នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានដឹកនាំចុះត្រួតពិនិត្យការងារ ដែលបានអនុវត្តកន្លងមក និងការងារជាអាទិភាពដែលកំពុងធ្វើ ផ្តោតលើដំណើរការការងារសហគមន៍កសិកម្ម ការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសកម្មភាពចុះជួយសម្រួលដោះស្រាយតម្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានជម្រុញឲ្យក្រុមការងារទាំងអស់ តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបង្កើនសកម្មភាពចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យដល់ខ្នងផ្ទះនៅតាមមូលដ្ឋានភូមិឃុំ។ ជាមួយនឹងការប្រកាសអំពីការរៀបចំឲ្យដំណើរការនូវសហគមន៍កសិកម្មចំនួន ១៤សហគមន៍ នៅក្នុងស្រុកគិរីវង់ ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋបង្កើតបានជាក្រុមជួយគ្នាទៅវិញទៅមក ដោយពួកគាត់អាចខ្ចីប្រាក់ពីសហគមន៍ក្នុងអាត្រាការប្រាក់ទាបជាងមីក្រូហិរញ្ញវត្ថុនានានៅមូលដ្ឋាន និងប្រជាពលរដ្ឋបានទទួលនូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា មានលទ្ធភាពទិញជី ពូជស្រូវនិងធានានូវប្រាក់ចំណូលខ្ពស់មកវិញតាមរយៈកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានជម្រុញឲ្យគ្រប់ស្រុកទាំងអស់ក្នុងខេត្តតាកែវត្រូវសិក្សាដើម្បីបង្កើតសហគមន៍កសិកម្មឲ្យបានច្រើនថែមទៀត។ ក៏ប៉ុន្តែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកផងដែរដល់ប្រជាពលរដ្ឋ សូមឈប់បន្តចាញ់ឧបាយកលរបស់ក្រុមប្រឆាំងមួយចំនួន ដែលដើរឃោសនាបោកប្រាស់ឲ្យប្រជាពលរដ្ឋទៅខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដោយយកការប្រាក់ខ្ពស់ ហើយសន្យាថានៅពេលបក្សគេជាប់ឆ្នោតនឹងសងជំនួស គឺជាការបោកប្រាស់ ភូតកុហកទាំងស្រុង ពីព្រោះមីក្រូហិរញ្ញវត្ថុទាំងអស់នោះ គឺជារបស់ក្រុមហ៊ុនឯកជន មិនមែនជារបស់រដ្ឋទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានមានប្រសាសន៍ផងដែរអំពីការផ្សារភ្ជាប់ចលនាជាមួយប្រជាពលរដ្ឋជាពិសេស ជាមួយស្ត្រីទើបសម្រាលកូនរួច តាមរយៈការចុះចែកឃីតជាសំភារៈសម្រាប់ស្ត្រីជាមាតា និងទារកប្រើប្រាស់ ដោយក្រុមការងារថា្នក់ជាតិចុះមូលដ្ឋានសហការជាមួយ យុវជនសាខាកាកបាទក្រហមខេត្តស្រុក ឃុំ និងចូលរួមពីក្រុមយុវជនកាយរិទ្ធ សមាគមនារី យុវជនបក្ស ចុះទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយត្រូវរៀបចំកម្មវិធីចុះឲ្យបានទៀងទាត់មួយខែម្តងៗ ធ្វើឲ្យបានទាំងជាង ១០០ឃុំ ក្នុងខេត្តតាកែវ និងស្វែងយល់ពីបញ្ហាជាក់ស្តែងជាច្រើនទៀតរបស់ប្រជាពលរដ្ឋដើម្បីយកមកពិនិត្យ និងរកលទ្ធភាពដោះស្រាយបន្ត៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរអំពីការបង្កើតបាន និងកំពុងដំណើរការនូវមូលនិធិគ្រូបង្រៀននៅកំរិតថ្នាក់ខេត្ត ស្រុក ឃុំ ដោយមិនចាំបាច់ដាក់បញ្ចាំផ្ទះ ឬដីធ្លីនោះទេ ដើម្បីសម្រួលទុក្ខធុរៈដល់គ្រូបង្រៀន គឺពួកគាត់អាចមានលទ្ធភាពខ្ចីប្រាក់ពីមូលនិធិគ្រូបង្រៀននេះយកទៅប្រើប្រាស់ដោះស្រាយការលំបាកចំពោះមុខ ដោយគ្រាន់តែសម្រេចពីគណៈគ្រប់គ្រងមូលនិធិ ដែលត្រូវបានជ្រើសរើសចេញពីនាយកសាលា និងគ្រូបង្រៀន ចំនួនប្រមាណ ៩រូប ដែលពួកគាត់ដឹងច្បាស់ពីសុខទុក្ខពិតប្រាកដរបស់គ្រូបង្រៀន និងតម្រូវការប្រឈមជាក់ស្តែង។
ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានជម្រុញឲ្យក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលប់បំបាត់ឲ្យអស់ពីមូលដ្ឋាននូវ ការចរាចរណ៍លក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បងតូចបងធំ ក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានក្រើនរំលឹកឲ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈឲ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណៈភាព ។ល។ និងមន្ត្រីអនុវត្តការងារទាំងអស់មិនត្រូវទាលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ តែជំនួសវិញគឺត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងឲ្យបានលឿនរហ័ស ទើបអាចឆ្លើយតប ទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ក៏បានចែករំលែកនូវបទពិសោធន៍ការងារ វិធានការនៃការពង្រឹងការអនុវត្តសេវាសាធារណៈ ការធានានូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយទប់ស្កាត់កុំឲ្យមានល្បែងស៊ីសង គ្រឿងញៀន ដូចអ្វីដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំ នៃស្រុកបាទី បានសន្យាអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងលើកសំណូមពរមួយចំនួនដោយស្នើរឲ្យក្រុមការងារទាំងអស់ត្រូវចាប់ផ្តើមធ្វើការងារពីពេលនេះតទៅជាប្រចាំ និងខិតខំរកវិធីដោះស្រាយជាក់ស្តែងជូនប្រជាពលរដ្ឋដូចជាតម្រូវការទឹកប្រើប្រាស់ ការជួយដោះស្រាយទុក្ខលំបាកដល់គ្រូបង្រៀន និងកម្មករ និងគិតគូរដល់សុខទុក្ខដល់មនុស្សចាស់ជរា ដោយត្រូវខិតខំធ្វើអំពើល្អ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីធានាថា ប្រជាពលរដ្ឋមានភាពជឿជាក់ និងមានទំនុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានគាំទ្រយ៉ាងពេញទំហឹងនូវការលើកឡើង របស់ឯកឧត្តម ស្វាយ ស៊ីថា និងបានជំរុញឲ្យក្រុមការងារទាំងអស់ដកបទពិសោធន៍នេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនក្នុងការអនុវត្តការងារឲ្យបានជោគជ័យ៕