Friday, July 24, 2015

ទស្សនៈដោយ៖ ពង្ស សុក្រឹត្យ, ជាសា្មរតីសេ្នហាជាតិ ឬក៏ជាមហិច្ឆតាអំណាច

គឺ​ជារឿង​ដដែលៗ​​ ដែល​គណបក្ស​​សង្គ្រោះ​ជាតិ​ និង​ក្រុម​ប្រឆាំង​ មាន​បំណង​​យក​បញ្ហា​​ព្រំ​ដែន​​ ដែល​​ជាបញ្ហា​រស៊ើប​បំផុត​សម្រាប់​ប្រទេស​ជាតិ​ មក​ធ្វើ​អាជីវកម្ម​នយោបាយ​នាពេល​នេះ។ ​​ការ​សើរើ​នេះ​ គឺ​ក្នុង​គោល​បំណង​វាយ​ប្រហារ​មក​លើ​​រាជ​រដ្ឋាភិបាល និង​ជា​ពិសេសគឺ​​​មក​លើគណបក្ស​ប្រជាជន​កម្ពុជា​។​ ក្រុម​អ្នក​វិភាគ​យល់​ថា​ គណបក្ស​សង្គ្រោះជាតិ​​ធ្វើ​​បែប​នេះ​ គឺ​​​ពួក​ខ្លួន​​អាចនឹង​​ប្រមូល​ប្រជាប្រិយ​ភាព​​បាន​មក​វិញ​​ខ្លះ ក្រោយ​ពី​ការ​អស់​ជំនឿ​របស់​ប្រជាពលរដ្ឋ​ ក្នុង​​ការ​​ចូល​រួម​សកម្មភាព​នានា​ ជាមួយគណបក្ស​ប្រឆាំង​មួយនេះ​​​។
បើ​យើង​ក្រឡេក​​មើល​​ជា​ទូទៅ​ គ្រប់​ប្រទេសទាំង​អស់​លើ​ពិភពលោក​ មិនថាប្រទេស​តូច ឬ​ប្រទេស​ធំឡើយ​ គឺសុទ្ធតែ​មាន​ព្រំដែន​ជាប់​គ្នា​​រវាង​ប្រទេស​ និង​ប្រទេស​​ដូចគ្នា រួម​ទាំងព្រំដែនគោក និងព្រំដែន​ទឹក ហើយ​គ្រប់ប្រទេសទាំងអស់​ សុទ្ធ​តែ​ចង់​ឲ្យ​ព្រំដែន​របស់​ប្រទេស​ខ្លួន​ គឺ​ជាព្រំដែន​មួយ​ ដែល​ទទួល​ស្គាល់ជាអន្តរជាតិ។ ការមាន​ព្រំដែន​ច្បាស់លាស់​ គឺដើម្បីការពារកុំឲ្យប្រទេស​ជិតខាងដែល​មាន​កម្លាំង​ខ្លាំង​​រំលោភ​​ចូល​​មក​ទឹក​ដី​របស់​ប្រទេសមួយទៀត​ដែល​ទន់​ខ្សោយ​​​ និងទី២ គឺ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​​ជា​អន្តរជាតិ​ ដោយ​មានច្បាប់​ជាអន្តរជាតិ​មួយ​ការពារ​​ឲ្យ​បាន​រឹង​មាំ​។
ប្រការនេះ​ហើយ​ទើប​យើង​ឃើញ​ រាជរដ្ឋាភិបាល​ ដែល​ដឹក​នាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​​ជម្រុញ​​ឲ្យ​មាន​ការ​បន្ត​បោះ​បង្គោល​ព្រំដែន​។ ​ឆន្ទៈ​របស់​ រាជរដ្ឋាភិបាលគឺ​​ចង់ឲ្យ​មាន​ព្រំដែន​មួយ​ ដែល​មាន​ការ​​ទទួលស្គាល់​ជាក់លាក់​​​​ពីប្រទេសជិតខាង​ ដូច្នេះ​ ដើម្បីឲ្យមានការទទួលស្គាល់គឺ​ត្រូវ​ធ្វើ​ការ​ចចារ​គ្នា។ មានប្រទេស​ខ្លះគេ​​ធ្វើ​កំពែង រឺសង់របង​ដើម្បីការពារតែម្តង​។ ប្រទេសដែល​ខ្លាំង តែង​តែ​រំលោភ​ប្រទេស​ដែល​​ទន់​​ខ្សោយ​ ព្រោះ​ជាទូទៅ​ មិនដែល​​ប្រទេសទន់​​​ខ្សោយ​​ ទៅ​រំលោភ​​ប្រទេស​​ខ្លាំងនោះ​ទេ​។ ដូច្នេះ​ សម្រាប់​ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​ គឺ​មាន​តែ​ការ​ច​ចារ​តាម​រយះ​ការទូត​ ប៉ុណ្ណោះ​ ទើបទទួល​បាន​ជោគជ័យ​។​
