Thursday, June 25, 2015

គណបក្ស​ប្រជា​ជន​កម្ពុជា​ ប្រារព្ធ​ខួប​ ៦៤ ឆ្នាំ ​ថ្ងៃ​បង្កើត​គណបក្ស​ ថ្ងៃ​ទី២៨ ​ខែ​មិថុនាខាងមុខ​​ ដោយ​រំ​ពឹង​ថា​ នឹង​​មាន​សមាជិក​​ចូល​រួម​​ប្រមាណ​ជាង​​១ម៉ឺន​​នាក់

គណបក្ស​ប្រជា​ជនកម្ពុជានឹង​ប្រារព្ធខួប​​អនុស្សាវរីយ៍ លើក​ទី​៦៤ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ( គ​៨៥)​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥​​ខាង​មុខ ដោយ​រំ​ពឹង​ថា នឹង​មាន​សកម្ម​ជន​ចូល​រួម​ប្រមាណ​ជា​ង​១ម៉ឺន​នាក់។ នេះ​បើ​តាម​​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ ឯកឧត្តម សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជានៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ។
ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍​ប្រាប់​គេហទំ​ព័របណ្តាញ​ព័ត៌មាន​រាជ​រដ្ឋាភិបាល GNN ថា អង្គ​មិ​ទ្ទិញ​នោះ នឹង​ប្រារព្ធ​ឡើង​​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជា​ជនកម្ពុជា សម្តេចអគ្គមហា​ពញាចក្រី​ ហេង សំរិន ប្រធានកិត្តិយសព្រមទាំង​សម្តេចក្រឡាហោម ស ខេង និង​សម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ អនុប្រធាន​គណបក្ស​។
ឯកឧត្តម សុខ ឥសាន្ត បាន​ឲ្យ​ដឹង​ថា  បញ្ហាសំខាន់​នៃ​ការ​ប្រារព្ធ​ខួប​នេះ គឺចង់និយាយពីភាព​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែ​ន ជា​នាយករដ្ឋមន្រ្តី​ ហើយសភាពការណ៍ថ្មីៗ សម្តេចតេជោ​ទើបតែជាប់ឆ្នោតដោយសន្និ​បាត​​​គណៈ​កម្មាធិការកណ្តាល ប្រគល់ភារៈកិច្ចជាប្រធានបក្សជូនសម្តេច។
ដូច្នេះ គោលបំណងសំ​ខាន់​នៃការប្រារព្ធខួប​ គឺ​ក្នុង​អត្ថន័យ​រំ​លឹក​ពី​ការដឹកនាំរបស់គណបក្ស ដែល​បានដំណើរការ​រយៈ​ពេល៦៤ឆ្នាំ និងក៏រំលឹក​ឡើង​វិញ​នូវ​ស្នាដៃដែលបក្សបានដឹកនាំ​តាំង​ពីកើតរហូតមកដល់​ពេល​នេះ​ជូនសង្គមជាតិបានអីខ្លះ គឺ​គណបក្សប្រជាជនកម្ពុជា​មានសមិទ្ធ​ផល​យ៉ាងច្រើន ដែល​ប្រជាជនចងចាំ។ ក្រៅ​ពី​នេះ មិទ្ទិញ​អនុស្សាវរីយ៍​នេះ ក៏​ដើម្បីពង្រឹង​គោលជំហរ រួមកម្លាំងគ្នា​សាមគ្គី​គ្នា​កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន ស្របទៅ​នឹង​កម្មវិធី​នយោ​បាយ​របស់​គណបក្ស​ផង​ដែរ៕