Wednesday, June 24, 2015

បក្សប្រឆាំង​​រួមទាំងអង្គ​ការសង្គម​​ស៊ីវិល​តិចជាង​ ១%​ មិនគាំ​ទ្រសេច​​ក្តីព្រាង​ច្បាប់​​សមាគម ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ ខណៈ​អង្គការ​ច្រើន​​ជាង​ ៩៩% ​ទៀតគាំ​ទ្រ

ក្រោយ​ពីសេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម អង្គការក្រៅ​រដ្ឋាភិបាល បានបញ្ជូន​ទៅដល់​រដ្ឋសភារួចមក នារសៀល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ លោក សម រង្ស៊ី បាន​ប្រកាសគាំ​ទ្រឲ្យ​ផ្អាកការពិភាក្សា និងអនុម័ត​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម អង្គការ​ក្រៅរដ្ឋាភិបាល។ ការប្រកាស​គាំទ្ររបស់​មេបក្ស​ប្រឆាំង​ឲ្យផ្អាក​ការពិភា​ក្សា និងអនុម័ត សេចក្ដី​ព្រាង​ច្បាប់នេះ​ គឺធ្វើ​ឡើងក្រោយ​ជំនួបរវាង លោក សម រង្ស៊ី និងតំណាង​អង្គការសង្គម​ស៊ីវិល​ជាតិ និងអន្តរជាតិ​ចំនួនតែជាង ១០ស្ថាប័ន​ប៉ុណ្ណោះ នារដ្ឋសភា នៅរសៀល​ថ្ងៃទី២២ មិថុនា។
ក្រោយ​ពីការប្រកាស​គាំទ្ររបស់​មេបក្ស​សង្គ្រោះជាតិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បាន​ឲ្យដឹង​ថាគណបក្ស​សង្រ្គោះជាតិ​នឹងស្នើដល់​សភាឲ្យ​ផ្អាកការ​ពិភាក្សា និងពន្យារពេល​អនុម័តសេចក្តី​ព្រាងច្បាប់​នេះ ប៉ុន្តែតាម​ប្រសាសន៍​របស់ ឯកឧត្តម ឈាង វុន សមាជិកគណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា បាន​ប្រាប់​បណ្តាញ ព័ត៌មាន​រាជរដ្ឋា​ភិបាល(GNN) ថាឯក​ឧត្តម មិនទាន់​បានឃើញ​សំណើរណា​មួយនោះ​ទេពីបក្ស​ប្រឆាំង។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ថៅ វាសនា ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​កម្ពុជា ដែលមាន​អង្គការសមាគម​ជាង៣០កំពុង​ធ្វើប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យដឹងថា​ បច្ចុប្បន្ននៅកម្ពុជា​មានអង្គការ​ក្រៅរដ្ឋាភិបាល​រហូតទៅ​ដល់​ជាង ៤០០០ ហើយមាន​តែ ១០ ទៅ ២០ អង្គការ​ក្រៅរដ្ឋាភិ​បាលប៉ុណ្ណោះដែល​មិនពេញ​ចិត្តទៅនឹង​សេចក្តីព្រាងច្បាប់នេះ ក្រៅពីនេះ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើនបាន​ទទួលស្គាល់ និងស្វាគមន៍​ទៅលើសេចក្តី​ព្រាងច្បាប់​នេះ និងជម្រុញឲ្យ​សភាអនុម័ត​ឲ្យបាន​ឆាប់។
