សេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាបានបន្ថែមថា ការបំភ្លៃពាក្យសម្តីមិនស្របតាមការលើកឡើងរបស់មន្ត្រីជំនាញខាងផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាត្រង់ថា «តាមការកត់សម្គាល់កន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ»។ ការពិតឃ្លាត្រង់នេះ គ្រាន់តែការលើកឡើងជាឧទាហរណ៍តូចមួយថា « អីចឹងយើងស្រម៉ៃមើល បើក្នុងហ្នឹងមាននារី៥០% ៣០០០នាក់ជាង ពាក់ស្បែកជើងកែងចោតគីកកុកៗដើរលើថ្មី តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខាងទេសចរណ៍អប្សរាត្រូវគិត»។ ដូច្នេះការបំភ្លៃពាក្យសម្តីខុសពីការពិត អាចនាំឲ្យសាធារណជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរថា បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ។ ការបំភ្លៃពាក្យសម្តីបែបនេះបង្ហាញឲ្យឃើញពីកង្វះខាតវិជ្ជាជីវៈផ្នែកសារព័ត៌មាន ដែលវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវតែបំពេញឲ្យបានដាច់ខាតក្នុងការនាំយកព័ត៌មានត្រឹមត្រូវជូនសាធារណជននិងធ្វើឲ្យវិទ្យុនេះបាត់បង់ការជឿទុកចិត្តពីអ្នកស្តាប់ទូទៅ។
អាជ្ញាធរជាតិអប្សរាបានបន្តថា ការលើកឡើងពីមតិរបស់លោក ធុយ ចាន់ធួន ដែលលើកឡើងថា « អាជ្ញាធរជាតិអប្សរា គ្មានមន្ត្រីជំនាញបុរាណវិទ្យាច្បាស់លាស់ ទើបធ្វើឲ្យភ្ញៀវទេសចរខ្វះការយល់ដឹង» និងថា «គិតឲ្យមែនទែនពីរឿងរកមនុស្សឲ្យមានជំនាញ មនុស្សដែលចេះធ្វើការ កុំចង់បានធំ ឬចង់ធ្វើការកន្លែងមានលុយ រួចទៅថា ខ្ញុំអត់ចេះចាត់ចែង»។ ចំពោះការលើកឡើងនេះ អាជ្ញាធរជាតិអប្សរា សូមបដិសេធទាំងស្រុង ដោយនេះគឺជាការលើកឡើងដោយខ្វះសុភវិនិច្ឆ័យ និងគ្មានមូលដ្ឋានពិតប្រាកដដែលពុំអាចទទួលយកបាន។ អំពីធនធានមនុស្ស អ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរា ទាំងផ្នែកបុរាណវិទ្យា និងវិស្វកម្មទឹក ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងកម្រិតអង្គការយូណេស្កូ ហើយតែងតែទទួលបានការអញ្ជើញពីសំណាក់សាកលវិទ្យាល័យបរទេសជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទេសនាមជូនសិស្សនិស្សិតរបស់គេ។ រឺឯផ្នែកជំនាញជួសជុលប្រាសាទដែលកសាងពីថ្មភក់ ឬឥដ្ឋ គឺត្រូវប្រទេសជាមិត្តមួយចំនួន ដូចជាប្រទេសមីយ៉ាន់ម៉ា និងប្រទេសឥណ្ឌូណេស៊ី បានសុំចែក រំលែកបទពិសោធន៍ផងដែរ។ ចំណុចខាងលើទាំងនេះ អាចបញ្ជាក់ឲ្យឃើញថា អាជ្ញាធរជាតិអប្សរា មានធនធានមនុស្សដែលមានសមត្ថភាពពេញលេញ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយគិតទុកជាមុននូវបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពការងារនានារបស់ខ្លួន៕