នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលប្រឆាំងអំពើពុករលួយថា សៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ គ្រោងដាក់ឲ្យអនុវត្តក្នុងកម្មវិធីសិក្សា ចាប់ពីឆ្នាំសិក្សា ២០១៥ ២០១៦ នេះតទៅ។
សៀវភៅមេរៀនការអប់រំប្រឆាំងអំពើពុករលួយ ត្រូវបានចងក្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចបានបានសហការគ្នា ដាក់បញ្ជូលក្នុងកម្មវិធីសិក្សា មុខវិជ្ជា ពលរដ្ឋរិជ្ជា ឬសិក្សាសង្គម នៅក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់៩ បន្ថែមលើការសហការជំហានដំបូង ដែលរៀបចំសៀវភៅសំរាប់ការអប់រំលើកម្រិតមធ្យមសិក្សាទុតិយភូមិ។ នៅឆ្នាំបន្តបន្ទាប់ ក្រសួងនឹងដាក់ឲ្យអនុវត្តន៍ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ឯកឧត្តម ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា សៀវភៅនេះមានគោលបំណងកសាងធនធានមនុស្សជំនាន់ក្រោយ ឲ្យចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវភាពស្អាតស្អំ ស្រឡាញ់យុត្តិធម៌ ប្រកាន់សុចរិតភាព តម្លាភាព គោរពច្បាប់ គោរពខ្លួនឯង និងអ្នកដទៃ។
ការរៀបចំវគ្គបណ្តុះបណ្តាលសៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមិថុនានេះ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានសិក្ខាកាមដែលជាគ្រូបង្គោលមកពីទូទាំងប្រទេសចំនួន៦០រូប។ ក្រោយពីគ្រូបង្គោលបានចេះពីខ្លឹមសារ និងរបៀបបង្រៀនមេរៀន ស្តីពីការប្រឆាំងអំពើពុករលួយ ក្នុងកម្រិតសិក្សាបឋមភូមិរួច ពួកគាត់នឹងក្លាយជាគ្រូបង្គោល ដែលមានភារកិច្ចបណ្តុះបណ្តាលបន្តដល់ លោកគ្រូអ្នកគ្រូដែលត្រូវបង្រៀនមុខវិជ្ជានេះនៅតាមសាលារៀន នៅទូទាំងប្រទេសទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦តទៅ។
យោងតាមសេចក្តីប្រកាស់ព័ត៌មានចុះថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ២០១៥នេះរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ការអប់រំប្រឆាំងអំពើពូករលួយនេះ ត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលនៅកំរិតសិក្សានេះ គឺធ្វើឡើងក្នុងគោលបំណង កសាងផ្នត់គំនិតស្រលាញ់ការសិក្សា ឧស្សាហ៍ព្យាយាមស្មោះត្រង់ មានវិន័យផ្ទាល់ខ្លួន និងមានសុចរិតភាព ត្រិះរិះពិចារណា និងជ្រើសរើសយកនូវអ្វីដែលល្អសម្រាប់ជីវិត សង្គមគ្រួសារ និងសង្គមជាតិ ណែនាំដល់មិត្តភក្តិដទៃពីសកម្មភាពទាក់ទងនឹងការអប់រំ បង្ការ ទប់ស្កាត់អំពើពុករលួយ និងចូលរួមកសាងគុណតំលៃ និងពង្រឹងសមត្ថភាពរបស់សិស្ស បន្ថែមលើកម្មវិធីសិក្សាដែលមាន។
កម្មវិធីថ្ងៃនេះគឺជាការសហការគ្នាលើកទី២ ដែលលើកទី១ នៅឆ្នាំមុនកាលពីឆ្នាំសិក្សា ២០១៤-២០១៥ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងក្រសួងអប់រំ យុវជន និងកីឡា ក៏បានរួមគ្នារៀបចំសៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់កម្រិតមធ្យមសិក្សាទុតិយភូមិ និងមានគម្រោងបង្កើតនៅឆ្នាំបន្តបន្ទាប់ ដោយដាក់ឲ្យអនុវត្តន៍ក្នុងកំរិតថ្នាក់ឧត្តមសិក្សា៕