រាជរដ្ឋាភិបាល​ តែង​បាន​​ធ្វើ​ការ​ដោះ​ស្រាយ​យ៉ាង​សកម្ម ​លើ​បញ្ហា​ព្រំ​ដែន​នេះ​ ជាមួយ​ភាគី​វៀតណាម​​។ជាក់​ស្តែង​​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំ​ដែន​រវាង​កម្ពុជា​ និង​វឿត​ណាម​ នាពេល​ថ្មីៗនេះ​ គឺ​ភាគី​ខាង​កម្ពុជា​បាន​ទទួល​លទ្ធ​ផល​ខាង​ផ្នែក​ការទូត​គួរ​ឲ្យ​កត់​សម្គាល់ផងដែរ​​​ ដោយ​​ភាគី      វៀត​ណាម​​បាន​សុខ​ចិត្ត​យល់​ព្រម​លុប​ស្រះទឹក​ចំនួន​៣​ នៅ​ខេត្ត​រតនៈគីរី​ បញ្ឈប់​ការ​សាង​សង់​ផ្លូវ​នៅ​តាម​ព្រំ​ដែន​ ខេត្ត​ស្វាយ​រៀង​ និង​បញ្ឈប់​ការ​សាង​សង់​ប៉ុស្តិ​យាម​របស់​យោធា​នៅ​ច្រក​ព្រំ​ដែន​ខេត្ត​កណ្តាល​។ ទាំង​នេះ​​គឺ​ជាការ​ខិត​ខំ​ដោះ​ស្រាយ​របស់​រាជរដ្ឋាភិបាល​ លើ​បញ្ហាព្រំ​ដែន​ ដោយ​ឈរ​លើ​ការ​ចរចា​ទ្វេភាគី​ ដោយ​សន្តិវិធី និង​តាម​ផ្លូវ​​ការ​ទូត ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ផង​ ដើម្បី​រក្សា​ទំនាក់​​ទំនង​​ល្អ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ រវាង​ប្រទេស​ជិត​ខាង​ផង​។​
ផ្ទុយទៅ​វិញ​ ក្រុមអ្នក​វិភាគ​បាន​មើល​ឃើញថា​ ការ​ដែល​ក្រុម​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ មាន​បំណង​ដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​មើល​​ព្រំ​ដែន​ម្តង​ហើយ​ម្តង​ទៀត​នៅ​ខេត្ត​ស្វាយ​រៀង​នោះ​ វាគឺ​ជារឿង​នយោបាយ​​សុទ្ធសាធ គឺ​មិន​មែន​ជាការ​បង្ហាញ​នូវ​ឆន្ទៈស្នេហា​ជាតិ​អ្វី​នោះ​ទេ​។​ តំណាង​រាស្ត្រ​ទាំង​នោះ​ មិន​បាន​ដឹង​អំពី​ស្ថានភាព​ព្រំ​ដែន​នៅ​តំបន់​នោះ​យ៉ាង​ម៉េច​ផង​។​​ តាម​ពិត​ តំបន់​ព្រំ​ដែន​នៅក្នុង​ភូមិ​ធ្លក​ ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយ​រៀង​ នោះ​គឺ​ថិត​នៅ​ជាតំបន់​ដែល​ក្រុម​ការងារ​កិច្ចការ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ មិន​ទាន់​បាន​កំណត់​ខ័ណ្ឌ​សីមានៅឡើយ​ទេ​ ហើយ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​ស្រុះស្រួល​គ្នា​រក្សា​ស្ថានភាព​បច្ចុប្បន្ន​​ឲ្យ​​នៅដដែល​សិន​។ ប៉ុន្តែ​ ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ បែរជា​ទៅ​ដឹក​នាំ​ និង​ញុះញង់​ប្រជា​ពលរដ្ឋ​​ពី​ភ្នំពេញ​ ដែល​មិ​ន​​ដឹង​​ស្ថានភាព​​ពិត​ចុះទៅ​តវ៉ា​នៅ​​តំបន់​នោះ​​ ដូច្នេះហើយ​ ទើប​បង្ក​ឲ្យ​មាន​ជា​អំពើ​​ហិង្សា​​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​វៀត​ណាម​ ធ្វើ​ឲ្យ​មាន​របួស​ទាំង​សងខាង​បែប​នេះ​។​ ​​​​
