លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នេះ បានបង្ហាញនូវគោលជំហររបស់ខ្លួនក្នុងនាមជាយុវជនមួយរូប ឈរលើជំហរអព្យាក្រិត្យ មិនប្រកាន់គណបក្សនយោបាយណាមួយ និងដែលស្រឡាញ់ ចង់ឃើញសង្គមធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ បានយល់ឃើញថា អ្វីដែលមេដឹកនាំគណបក្សនយោបាយទាំងពីរ និងក្រុមអ្នកគាំទ្រ បាន និងកំពុងធ្វើនៅពេលនេះ គឺគ្រាន់តែជាការសំដែងឡើងដើម្បីទាញចំណេញនយោបាយរៀងៗខ្លួនតែប៉ុណ្ណោះ ។
លោក ប៉ុល សីហា បានពិនិត្យឃើញថា សកម្មភាពរបស់ក្រុមយុវជនគាំទ្រគណបក្សនយោបាយកាន់អំណាច និងបក្សប្រឆាំង ដែលបបួលគ្នាស្បថ ហើយកាលពីថ្ងៃទី២១ ខែមិថុនា ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច បានទៅស្បថនៅព្រះអង្គដងកើ ជាមួយនឹងពាក្យសច្ចាថា សូមឲ្យស្លាប់តាមដងផ្លូវដោយគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ដោយរន្ទះបាញ់ ដើម្បីការពារភាពស្អាតស្អំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរងការចោទថា បានលួចបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣។
សកម្មភាពនៃការប្រកាសស្បថប្រកបដោយគ្រោះថ្នាក់បែបនេះ ត្រូវបានលោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ កត់សម្គាល់លើទិដ្ឋភាពពីរយ៉ាង គឺទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពខាងផ្លូវច្បាប់ ។ ជាទិដ្ឋភាពបច្ចេកទេស លោក ប៉ុល សីហា បានថ្លែងថា ផ្អែកលើការចរចាស្វែងរកដំណោះស្រាយជាច្រើនលើកច្រើនសាររវាងគណបក្សនយោបាយទាំងពីរ រួមជាមួយការកាត់សេចក្តីពីសំណាក់ស្ថាប័នមានសមត្ថកិច្ចកំពូលៗ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញរួចមក គណបក្សទាំងពីរបានព្រមព្រៀងគ្នាចូលសភា ហើយបានធ្វើការងារជាមួយគ្នាជិតមួយឆ្នាំទៅហើយ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សនយោបាយទាំងពីរ បានទទួលស្គាល់ទាំងស្រុងនូវលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ ដូចនេះការរាប់សន្លឹកឆ្នោតសារឡើងវិញវាមិនអាចទៅរួចនោះទេ និងជាទិដ្ឋភាពនយោបាយ លោក ប៉ុល សីហា បានអត្ថាធិប្បាយថា « អ្វីដែលគណបក្សសង្គ្រោះជាតិនៅតែលើកឡើងដោយបានចោទ ថា មានការលួចសន្លឹកឆ្នោតនោះ គឺគ្រាន់តែចង់ បញ្ជាក់ប្រាប់សាធារណៈជនថាគោលជំហររបស់គណបក្សខ្លួននៅដដែល ប៉ុន្តែ ការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ និងខ្វះភាពតក្កវិទ្យា មិនសមហេតុសមផល » ។ លោក ប៉ុល សីហា បានថ្លែងថា មេដឹកនាំគណបក្សប្រឆាំងបានទទួលយកអំណាចមួយចំនួនក្នុងសភា បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្មតាមដងផ្លូវ ពហិការមិនចូលប្រជុំសភា ហើយត្រូវបានគណបក្សកាន់អំណាចចោទថា ជាសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពុំបានសម្រេច។
