ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥
ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»
(Available in Khmer Only)
CNV: 27/09/2015
ឯកឧត្តមប្រធាន
ឯកឧត្តមអគ្គលេខាធិការ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការ សហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុង បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោកតាមរយៈការ សម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការ ទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមក កាលពី ១៥ ឆ្នាំមុន។
ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការ កាត់បន្ថយ ភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ ២០១៥។ ចំណែកឯ គោលដៅសេសសល់ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ ២០១៥ នេះដែរ។
បច្ចុប្បន្នកម្ពុជាកំពុងឆ្លងទៅក្នុងដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍ នោះគឺជាការឈានឡើងជា ប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦ ខាងមុខ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាយល់ឃើញថា SDGs ទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃ MDGs ពិតជាមានភាពសមស្រប សម្រាប់ បរិការណ៍កម្ពុជា ក្នុងការបន្តពង្រឹងសមិទ្ធិផលសម្រេច បានរយៈ ១៥ ឆ្នាំ កន្លងមក ហើយក៏មានសារសំខាន់ សម្រាប់គាំទ្រដល់អន្តរកាលរបស់កម្ពុជា ក្នុងការឈានចូលដំណាក់កាលដំបូង នៃប្រទេសមានចំណូល មធ្យមផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបឱ្យបានពេញលេញទៅនឹងបរិការណ៍ជាក់ស្តែងនឹងសេចក្តី ត្រូវការរបស់ខ្លួន កម្ពុជានឹងដាក់បញ្ជូលការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យ ទៅជាគោលលដៅ បន្ថែមមួយទៀតនៅក្នុង SDGs។
ចំពោះទស្សនវិស័យ អំពីហិរញ្ញប្បទាន សម្រាប់សម្រេច SDGs រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះកិច្ច ព្រមព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa Accord and Action Agenda)ដែលផ្តោតលើការកៀគរធនធានក្នុងស្រុក ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុង ការអភិវឌ្ឍន៍។ ទោះជាយ៉ាងនេះក្តី កម្ពុជាស្នើសុំឱ្យមានការបន្តគាំទ្រមួយរយៈថែមទៀត ដល់ ប្រទេសទន់ខ្សោយ ដែលទទួលបានជោគជ័យក្នុង ការឈានឡើងទៅកាន់ដំណាក់កាល អភិវឌ្ឍន៍ បន្ត ដើម្បីប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ការ ប្រកួតប្រជែងជាអន្តរជាតិ តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងជាហិរញ្ញប្បទានជាសំណង ទាំងជា ឥណទានសប្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេសបញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។
ការសម្រេចបាននូវកុងសង់ស៊ុស លើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ គឺជាសមិទ្ធផល ដ៏សំខាន់របស់ មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែ ការធានាឱ្យបានថា របៀបវារៈដែល ត្រូវបានដាក់ចេញមកនេះពិត ជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើង ទាំងអស់គ្នានៅឡើយ។ ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឺះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវ ខិតខំរួមគ្នាធ្វើ គឺ៖
– ទី១. ធានាសម្រេចឱ្យបាននូវការអនុវត្តនូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ពី សំណាក់ប្រទេស អ្នកផ្តល់ជំនួយ ក្នុងទំហំ ០.៧% នៃចំណូលជាតិសរុប ទៅដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងក្នុងទំហំ ០.១៥-០.២០% នៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការ អភិវឌ្ឍន៍តិចតួច។
– ទី២. បន្តលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំង ផ្តល់ភាព អនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងស្មារតីធានាឱ្យបានថា ផលប្រយោជន៍ ដែលទទួលបានពីការធ្វើ សកលភាវូបនីយកម្ម ត្រូវបានបែងចែកប្រកបដោយសមធម៌ និងប្រសិទ្ធិភាព។
– ទី៣. បន្តពង្រឹងស្ថេរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងលើកកម្ពស់តួនាទី និងជីវភាព របស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ឈានទៅ សម្រេចបាននូវ SDGs។
– ទី៤. បន្តពង្រឹងភាពជាម្ចាស់របស់ប្រទេស តាមរយៈការកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី វិស័យឯកជន និងតួអង្គ អភិវឌ្ឍន៍ដទៃទៀត។ និង
– ទី៥. ធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោ បាយរបស់ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាព នៃគោលនយោបាយជាតិ និងជាមួយ SDGs។
ជាទីបញ្ចប់ ខ្ញុំមានជំនឿថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងក្លាយជាឧបករណ៍មួយ ដ៏សំខាន់ សម្រាប់ជួយឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍មួយត្រឹមត្រូវ ដែលនឹង អាចធានាឱ្យមនុស្ស ជំនាន់ក្រោយរស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និង ភាពរុងរឿង៕
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់