Friday, July 24, 2015

សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៦-២០១៨ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចអនុម័តនៅថ្ងៃនេះ

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ ស្តី​ពីលទ្ធផលនៃសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៥​ នៅវិមានសន្តិភាព​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ក្នុងអាណត្តិទី៥នេះ​ បានសម្រេចអនុម័ត ​សេក្តីព្រាងច្បាប់ ស្តីពីស្ថិតិ​ និងសេចក្តីព្រាង​កម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំ ​រំកិល ២០១៦-២០១៨។
​សំរាប់សេចក្តីព្រាងច្បាប់ ​ស្តីពីស្ថិតិ​ កន្លងមកច្បាប់ស្តីពីស្ថិតិ ​ឆ្នាំ២០០៥ ​បានផ្តល់មូលដ្ឋានគតិយុត្តប្រកប​ដោយសក្តានុពល​ អនុញ្ញាតឲ្យវិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួ​ងផែនការអាចប្រតិបត្តិការយ៉ាងទូលំ​ទូលាយពេញទូទាំងប្រទេស​ ក្នុងការផលិតទិន្នន័យ​ស្ថិតិស្ទើរ​គ្រប់វិស័យ តាមវិធីសាស្ត្រ​បច្ចេកទេសទំនើប ​គឺការធ្វើជំរឿន ​និងការធ្វើអង្កេត​ដើម្បីទទួល​បានទិន្នន័យស្ថិតិត្រឹមត្រូវ ជឿទុកចិត្តបាន​ និងទាន់ពេលវេលាជូនអ្នក​ប្រើប្រាស់ជាតិ និងអន្តរជាតិ ​ជាពិសេសអ្នករៀបចំ​ផែនការគោល​នយោបាយអភិវឌ្ឍន៍ ​របស់រាជរដ្ឋាភិបាល ​និងដៃគូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ​សម្រេចបានតាមគោល​ដៅជាក់លាក់។
ផ្អែកតាមបទប្បញ្ញត្តិនៃ​ច្បាប់​ស្តីពីស្ថិតិឆ្នាំ២០០៥ ​វិទ្យាស្ថានជាតិស្ថិតិបានអនុវត្ត ​និងបំពេញភារកិច្ចស្ទើរតែគ្រប់ទាំងអស់​ដូចមានចែងក្នុងច្បាប់​ ឧទាហរណ៍ៈ ​ដូចជាជំរឿនដែលជា​ការងារធំ ហើយ​សំខាន់ជាងគេបំផុត​ក្នុងច្បាប់ស្តីពីស្ថិតិបានចែងថា​ វិទ្យាស្ថានជាតិស្ថិតិត្រូវអនុវត្តជំរឿនចំនួន៣ ​មានជំរឿនប្រជាជន ​ជំរឿនកសិកម្ម ​និងជំរឿនសេដ្ឋកិច្ច។ ​មកដល់​ពេលនេះ វិទ្យាស្ថានស្ថិតិ​បានបំពេញការងារ​ដ៏ធំជាប្រវត្តិសាស្ត្រនេះ ​ប្រកបដោយជោគជ័យ​ឆ្លើយតបបានគ្រប់ភារកិច្ច​ និងបេសកកម្ម​ ដូចច្បាប់បានបញ្ញត្តិ ​គឺជំរឿនប្រជាជនឆ្នាំ១៩៩៨ ឆ្នាំ២០០៨ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ​ជំរឿនកសិកម្មឆ្នាំ២០១៣ ​កំពុងតែដំណើរការ ​ហើយលទ្ធផលចុងក្រោយ ​នឹងប្រកាស​ជាផ្លូវការនាពេលអនាគត​ដ៏ខ្លីខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ​ ក៏ត្រូវបានតាក់តែងឡើង​ដោយក្រសួងផែនការ​ និងមានកិច្ចសហប្រតិបត្តិការ​ ជាមួយនឹងបណ្តា​ប្រទេសនានា​ដែលមានប្រព័ន្ធស្ថិតិរឹងមាំ​ រីកចំរើន ពិសេសគឺការផ្តល់​អនុសាសន៍​របស់អ្នកជំនាញការ​ស្ថិតិអង្គការ​ Paris21 (សាធារណរដ្ឋ​បារាំង) ដែលធ្លាប់មានបទ​ពិសោធន៍យ៉ាងច្រើន​ លើជំនួយបច្ចេកទេស​ក្នុងការ​ធ្វើបទប្បញ្ញត្តិស្ថិតិ នៅក្នុងពិភពលោក។​ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ​ មាន ១០ជំពូក ​និងមាន ៣៨មាត្រា មានវិសាសលភាព​អនុវត្តលើរាល់សកម្មភាព​ស្ថិតិនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកសំរាប់ ​សេចក្តីព្រាងកម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំរំកិល​ ២០១៦-២០១៨ ក៏ត្រូវបានកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីសំ​រេចអនុម័តផងដែរ។ ​សម្រាប់ការរៀបចំកម្ម​វិធីវិនិយោគ​សាធារណៈ​ ៣ឆ្នាំរំកិល២០១៦-២០១៨​ ក្រសួងផែនការបានបន្ត​ធ្វើកិច្ចសហការយ៉ាងជិត​ស្និទ្ធជាមួយក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​និងគណៈកម្មាធិការ​នីតិសម្បទាន ​និងអភិវឌ្ឍន៍​កម្ពុជានៃក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដើម្បីឈានទៅ​សម្រេចបាននូវ​សុខដុមនីយកម្ម ការងារផែនការ ​ចំណាយវិនិយោគសាធារណៈ​របស់រដ្ឋ ​និងហិរញ្ញប្បទាន​សហប្រតិបត្តិការ ​និងដើម្បីពង្រឹងយន្តការ​ស្ថាប័ននៃការ​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព។
គោលបំណងសំខាន់​នៃកម្មវិធីវិនិយោគ​សាធារណៈ ​(ក.វ.ស.) ​៣ឆ្នាំរំកិល ២០១៦-​២០១៨ គឺធ្វើការបង្ហាញ​ពីទិន្នន័យ​គម្រោង​វិនិយោគដែល​មានអាទិភាពខ្ពស់​របស់ក្រសួង​ ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា​ ដែលជាគោលនយោបាយ​មានចែងនៅក្នុង​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣ ​និងជាផែនទីចង្អុលផ្លូវ​សម្រាប់​ការអនុវត្តគោល​នយោបាយដែលមានចែងក្នុងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ​(ផ.យ.អ.ជ.)​ ២០១៤-២០១៨​ ជាផែនការ ដែល​បានអនុម័តដោយ​ស្ថាប័ននីតិប្បញ្ញត្តិ​កាលពីថ្ងៃទី២៦ ​ខែមិថុនា ឆ្នាំ២០១៤។
​កម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំរំកិល ​២០១៦-២០១៨ ​ដែលមានតម្លៃ​សរុបប្រចាំឆ្នាំ​ប្រមាណ ១៨០០លាន​ដុល្លារអាមេរិក​ ត្រូវបានរៀបចំឡើងដោយ​ផ្អែកលើតម្រូវការ​ចំណាយសរុប ​សម្រាប់ការអនុវត្ត​ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨​ ដើម្បីឲ្យបាន​ស្របតាមស្ថានភាព​ជាក់ស្តែងនៃការ​ប្រែប្រួលថ្លៃទំនិញ​ និងអតិផរណា ​ហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដែលដៃគូអភិវឌ្ឍ​ធ្លាប់បានសន្យា។
​ក្នុងចំនួនគម្រោងសរុប ​៤៩៥ គម្រោងនៃ ​កម្មវិធីវិនិយោគ​សាធារណៈ​ ៣ឆ្នាំ រំកិល២០១៦-២០១៨ ​នេះមានចំនួន១៦៤ ​គម្រោង ​ជាគម្រោងកំពុងដំណើរការ​ដែលត្រូវការទុនចំនួន ​៣១៦៩​ លានដុល្លារអាមេរិក​ និងចំនួន ៣៣១ ​គម្រោងដែលត្រូវដាក់​ឲ្យអនុវត្តក្នុងផែនការ​​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ត្រូវការទុនចំនួន ​២៤០១លានដុល្លារអាមេរិក៕
អត្ថបទ៖ សុភាព