កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមពាក្យស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល
ដើម្បីប្រជាជន និងភពផែនដី បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ
ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។
សម្តេចប៉ូប ហ្រ្វានស៊ីស
នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាព្រះករុណាស៊ុលតង់
សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ
ទាំង១៩៣ប្រទេស រួមទាំងអង្គការអន្តរជាតិធំៗរបស់ពិភពលោក បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំ
របស់អង្គការសហប្រជាជាតិ ពិសេសការអនុម័តរបៀបវារៈស្តីពីការអភិវឌ្ឍក្រោយឆ្នាំ២០១៥
របស់អង្គការសហប្រជាជាតិ។
មានព្រះរាជបន្ទូលទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់
មានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឬទ័យរីករាយដោយបានយាងមកប្រារព្ធព្រះរាជពិធី
បើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥
ដែលមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ប្រជាជាតិទាំងអស់ ដែលរស់នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជបន្ទូលរបស់សម្តេចប៉ូប
ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដោយបានធ្វើការគូសបញ្ជាក់ថា របៀបវារៈអភិវឌ្ឍន៍
ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នឹងធ្វើការអនុម័តនៅពេលខាងមុខ
គឺដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការសហប្រជាជាតិ
បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀបវារៈអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥នេះ
មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព មាន១៧គោលដៅ និង១៦៩ចំណុចដៅ។ គោលដៅនិងចំណុចដៅទាំងនោះ
និងបំផុសឲ្យមាននូវសកម្មភាពជាក់ស្តែងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត គិតចាប់តាំងពីឆ្នាំ២០១៥
រហូតដល់ឆ្នាំ
២០៣០។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
មានប្រសាសន៍បញ្ជាក់បន្ថែមថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ត្រូវបានចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍ
តាមរយៈការលើកកម្ពស់សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី
ហើយនឹងបន្តគោរពសិទ្ធមនុស្សរបស់ប្រជាជនគ្រប់រូប និងសមភាពយេនឌ័រ។ ឯកឧត្តមអគ្គលេខាធិការ
អង្គការសហប្រជាជាតិ មានប្រសាសន៍នូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអស់
នឹងធ្វើការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់អង្គការសហប្រជាជាតិ
ដើម្បីសម្រេចឲ្យបានជោគជ័យនូវកិច្ច ការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១បំបាត់ភាពក្រីក្រទាំងស្រុង
២ប្រយុទ្ធប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ជួសជុលការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ដែរថា
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥
បណ្តាមេដឹកនាំពិភពលោក បានធ្វើបទអន្តរគមន៍ទៅតាមលំដាប់លេខរៀងនៃប្រទេសនានា របស់ពិភពលោក
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចប្រជុំ
កំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមប្រធានបទ
ការ ផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ផងដែរ។