ក្រុម​អ្នក​វិភាគយល់ឃើញថា​ គោល​ជំហរ​​ស្នេហាជាតិ និង​ទឹក​ដី​នេះ​ គឺ​ពុំ​មែន​ជាសិទ្ធិ​ផ្តាច់​មុខ​ របស់​បុគ្គល​ ឬ​គណបក្ស​នយោបាយ​​ណាមួយ​ ម្នាក់​ឯង​នោះ​ទេ​។​ ដូច្នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ​ មិន​គួរ​ លើក​យក​បញ្ហា​​ព្រំ​ដែន​នេះ​ មក​ធ្វើ​អាជីវកម្ម​ កេង​ចំណេញ​ខាង​នយោ​បាយ​ ហើយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​ ដែល​បង្ក​ដោយ​ការ​ញុះញង់​ អុជអាល​ របស់​ខ្លួន​នោះ​ទេ​។ អ្នកវិភាគ​ក៏​បាន​លើកឡើង​ទៀតថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​ តែង​​ប្រើ​មធ្យោបាយ​ ប្រជាភិថុតិ​ បំផ្លើស បំភ្លៃ​ការពិត​​ និង​​បង្កើត​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ លើ​បញ្ហាព្រំដែន​នេះ​​ ​ចំ​ពោះ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជាសាធារណៈ​មតិ​ អន្តរជាតិ​​​។​ ពួក​គេ​មិន​ដែល​បាន​គិត​អំពី​​ផល​វិបាក​ ដែល​អាច​នឹង​​នាំ​មក​នូវ​​ការ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ និង​ប្រជាជន​ធ្លាក់​ទៅ​ក្នុងភ្នក់ភ្លើង​សង្គ្រាម​ និង​វិបត្តិ​ធ្ងន់​ធ្ងរ​ សាជាថ្មីនោះ​ឡើយ​។​
ដោយសារ​តែ​ ​មហិច្ឆតាអំណាច​ និង​ផល​ប្រយោជន៍​របស់​បុគ្គល​ ក្រុម​ និង​គណបក្ស​របស់​ខ្លួន គណបក្ស​ប្រឆាំង​ នៅ​តែ​ចិញ្ចឹម​ចិត្ត​ ប្រើ​គ្រប់​មធ្យោបាយ​ និង​ល្បិច​កល​ អូស​ទាញ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ឲ្យ​ធ្លាក់​ក្នុង​មនោគមវិជា្ជ​នយោបាយ​រើសអើង​ពូជសាសន៍​របស់​ខ្លួន​ ដើម្បី​បំផុស​គំនិត​ជាតិ​និយម​ជ្រុល​ប្រឆាំង​ជាមួយប្រទេស​ជិត​ខាង ដោយ​មិន​បាន​ថ្លឹង​ថ្លែង​ពី​កម្លាំង​សេដ្ឋកិច្ច​ និង​នយោបាយ​នៅក្នុង​តំបន់​របស់​ប្រទេស​ខ្លួន​សោះឡើយ​។​
​          សរុបមក​ ដំណោះស្រាយ​ដែល​សម​ស្រប​លើ​ជម្លោះ​ព្រំ​ដែន​នាពេល​បច្ចុប្បន្ន​នេះ​ គឺ​ត្រូវ​ឈរ​លើ​ការ​ដោះ​ស្រាយ​​តាម​រយះ​កិច្ច​ការ​ទូត ទ្វេភាគី​​ ជាចម្បង​ ដោយ​មិន​ត្រូវ​ប្រើប្រាស់​ចរិត​តវ៉ា​ លើក​គ្នា​ជាក្រុម​ ទាំង​ហ្វូងដូច​ហ្វូង​គោ​ ដេញ​វាយ​តប់​គ្នា​ប្រសាច ដូច​មេ​ដឹក​នាំ​ និង​តំណាង​រាស្ត្រ​ បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ម្យ៉ាង​ទៀត​ ការ​ចុះ​ទៅមើល​ព្រំ​ដែន​ម្តង​ហើយ​ ម្តង​ទៀត​នេះ​ គឺ​មិន​​ធ្វើ​នៅ​ក្នុង   សា្មរ​តី​​​សេ្ន​ហា​ជាតិ​​ពិតប្រាកដ​​នោះ​ទេ​ តែ​វា​ជា​ប្រធានបទ​​ដើម្បីមហិច្ឆតា​អំណាច​ និង​ដើម្បី​ទទួល​បាន​​​​ប្រជាប្រិយ​ភាព​​ របស់​​បុគ្គល ​ឬ​ក្រុមអ្នកនយោបាយ​​​គណបក្ស​ប្រឆាំង​​​ ដែលបាន​​បាត់​បង់​ប្រជាប្រិយ​ភាព​​ដោយការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ ​​​ក្រោយ​ពី​ការ​បោះឆ្នោត​ ប៉ុណ្ណោះ៕