោតតាមរយៈការបើកសន្លឹកឆ្នោតម្តងមួយសន្លឺកៗ ដោយលើកវាឡើង បង្ហាញគេរាល់គ្នាដែលមានវត្តមាននៅទីនោះ ហើយកត់ត្រាសន្លឹកឆ្នោតនីមួយៗទុក។ គណបក្សដែលមានបេក្ខភាព អាចមានអ្នកតំណាងចូលត្រួតពិនិត្យ មើលដំណើរការរាប់សន្លឹកឆ្នោតនេះ ហើយស្ថានីយបោះឆ្នោតភាគច្រើនក៏មានអ្នកសង្កេតការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះផងដែរ។ អ្នកសង្កេតការណ៍បានចុះហត្ថលេខាទៅលើបែបបទរបាយរាយការណ៍ ដើម្បីបញ្ជាក់ថាការរាប់នេះពិតជា ត្រឹមត្រូវ។ បែបបទនិតិវិធីតម្លាភាពនេះ ក៏ត្រូវធ្វើដូចគ្នា នៅគ្រប់ដំណាក់ក្នុងការរាប់សន្លឹកឆ្នោត។
ហេតុនេះហើយ បើទោះបីជាគណបក្សចាញ់ឆ្នោត សង្គ្រោះជាតិ បានអះអាងថា ខ្លួនត្រូវបានគេលួចបន្លំ ដើម្បីជ័យជំនះនេះក៏ដោយ ក៏គ្មានធុនរដ្ឋ Florida ឬ Ohio នៅក្នុងបោះឆ្នោតកម្ពុជា នាឆ្នាំ២០១៣ នោះឡើយ។ គ្មានខេត្តណាមួយ ដែលគណបក្សប្រឆាំងនេះ អាចបង្ហាញ ហើយនិយាយថា «ការបោះឆ្នោតនៅទីនេះខុសទាំងស្រុងនោះដែរ»។ ប៉ុន្តែប្រសិនបើពួកគេបានបង្កើតករណីនៅកន្លែងផ្សេងណាមួយ ដើម្បីធ្វើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ យ៉ាងហោចណាស់សន្លឹកឆ្នោតទាំងនោះនឹងត្រូវបានត្រួតពិនិត្យ ហើយនឹងត្រូវរាប់ឡើងវិញ គឺពុំមែនគ្រាន់តែជាប្រព័ន្ធកុំព្យូទ័រប្លីពៗដែលមកពីណាពីណីនោះទេ។
តាមពិត គណបក្សសង្គ្រោះជាតិបានរកឃើញទីតាំងមួយចំនួន ដែលមន្ត្រីរៀបចំការបោះឆ្នោតបានសរសេរលទ្ធផលនៅក្នុងទម្រង់បែបបទខុស ឬស្រដៀងគ្នានេះដែរ មិនបានធ្វើតាមនិតិវិធី ដែលបានបង្គាប់។ តែក្រោយពីមានសំណើ ក្រដាស់ស្នាមដែលជាប់ទាក់ទងនោះត្រូវបានបើក និងត្រួតពិនិត្យឡើងវិញ។ នេះមិនបានបង្កឲ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងលទ្ធផលនោះទេ។
វាទំនងជាច្បាស់ណាស់ចំពោះខ្ញុំ ដែលថា និតិវិធីសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតរបស់កម្ពុជា វាល្អជាងប្រព័ន្ធបោះឆ្នោតដែលបានប្រើប្រាស់នៅសហរដ្ឋអាមេរិក ឆ្ងាយណាស់។កម្ពុជាត្រូវតែស្នើសុំបញ្ជូនអ្នកជំនាញរៀបចំការបោះឆ្នោតទៅកាន់សហរដ្ឋអាមេរិក ដើម្បីពន្យល់សភាទាំងពីរ ថាអ្វីដែលជាការចាំបាច់ ដើម្បីចាប់ផ្តើមនាំនូវការបោះឆ្នោតឲ្យមានភាព «សេរី និងយុត្តិធម៌» ទៅក្នុងប្រទេសមួយនេះ៕
ដោយ Allen Myers