ដូច្នេះ អ្វីដែលគណបក្សនយោបាយទាំងពីរ បាននិងកំពុងធ្វើនៅពេលនេះ គឺគ្រាន់តែជាការសំដែងឆាកល្ខោនដើម្បីស្វែងរកការគាំទ្រពីមហាជនតែប៉ុណ្ណោះ ដែលពុំគួរគប្បីសកម្មជនអ្នកគាំទ្រ នៃគណបក្សនយោបាយនាំគ្នាបង្កើតឲ្យមានជម្លោះ ឬភាពអាប់អួរក្នុងសង្គម តាមរយៈការសម្ញែញសាច់ដុំដាក់គ្នា នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ស្រទាប់យុវជនជំនាន់ក្រោយ មានគំនិតផ្ចាញ់ផ្ចាលគ្នា និងប្រកាសស្បថដាក់អាយុជីវិតនោះទេ ពីព្រោះ បើអ្នកនយោបាយភាពមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គឺជាការស្រេច ដោយមិនចាំបាច់ដើរនិយាយសម្អុយកេរ្ត៍ឈ្មោះគ្នាទៅវិញទៅមកនោះទេ។
ទោះជាយ៉ាងនេះក្តី លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ យល់ឃើញថាការប្រជែងគ្នាស្វែងរកការគាំទ្ររបស់អ្នកនយោបាយ នឹងជះឥទ្ធិពលដល់យុវជន ដែលអាចបណ្តាលឲ្យមានការបែកបាក់ និងមានការបែងចែកជាបក្ខ ជាពួក ផ្សេងៗគ្នាជាច្រើន ទាំងដែលពួកគេជាជាតិខ្មែរតែមួយ និងបង្ហាញពីការខ្វះការសាមគ្គីភាពរវាងខ្មែរតែមួយទៀតផង។
ជាទស្សនៈយល់ឃើញរបស់ លោក ប៉ុល សីហា លោកចង់បាន យុវជនគួរតែរំពឹងគិតទៅថ្ងៃអនាគត គឺការបោះឆ្នោតនៅអណត្តិក្រោយ ឆ្នាំ២០១៨ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយត្រូវនាំគ្នាជម្រុញឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយគោរពលើគោលការណ៍សមធម៌ តម្លាភាព និងត្រូវតែរក្សាឲ្យបាននូវអព្យាក្រិត្យភាព និងគប្បីបញ្ចៀសឲ្យបានជាដាច់ខាតនូវជម្លោះ និងការបែកបាក់សាមគ្គីភាពជាតិ នោះទើបធានាបាននូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាពលរដ្ឋ។
លោក ប៉ុល សីហា បញ្ជាក់ថា អ្វីដែលយុវជនទាំងឡាយត្រូវតែគិត និងវិភាគស្វែងយល់សម្រាប់អានាគតថា តើគណបក្សនយោបាយមួយណាដែលអាចអភិវឌ្ឍប្រទេសពិតប្រាកដ និងគណបក្សណាបោកប្រាស់ ពោល គឺ មិនមែនស្គាល់ប្រជាពលរដ្ឋតែពេលឃោសនាបោះឆ្នោតនោះទេ ។
គួររំលឹកថា ការស្បថនេះបានកើតឡើងដោយសារតែកន្លងទៅមេដឹកនាំបក្សប្រឆាំងធ្លាប់ចោទប្រកាន់មកលើគណបក្សកាន់អំណាច ថា បានលួចបន្លំសន្លឹកឆ្នោត ហើយការចោទប្រកាន់ នេះធ្លាប់ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មតបវិញធ្ងន់ៗរហូតបបួល លោក សម រង្ស៊ី ទៅស្បថ មុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ហើយត្រូវបានប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ឆ្លៀតឱកាសតម្លើងតម្លៃខ្លួនខ្ពស់ហួសហេតុ ប្រកាសបបួល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅស្បថ ជំនួសមេដឹកនាំបក្សប្រឆាំង នៅមុខព្រះអង្គដងកើ ហើយត្រូវបានក្រុមក្មេងវត្ត និងក្រុមយុវជនមួយឈ្មោះថា សម្ព័ន្ធសេនានាគ ចេញមុខមកបបួល លោក ម៉ៅ ពិសេស ស្បថ ដោយមិនបាច់ស្បថជាមួយលោក ហ៊ុន សែន នោះទេ ប៉ុន្តែ នៅពេលក្រុមសម្ព័ន្ធសេនានាគចេញមុខស្បថ បែរជាមិនឃើញ លោក ម៉ៅ ពិសេស មិនហ៊ានចេញមុខមកស្បថតតាំងជាមួយយុវជនគណបក្សប្រជាជនកម្ពុជាទៅវិញ។
ដូច្នេះ សូមក្រុមអ្នកគាំទ្រនយោបាយត្រូវតែប្រកាន់យកនូវសច្ចធម៌ ក្នុងន័យថា « ចេះឯង សូមឲ្យក្រែងចេះគេផង» និងគួរចៀសវាងនូវរាល់សកម្មភាពណា ដែលនាំឲ្យខ្មែរបែកបាក់៕