លោក ថៅ វាសនា បានបន្ត​ទៀតថា នៅក្នុងខ្លឹម​សារសេចក្តី​ព្រាងច្បាប់ទាំង​អស់ គឺគ្មានមាត្រាមួយណា​ដែល​ធ្វើឲ្យប៉ះពាល់​ ឬ ក៏បន្ទុច​បង្អាក់ដល់​សេរីភាព និងការបញ្ចេញ​មតិរបស់​អង្គការសង្គម​ស៊ីវិលនៅ​កម្ពុជាទេ ដោយ​ឡែកផ្ទុយ​ទៅវិញ​គឺសេចក្តីព្រាង​ច្បាប់​នេះបាន​គាំទ្រដល់​អង្គការក្រៅ​រដ្ឋាភិបាល ធ្វើ​សកម្មភាព​ស្របច្បាប់​នៅក្នុងព្រះរាជាណា​ចក្រកម្ពុជា ធានា​នូវតម្លាភាព ទប់ស្កាត់​នូវការលាង​លុយកខ្វក់ តាមរយៈអង្គការ​ក្រៅរាជរដ្ឋា​ភិបាល។ លោក​បន្តទៀត​ថាច្បាប់​នេះពេលដែល​អនុម័ត នឹងមានការស្វាគមន៍​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​អង្គការក្រៅ​រដ្ឋាភិបាល​ដែលធ្វើសកម្មភាព​ត្រឹមត្រូវ បំរើផល​ប្រយោជន៍​សាធារណៈជន គឺគេមិនខ្លាចច្បាប់​នេះទេផ្ទុយ​ទៅវិញ គឺគេស្វាគមន៍​ច្បាប់​នេះ ព្រោះ​ពេលច្បាប់​នេះចេញ​ទៅវាធានាសិទ្ធិស្រប​ច្បាប់ សិទ្ធិក្នុង​ការធ្វើ​សកម្មភាព​ស្របច្បាប់​របស់អង្គការ​ក្រៅរាជរដ្ឋា​ភិបាល។
លោក ប៉ុល សីហា ប្រធាន​សមាគមយុវជន​កំណែទម្រង់​រដ្ឋបានចេញ​សេចក្តីថ្លែង​ការណ៍នៅថ្ងៃនេះដែរ​ដោយប្រកាសគាំ​ទ្រឲ្យមាន​ការអនុម័តច្បាប់​ស្តីពីអង្គការ សមាគមនេះ ព្រោះ​ដោយមើល​ឃើញ​ថា មានមនុស្ស​ខិលខូច​មួយចំនួន បានប្រមូលគ្នា​ជាក្រុមប​ង្កើតជា សមាគម រឺ អង្គការមិនមែន​រដ្ឋាភិបាល ដោយ​ឆ្លៀតឱកាស​ដែលប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រងសមាគម រឺ អង្គការមិន​មែនរដ្ឋា​ភិបាល    ពួកគេបានធ្វើ​សកម្មភាព​ មួយ​ចំនួន​ដូចជា បង្កចលា​ចលក្នុងសង្គម​ខ្មែរ បោក​ប្រាស់​ប្រាក់​ជំនួយបរទេស​ក្នុងនាម​ប្រទេស​កម្ពុជាក្រោម​ហេតុ​ផលអភិវឌ្ឍ និងធ្វើ​សកម្មភាព​លាងលុយ​ដែលបាន​មកពីប្រភព​មិនស្របច្បាប់​នានា ដែលសកម្មភាពទាំង​អស់នេះបាន​ធ្វើឲ្យប៉ះពាល់​ដល់ភាពត្រឹម​ត្រូវរបស់​សមាគម រឺ អង្គការមិន​មែនរដ្ឋាភិបាល​ដែលមាន​សកម្មភាព​ស្របច្បាប់​និងបានធ្វើ​ឲ្យកិត្តិយស កិត្យានុភាព​ជាតិនៅ​លើ​ឆាកអន្តរជាតិ​ធ្លាក់ចុះ​ជាលំដាប់។
គួរបញ្ជាក់​ផងដែរថា សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម អង្គការ​ក្រៅរដ្ឋាភិ​បាល ត្រូវបាន​ក្រសួងមហាផ្ទៃ រៀបចំតាក់​តែងចំនួន ៤ លើក ចាប់តាំង​ពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយ​បាន​សហការជាមួយ​អ្នកជំនាញការ​ជាតិ និងអន្តរជាតិ ព្រម​ទាំងអង្គទូត​ជាច្រើន ដោយមាន​ទាំង​ការពិគ្រោះយោបល់​យ៉ាងទូលំទូលាយ​ផង​ដែរ។
នាព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ដែល​មានសមា​សភាព ១៣ រូបបានប្រជុំ​សម្រេច​បញ្ជូនសេចក្តី​ព្រាងច្បាប់ ​ស្តីពី សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​នេះទៅកាន់​គណៈកម្មាធិការ​ជំនាញទាំង ៣ នៃរដ្ឋសភា​ដើម្បី​ពិនិត្យ និងសិក្សា​មុននឹង​បញ្ជូនទៅកាន់​កិច្ចប្រជុំពេញ​អង្គរដ្ឋសភា​ដើម្បី​ប្រជុំ​អនុម័ត៕