សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បាននាំមកនូវលទ្ធផលដ៏ល្អសម្រាប់ជាតិ និងប្រជាជន។
ក្នុងលិខិតឆ្លើយតបទៅកាន់ឯកឧត្តម សម រង្ស៊ី សម្តេចតេជោ លើកឡើងថា "ខ្ញុំសង្ឃឹមថា គណបក្សយើងទាំងពីរ នៅតែពង្រឹងពង្រីកកិច្ចសហការគ្នាដោយស្មារតីស្មោះត្រង់លើការអនុវត្តវប្បធម៌សន្ទនានេះ នៅតាមថ្នាក់បន្តទៀត ដើម្បីភាពសុខដុមរមនាសម្រាប់ប្រជាជនយើងទាំងពេលបច្ចុប្បន្ន និងអនាគត"។
ការបញ្ជាក់បែបនេះរបស់ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើង នៅក្នុងលិខិតផ្ញើជូនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ឯកឧត្តម សម រង្ស៊ី ដែលបានអបអរសាទរ និងជូនពរសម្តេច ក្នុងពេលដែលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងសម្តេចជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតនោះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមសម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមិថុនាថា "ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ គណបក្សប្រជាជនកម្ពុជា នឹងបន្តរីកចំរើនរឹងមាំជាលំដាប់ ហើយចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងចាក់ឫស ចាក់គល់កាន់តែជ្រៅ ហើយនឹងបន្តពង្រឹង និងពង្រីកកាន់តែទូលំទូលាយថែមទៀត ក្នុងគោលដៅរួម គឺដើម្បីសន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌ និងការបង្រួបបង្រួមជាតិ សម្រាប់ជាប្រយោជន៍ប្រទេសជាតិយើង និងផលប្រយោជន៍ប្រជារាស្ត្រខ្មែរទាំងមូល"៕
សូមអានខ្លឹមសារនៃលិខិតរបស់ឯកឧត្តម សម រង្ស៊ី អបអរសាទរ និងគោរពជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន និងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ឯកឧត្តម សម រង្ស៊ី៖