សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដាច់ណាត់ មិនឱ្យមានបដិវត្តន៍ព័ណ៌ រួមទាំងអនុសាសន៍ និងយុទ្ធសាស្ត្រល្អៗជាច្រើន នៅព្រឹកថ្ងៃទី២៣កក្កដានេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការមកពីបណ្តាអង្គភាពនានានៅទូទាំងប្រទេសប្រមាណ៥ពាន់ នៅបញ្ជាការដ្ឋានអង្គរក្ស ទួលក្រសាំង ខេត្តកណ្តាល។
យោងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួង ការពារជាតិ បង្ហាញថា ជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ដោយបាន សម្តេច តេជោ នាយករដ្ឋមន្រ្តី ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំទាំងអស់ បានស្តាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ដើម្បីជាទុន និងជាត្រីវិស័យតំរង់ទិស និងជាទស្សនៈវិស័យច្បាស់លាស់ ជាពិសេសឱ្យមានឆន្ទៈមោះមុត ក្នុងការការពាររដ្ឋអំណាចស្របច្បាប់ ការពារសមិទ្ធផលសង្គមជាតិ និងមិនលុះទៅដោយបដិវត្តន៍ព័ណ៌ ពិសេសការពារសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ ឱ្យរស់នៅ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងពិធីសំណេះសំណាលនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនូវបញ្ហាពីរ ជាសំខាន់មកជំរាបជូន ទាក់ទិនអំពីសភាពការណ៍វិវត្តរបស់សកលលោក ជាពិសេសការយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់នៅក្នុងកិច្ចទំនាក់ទំនង សហការជាមួយបណ្តាប្រទេសនានាជាមិត្ត ហើយទាក់ទងអំពីសភាពការណ៍សកលលោកនេះ សម្តេចបានរំលេចឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជាមន្ត្រីរាជការទទួលបាននូវការយល់ដឹង មើលឃើញពីបទពិសោធន៍ រឿងរ៉ាវ ជាវិជ្ជមាន និងអវិជ្ជមានទាំងឡាយ ក្នុងរយៈពេលកន្លងមក និងបច្ចុប្បន្ន ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការទទួលបានជាការវិភាគ និងដាក់ចេញនូវទិសដៅ សម្រាប់ខឿនការពារជាតិរបស់យើងរួមទាំងការប្រឆាំងភេរវកម្ម ដោយសហការជាមួយគ្រប់តួអង្គនិងប្រទេសពាក់ព័ន្ធទាំងអស់ ហើយសម្តេចបានចាត់ទុកថា បញ្ហាប្រឆាំងភេរវកម្មនេះ ជាប្រធានបទធំណាស់។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏បានមានប្រសាសន៍អំពីសភាពការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាដោយបានលើកឡើងជុំវិញរឿងរ៉ាងទាំងឡាយដែលកើតមាន និងបង្កឡើងដោយគណបក្សសង្គ្រោះជាតិ ហើយទោះជាយ៉ាងណាក៏ដោយ សម្តេចបានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសភាពការណ៍ថ្មីនេះ គឺការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង និងប្រទេសនានាក្នុងតំបន់និងពិភពលោក ដើម្បីបង្កើនចំណងទាក់ទង ជំនឿទុកចិត្តគ្នា និងដើម្បីពង្រឹងសន្តិភាព។
