សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានលើកឡើងថា ក្របខ័ណ្ឌនៃការដំឡើងបៀវត្ស និងចំណាយបន្ទុកបុគ្គលិក សម្រាប់ឆ្នាំ២០១៦ រួមមាន ដំឡើងបៀវត្សមូលដ្ឋាន ក្នុងអត្រា ១២ភាគរយ ដោយអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦ ទៅសម្រាប់មន្ត្រីរាជការទាំងអស់។ ការដំឡើងប្រាក់បំណាច់ មុខងារសម្រាប់មន្ត្រីរាជការទាំងអស់ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦ ទៅ ដែលក្នុងនោះប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើង សម្រាប់អ្នកទទួលបានចាប់ពីក្រោម ៥០០.០០០រៀល ក្នុង១ខែ ដោយប្រាក់បំណាច់មុខងារទាបបំផុត នឹងត្រូវដំឡើងពី ១៥០.០០០រៀល ក្នុង១ខែ ដល់ ២៥០.០០០រៀល ក្នុង១ខែ។ ចំនួនមន្ត្រីជាប់កិច្ចសន្យា ត្រូវរក្សាក្នុងចំនួន ដែលប្រើប្រាស់បច្ចុប្បន្ន និងដំឡើងប្រាក់ឧបត្ថម្ភ ៤០០.០០០រៀល ក្នុង១ខែ ដោយអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦។
ក្រសួងសេដ្ឋកិច្ច ក៏នឹងគ្រោងដំឡើង ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់ និងមន្ត្រីភូមិ ដោយចាប់អនុវត្ត ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី-ខេត្ត មានមុខតំណែងជាប្រធានក្រុមប្រឹក្សា នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ១.០៩០.០០០រៀល។ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ មុខតំណែងជា ប្រធានក្រុមប្រឹក្សា នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៨៧០.០០០រៀល។ ថ្នាក់ឃុំ សង្កាត់ មានតំណែងជាមេឃុំ ចៅសង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៥០.០០០រៀល និងថ្នាក់ភូមិ មានតំណែងជាមេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ២០០.០០០រៀល៕