Wednesday, June 24, 2015

សាលា​ក្តី​ខ្មែរក្រហម ​បានតែង​​តាំងចៅ​ក្រមអន្តរ​ជាតិ​​ថ្មី

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីពីការតែងតាំង​ចៅក្រមថ្មី ​​នៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥​ បានឲ្យ​ដឹងថា ដោយមាន​ការចាត់​តាំង​ពីអគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ ឯកឧត្តម បាន គីមូន និង ការអនុ​ម័ត យល់​ព្រម​ពី​ឧត្តមក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ ព្រះមហាក្ស​ត្រនៃព្រះរាជាណាច​ក្រកម្ពុជា​ ព្រះករុណា សម្ដេច​ព្រះបរមនាថ នរោត្តម សីហ​មុនី បានតែង​តាំងចៅ​ក្រមឈ្មោះ BAIK Kang Jin (ជនជាតិ​កូរ៉េខាងត្បូង) ជាចៅ​ក្រមអន្ដរជាតិ​ថ្មីនៅអង្គបុរេ​ជំនុំជ​ម្រះនៃអង្គ​ជំនុំជម្រះវិ​សាមញ្ញ ក្នុង​តុលាការ​កម្ពុជា អ.វ.ត.ក។ ការតែង​តាំងចៅ​ក្រមថ្មី​នេះ គឺជំនួស​ចៅ​ក្រម រូវ៉ាន់ ដោន​នីង (ជនជាតិ​អូស្រ្តាលី) ដែល​បាន​លាលែង​ពីតំណែង​កាល​ពីដើមឆ្នាំ២០១៥ នេះ។
កន្លងមក​នេះ ចៅក្រម BAIK Kang Jin បានបំ​ពេញការងារ​ជាចៅ​ក្រមនៅ​តុលាការ​កំពូល​ក្រុងសេអ៊ូល ចាប់តាំងពីឆ្នាំ២០១៣មក ហើយលោកបានបំពេញការងារជាតំណាងពិសេស នៃក្រុម​ប្រឹក្សាទទួល​ខុសត្រូវ​ផ្នែក​កម្មសិទ្ធបញ្ញា និង​ជាសមាជិក​មិនអចិន្រៃ្តយ៍ នៃគណៈកម្មការ​ ការពារព័ត៌​មាន​ផ្ទៃក្នុង​រដ្ឋាភិបាល​កូរ៉េ។  
ចៅ​ក្រម BAIK Kang Jin ត្រូវ​បានតែង​តាំងតំណែង​ជាចៅក្រម​លើក​ដំបូង​នៅឆ្នាំ១៩៩៤ ហើយលោកបាន​ចូលរួម​ក្នុងការជំនុំជម្រះក្ដីលើសំណុំរឿងឧក្រិដ្ឋកម្មមួយចំនួន នៅក្នុងតុលាការថ្នាក់ក្រោមបីផ្សេងគ្នា ក្នុងប្រទេសកំណើត​របស់លោក។ នៅ​ក្នុងឆ្នាំ១៩៩២ លោក BAIK Kang Jin  បាន​ទទួលបរិញ្ញាបត្រ​ផ្នែកច្បាប់​ពីសាកល វិទ្យាល័យ​ជាតិសេ​អ៊ូល និងបាន​បំពេញ​កម្មវិធី SJD ជាមួយ​នឹងសាកលវិទ្យាល័យ​ច្បាប់ជាតិសេ​អ៊ូល ក្នុង ឆ្នាំ២០១០។
ដោយ​ឡែក នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បានឲ្យ​ដឹងថា លោក​សាស្រ្តាចារ្យ Michael Bohlander (ជនជាតិ​អាលឺ្លម៉ង់) ត្រូវបាន​តែងតាំង​ជាសហចៅ​ក្រមស៊ើបអង្កេត​អន្តរជាតិបម្រុង​ថ្មី ជំនួស​ចៅក្រម Olivier Beauvallet  (ជនជា​តិបារាំង) ដែល​ត្រូវតែង​តាំងជា​ចៅ​ក្រមអន្តរជាតិ​នៃអង្គ​បុរេជំ​នុំជម្រះ​កាលពីពេល​កន្លងមក ក្នុង​ឆ្នាំនេះ។

អត្ថបទដោយ៖ សុភាព