សម្តេចតេជោ បានបន្ថែមថា កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស កំលាំងនគរបាល កងរាជអាវុធហត្ថ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ខិតខំកំចាត់ចោលនូវក្រុមចោរប្លន់ ប្រដាប់អាវុធ ក្រុមជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ ធានាកុំឱ្យមានអំពើ ភេរវកម្មកើតឡើងនៅក្នុងទឹកដីកម្ពុជា ដើម្បីរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគមកកម្ពុជា និង ចូលរួមជួយ ដល់ សមត្ថកិច្ចគយ ពន្ធដារ ដើម្បីប្រមូលចំណូលថវិកាជាតិ ចូលរួមជួយដល់ផ្នែករដ្ឋបាលព្រៃឈើ បរិស្ថាន ធនធានរ៉ែ ជួយប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើខុសច្បាប់ ការជីករ៉ែ គ្រប់ប្រភេទ រួមទាំងការបូមខ្សាច់អនាធិបតេយ្យ ហើយចំពោះបញ្ហានេះ មេបញ្ជាការគ្រប់លំដាប់ថ្នាក់គ្រប់កងកម្លាំង និង គណៈបញ្ជាការឯកភាពគ្រប់ខេត្តត្រូវខិតខំជួយដល់ផ្នែកគយ និងពន្ធដារ ដើម្បីប្រមូលចំណូល ថវិកាជាតិ ក្នុងនោះអំពើ រត់ពន្ធ គេចពន្ធ ត្រូវតែខិតខំចូលរួមចំណែកក្នុងការបង្ក្រាប ដើម្បីឱ្យគេចូលមកតាមច្រកបង់ពន្ធត្រឹមត្រូវ និងធានាទៅដល់ចំណូលថវិកាមួយផ្នែកសម្រាប់តម្លើងប្រាក់បៀវត្ស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ របស់យើងនិងមួយផ្នែកទៀតដើម្បីអភិវឌ្ឍនិងកាត់បន្ថយការពឹងពាក់ពីខាងក្រៅ។ ក្នុងចំណុចនេះសម្តេចបញ្ជាក់ថាបើធ្វើបាននោះគោលដៅតម្លើងប្រាក់ បៀវត្សទាបបំផុតមិនក្រោម១លានរៀលនៅឆ្នាំ២០១៨គឺ មិនលំបាកនោះទេ។
សម្តេចតេជោ បានផ្តាំផ្ញើដល់កងទ័ព កងរាជអាវុធហត្ថ កុំកាប់ឈើខ្លួនឯង គឺត្រូវការពារ ឱ្យពួករដ្ឋបាលព្រៃឈើ និងបរិស្ថាន ក៏ដូចជាធនធានរ៉ែ ហើយនៅក្នុងបញ្ហានេះ សម្តេចបានស្តីបន្ទោសចំពោះការកាប់ឈើខ្ទេច កាប់ខ្ទី និងដឹកជញ្ជូនខូចផ្លូវអស់ ជាពិសេសសម្តេច បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឱ្យមានបដិវត្តព័រណ៍នៅកម្ពុជា ទោះតម្លៃណាក៏ដោយគឺត្រូវកំចាត់ចោលភ្លាម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយកម្លាំងប្រដាប់អាវុធមិនអព្យាក្រិត្យ រវាងបក្សនយោបាយជាមួយនឹងរដ្ឋនោះទេ ព្រោះការបង្កើតឡើងកងកម្លាំងប្រដាប់អាវុធគឺដើម្បីការពាររដ្ឋ ធម្មនុញ្ញ ការពារ និងអនុវត្តច្បាប់ ជាឧបករណ៍របស់រដ្ឋ ក្នុងកិច្ចការពារជាតិ ការពារប្រជាជន។
សម្តេចបញ្ជាក់ថា ទង្វើរបស់ក្រុមណា បក្សណា ដែលចង់ផ្តួលរំលំរដ្ឋ គឺត្រូវកំចាត់ចោលភ្លាម ត្រូវអប់រំសតិអារម្មណ៍ក្នុងជួរកងទ័ព អាវុធហត្ថ នគរបាលឱ្យយល់លើចំណុចនេះ «គឺអព្យាក្រិត្យចំពោះមុខបក្សនយោបាយ តែមិនអព្យាក្រិត្យរវាងរដ្ឋ និងបក្សនយោបាយ ហើយរាល់ទង្វើខុសច្បាប់ត្រូវអនុវត្តច្បាប់,ទង្វើផ្តួលរំលំរដ្ឋដោយខុសច្បាប់ ត្រូវកំចាត់ចោលភ្លាមដោយគ្មានការស្ទាក់ស្ទើរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ណាត់មិនឱ្យមានបដិវត្តន៍ព័ណ៌ ដោយមិនត្រាប្រណី ចំពោះអ្នកណាក៏ដោយ៕