បន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ កាលពីថ្ងៃអង្គារកន្លងទៅ ឲ្យជាប់ពន្ធនាគារ ពី៧ឆ្នាំ ទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ អង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសសាលក្រមរបស់តុលាការ និងអំពាវនាវឲ្យតុលាការទម្លាក់ចោលសាលក្រមនោះ ដោយអះអាងថាការជំនុំជម្រះមានភាពមិនប្រក្រតី និងជាការបំភិតបំភ័យដល់គណបក្សសង្គ្រោះជាតិ។
ជារឿយៗ អង្គការ លីកាដូ តែតែសកម្មក្នុងការស្វែងរកជំនួយពីតុលាការ ដើម្បីទាមទារឲ្យមានការផ្តន្ទាទោសជនល្មើស ដែលបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ព្រោះនេះជាតួនាទីក្នុងការ ការពារសិទ្ធិមនុស្ស និងការពារជនរងគ្រោះដែលរងការរំលោភបំពាន។ ប៉ុន្តែ ចំពោះសំណុំរឿងនៃអំពើហិង្សាមួយនេះ បែរជាអង្គការលីកាដូ បែរជាចេញមុខការពារ ជនល្មើសទាំងងងើលទៅវិញ ។ តើអង្គការលីកាដូ ជាអង្គការ ការពារគណបក្សនយោបាយ ឬជាអង្គការការពារសិទ្ធិជនល្មើស?
ការចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសស្ថាប័នតុលាការ ដែលជាអង្គការកំពូលមានអំណាចឯករាជ្យ ក្នុងការកាត់ទោសលើសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ របស់អង្គការលីកាដូ នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ថា លីកាដូ ពិតជាមានជំហរលំអៀងទៅកាន់គណបក្សប្រឆាំងយ៉ាងពិតប្រាកដ។ ប្រការនេះគឺជាការខុសឆ្គងធ្ងន់ធ្ងរបំផុតពីតួនាទី និងភារកិច្ច របស់ច្បាប់អង្គការសង្គមស៊ីវិល ដែលចែងថាអង្គការសង្គមស៊ីវិលមិនចូលរួមក្នុងសកម្មភាពរបស់គណបក្សនយោបាយ ឡើយ។
សកម្មភាពដែលកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ យើងបានដឹងទាំងអស់គ្នាហើយថា ជាអំពើបង្កឲ្យមានហិង្សាកើតឡើងយ៉ាងពិតប្រាកដ ទៅលើកងសន្តិសុខ ខណ្ឌដូនពេញ ដែលកំពុងបំពេញភារៈកិច្ច រក្សាសណ្តាប់ធ្នាប់ បណ្តាលឲ្យមានរបួស ធ្ងន់ ស្រាល រហូតដល់៣៨នាក់ នៅចំណុចស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។ បទល្មើសអំពើហិង្សានេះ វាគឺជាបទល្មើសជាក់ស្តែង របស់បុគ្គលម្នាក់ៗដែលបានប្រព្រឹត្តិ ហើយបុគ្គលនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។
ម្យ៉ាងទៀត សកម្មភាពនេះបង្កឡើងដោយមានការដឹកនាំពិតប្រាកដ និងញុះញង់ពីជនមួយក្រុមក្នុងគោលបំណងដណ្តើមកាន់កាប់ទីលានប្រជាធិប្យតេយ្យ ប្រឆាំងនឹងបទបញ្ជារបស់អាជ្ញាធរ ដែលបានសម្រេចបិទទីតាំងនោះជាបណ្តោះអាសន្ន។
ដូច្នេះ ការសម្រេចផ្តន្ទាទោសជនល្មើសទាំង១១នាក់ របស់តុលាការក្រុងភ្នំពេញ « គឺជាការអនុវត្តដ៏ត្រឹមត្រូវរបស់សមត្ថកិច្ចតុលាការ » ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ការអនុវត្តច្បាប់របស់ប្រទេស និងការប្រើអំពើហិង្សារបស់បុគ្គល ឬក្រុមណាមួយ ដែលបានរំលោភលើសិទ្ធិពលរដ្ឋដូចគ្នា គឺដាច់ខាតត្រូវតែទទួលនូវការផ្តន្ទាទោស។ រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពលរដ្ឋគ្រប់រូបត្រូវបានការពារដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។ ដូច្នេះ ការបង្កើតនូវ វប្បធម៌និទណ្ឌភាពនៅក្នុងសង្គម គឺជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ។ សង្គមមួយដែលរស់ក្នុងនីតិរដ្ឋ រាល់ការទាមទារទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាប់ គឺជាការដើរខុសផ្លូវនៃលទ្ធិប្រជាធិបតេយ្យ។
កន្លងមក ទាំងអង្គការសង្គមស៊ីវិល ទាំងគណបក្សសង្គ្រោះជាតិ តែងតែលើកឡើងកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា ហើយតែងចោទស្ថាប័នតុលាការថាមិនឯករាជ្យ ឬនៅក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែ ពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិប្រព្រឹត្តិបទល្មើសជាក់ស្តែង បង្កអំពើហិង្សា បែរជា ក្រុមសង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រមានដល់ស្ថាប័នតុលាការឲ្យទម្លាក់ចោលសាលក្រម និងជំរុញឲ្យមានការដោះលែងជនល្មើសទៅវិញ។ តើឯណាទៅយុត្តិធម៌ សម្រាប់ជនរងគ្រោះនោះ? ប្រការដែលមិនបានបែងចែកច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយ វានឹងនាំឲ្យសង្គម និងប្រទេសជាតិ កាន់តែប្រេះស្រាំគ្មានទីបញ្ចប់ ហើយទីបំផុតពាក្យនីតិរដ្ឋ ដែលក្រុមសង្គមស៊ីវិលមាននិន្នាការប្រឆាំងតែងតែចង់បាន និងគណបក្សបក្សសង្គ្រោះជាតិ តែងតែប្រើប្រាស់ ដើម្បីសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នឹងមិនអាចមានក្នុងសង្គមខ្មែរបានឡើយ។
ដូច្នេះ ប្រសិនបើរាល់ពេលដែលជនល្មើស ពាក់ស្លាកជាសកម្មជននយោបាយរបស់គណបក្សណាមួយ ហើយបានប្រព្រឹត្តិបទល្មើសជាក់ស្តែង សុទ្ធតែត្រូវបានលើកលែងទោសបែបនេះ តើប្រទេស អាចអនុវត្តនូវនីតិរដ្ឋ បានដែរឬទេ? «គួររួមគ្នាបញ្ឈប់នូវវប្បធម៌និទណ្ឌភាព សម្រាប់ប្រទេសជាតិយើង»៕