នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា ចំនួន៤៤រូប ដែលចូលរួមសម័យ ប្រជុំលើកទី៧ នីតិកាលទី៣ បានឯកភាពគាំទ្រទាំងស្រុងទៅលើ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីពិភាក្សាគ្នា អស់រយៈពេលជាង១ម៉ោង។
នៅព្រឹកមិញនេះព្រឹទ្ធសភាបានបើកសម័យប្រជុំរបស់ខ្លួន ដោយមានកូរ៉ុមចំនួន៤៤រូប ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី បានធ្វើពហិការមិនចូលរួមប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះទេ។ ក៏ប៉ុន្តែបើទោះបីជាសមាជិកព្រឹទ្ធសភា នៃគណបក្សសម រង្ស៊ី មិនចូលរួមប្រជុំ ក៏ពុំមានឧបសគ្គ នៅក្នុងការប្រជុំពិភាក្សា និងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាលឡើយ គឺព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះដោយរលូន។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាលនេះមានចំនួន ៩ ជំពូក និង ៣៩ មាត្រា ដែលត្រូវបានសភាជាតិ យកទៅពិភាក្សា និងអនុម័ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ រួចហើយ ដោយមានសម្លេងគាំទ្រ ចំនួន ៦៨ សំឡេង ដោយមិនមានក្រុមសមាជិកសភា នៃគណបក្សសង្គ្រោះជាតិចូលរួមទេ។ មកដល់ពេលបច្ចុប្បន្ននេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាង ៤.០០០ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ប៉ុន្តែក្នុងនោះក៏មានមួយចំនួនទៀតក៏កំពុងធ្វើប្រតិបត្តិការរបស់ខ្លួន ដោយមិនបានចុះបញ្ជីត្រឹមត្រូវផងដែរ។
សំរាប់កិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃនេះ សមាជិកព្រឹទ្ធសភា បានផ្តល់យោបល់ថា ត្រូវតែមានច្បាប់ស្តីពីសមាគម និងអង្គកាមិនមែនរដ្ឋាភិបាល ពីព្រោះនៅក្នុងគោលការណ៍នីតិរដ្ឋ និងគោរពរដ្ឋធម្មនុញ្ញ ចែងអំពីសិទ្ធិសេរីភាព នៃការចូលរួមបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល និងសេរីភាពបញ្ចេញមតិ និងសេរីភាពចូលរួម ក្នុងសកម្មភាពនយោបាយ។
សូមបញ្ជាក់ថា របៀបវារៈនៅក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៧ នីតិកាលទី៣ នៅថ្ងៃនេះ មានចំនួន២គឺ ១.ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និង ២.ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
អត្ថបទ៖ សុភាព