តាមលិខិតចំហរបស់ លោក ថៅ វាសនា ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ផ្ញើជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥នេះ បានស្នើសុំជំរុញការពិនិត្យ និងអមុន័តច្បាប់ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នៅក្នុងលិខិតចំហនោះបានលើកឡើងថា កម្ពុជាត្រូវមានច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាលមួយ អនុលោមតាមមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូល ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើត សមាគម និងគណបក្សនយោបាយ សិទ្ធនេះត្រូវកំណត់ក្នុងច្បាប់។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ NGOs នៃបណ្តាប្រទេសជឿនលឿន និងប្រកាន់លទ្ធិប្រជាធិបតេយ្យ លើពិភពលោកកំពុងគ្រប់គ្រងដោយច្បាប់។ នៅក្នុងលិខិតដដែលនេះ លោក ថៅ វាសនា បានគូសបញ្ជាក់ថា សេក្តីព្រាងច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានក្រសួងមហាផ្ទៃ បើកទូលាយឲ្យមានការចូលរួមពិនិត្យ និងផ្តល់យោបល់ច្រើនលើកច្រើនសារ ជាមួយសហគមអឺរ៉ុប ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្ថានទូតនានា NGOs និងសមាគម និងបានធ្វើសិក្ខាសាលាថ្នាក់ជាតិ ដើម្បីប្រមូលផ្តុំគំនិតយោបល់ ពីគ្រប់មជ្ឍដ្ឋានរួចហើយ ដែលសមល្មមឲ្យអង្គនីតិបញ្ញត្តិជំរុញការពិនិត្យ និងអនុម័ត។ លោក ថៅ វាសនា បញ្ជាប់បន្ថែមទៀតថា បើពិនិត្យលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាលមាន ៩ ជំពូក និង៣៩មាត្រា ដែលគណ:រដ្ឋមន្រ្តីបានពិនិត្យ និងបញ្ជូនមករដ្ឋសភាជាតិ គឺគ្មានមាត្រាណាមួយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់ ឬប៉ះពាល់ដល់សិទ្ធិសេរីភាពសម្តែងមតិ និងរាំងស្ទះដំណើរការប្រព្រឹត្តទៅរបស់សមាគម-អង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។ សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជាយល់ឃើញថា ការមិនមានច្បាប់ជាបទពិសោធន៍របស់ប្រទេសមួយចំនួនលើពិភពលោក គឺជាមេរៀនដ៍សំខាន់បំផុតសម្រាប់កម្ពុជា ព្រោះ NGOs មួយចំនួន បានក្លាយជាយន្តការនៃការអនុវត្តបដិវត្តលាបពណ៌ និងជាឧបករណ៍របស់ពួកភេរវករ ធ្វើសកម្មភាពវាយប្រហារដោយជ្រកក្រោមស្លាក NGOs និងសមាគម។ គួរបញ្ជាក់ថា សហព័ន្ធសិទ្ធមនុស្ស និងអភិវឌ្ឍកម្ពុជា ជាអង្គការមិនមែនរដ្ឋា-ភិបាលដែលមានអង្គការ សមាគមជាសមាជិកចំនួន ៣០ បាននិងកំពុងធ្វើសកម្មភាពស្របច្បាប់បំរើប្រយោជន៍សាធារណៈជន នៅតាមរាជធានី-ខេត្តក្រុងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុភាព