Thursday, June 25, 2015

កម្ពុជា-ចិន​ បន្តជម្រុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌ​ប្រទេស​និងប្រទេស​ បក្សនិងបក្ស​

អគ្គលេខា​ធិការនៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស កុម្មុយ​នីស្ត​ចិន ឯកឧត្តម Xi Jinping បាន​ផ្ញើសារចូល​រួមអបអរ​សាទរ ចំពោះសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស​ដែលសម្តេចត្រូ​វបាន សន្និបាតគណៈកម្មាធិការកណ្តាល​លើកទី ៣៨ របស់​គណបក្ស បោះឆ្នោតជ្រើស​តាំងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។
នៅក្នុង​លិខិត​របស់ ឯកឧត្តម Xi Jinping ដដែល ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ បាន​លើកឡើង​ទៀតថា នាពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាងចិន និង​កម្ពុជា កំពុងស្ថិត​នៅក្នុង​ឱកាសនៃការអភិវឌ្ឍ​ន៍។ ឯកឧត្តម Xi Jinping បន្ថែមថា ភាគីចិននឹង​បន្តជំរុញកិច្ច​សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ រវាងចិន និងកម្ពុជា ហើយ​ចិននឹង​បន្តគាំ​ទ្រកម្ពុជាក្នុងការថែរក្សា​ស្ថិរភាព និងការអភិវឌ្ឍន៍។
ឯកឧត្តម Xi Jinping បានសង្កត់​ធ្ងន់ថា ឯកឧត្តម​បានយក​ចិត្តទុកដាក់​ជា​សំខាន់ លើកិច្ច​សហប្រតិបត្តិការ​ជាមិត្តភាព រវាងបក្សកុម្មុយនីស្ត​ចិន និង​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្សទាំងពីរ និងជំរុញ​ការប្រាស្រ័យទាក់​ទងគ្នា និងកិច្ចសហ​ប្រតិបត្តិការ ផ្លាស់​ប្តូរបទពិសោធន៍​គ្នាអំពីអភិបាលកិច្ច និងជំរុញទំនាក់ទំនងរវាងចិន និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅជាបន្តទៀត ដើម្បីជាផល​ប្រយោជន៍​ប្រជាជន​នៃប្រទេស​ទាំងពីរ។
ឆ្លើយតបនិង​សារលិខិត​របស់ ឯកឧត្តម Xi Jinping សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះឯកឧត្តម Xi Jinping ក៏ដូចជាបក្ស​កុម្មុយនិស្ត និងបានវាយ​តំលៃខ្ពស់ ចំពោះ​ការយកចិត្ត​ទុកដាក់របស់​ភាគីចិន លើកិច្ចសហ​ប្រតិបត្តិការ​ជាមិត្តភាព រវាង​បក្សកុម្មុយនី​ស្តចិន និងគណបក្ស​ប្រជាជនកម្ពុជា និងការបន្តជម្រុញ​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាងចិន និងកម្ពុជា។
សម្តេចក៏បាន​ថ្លែងអំណរគុណ​ចំពោះការអះ​អាងរបស់ភាគី​ចិន អំពីការ​បន្តគាំទ្រដល់​កម្ពុជា​ក្នុងការថែរក្សា​ស្ថិរភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ៕